វិភាគ៖ តើអនាគតរបស់អ្នកចេញមុខប្តឹងលោក កឹម សុខា នឹងក្លាយជាអ្វី?

នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះមនុស្សមួយចំនួនយល់ថាបើចង់ឆាប់មានទ្រព្យសម្បត្តិឬឡើងឋានៈបានលឿននោះគឺត្រូវការចេះអេបអបចេះបញ្ចើចបញ្ចើឬ​លើក​សរសើរទៅលើអ្នកមានអំណាចបើទោះជា​បុគ្គល​នោះដឹងថាទង្វើមួយចំនួនមិនគប្បីធ្វើក៏ដោយ។

ជាក់ស្តែងបុគ្គលខ្លះដែលចេញមុខការពារគណបក្សប្រជាជនកម្ពុជាជាពិសេសការពារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនយូរមិនឆាប់ច្រើនតែបានឡើងដំណែងលឿន។

អតីតមនុស្សស្និទិនឹងលោក កឹម សុខា ដែលបានចេញមុខប្តឹងប្រធានរបស់ខ្លួននោះគឺលោក ឈឹម ផលវរុណ ពេលនេះបានដំណែងជាទីប្រឹក្សារដ្ឋាភិបាល។ ជាងនេះទៀតកាលពីចុងឆ្នាំ២០១៥ បុរសម្នាក់ដែលនាំមុខគេក្នុងការដឹកនាំបាតុកម្មទម្លាក់ លោក កឹម សុខា ពី​អនុ​ប្រធាន​​រដ្ឋសភា ក្រោយមកក៏មានព័ត៌មានផ្សាយថាបុរសរូបនោះត្រូវតែងតាំងជាជំនួយការនាយករដ្ឋមន្រ្តីដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​រង។

ចុះចំណែកយុវជនដែលអះអាងថាជានិស្សិតហើយខំដើរតវ៉ានៅស្ទើរគ្រប់​វេទិកាឲ្យលោក កឹម សុខា ចេញ​បកស្រាយខ្សែអាត់សំឡេងនោះ តើពួកគេនឹងក្លាយជាអ្វី?

បើទោះជាក្រុមនេះអះអាងថាសកម្មភាពរបស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនបានមើលឃើញថាក្រុមនេះត្រូវបានរៀបចំដោយគណបក្សកាន់អំណាច។ នេះបើយោងតាម​​​មតិរាប់រយនាក់នៅតាមបណ្តាញសង្គមហ្វេសប៊ុក។​

តំណាងក្រុមនេះឈ្មោះ ស្រី ចំរើន ពេលចេញតវ៉ាគឺមានរថយន្តទំនើបៗនិងអ្នក​បើកបរ​ជូនទៅជូនមកហាក់ដូចជាតំណាងរាស្ត្រ។

មួយវិញទៀតនៅពេលក្រុមនេះដាក់ញត្តិទៅរដ្ឋសភាឲ្យកោះហៅលោក កឹម សុខា បំភ្លឺរឿងបុគ្គលឯកជននោះ ហើយរដ្ឋសភានៅមិនទាន់បានឆ្លើយតបភ្លាមៗ ស្រាប់តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានថាបើ​រដ្ឋាភិបាល​លូកដៃចូលរឿងនេះនឹង កាន់តែធ្ងន់” ហើយ។ លោក ហ៊ុន សែន ថែមទាំងអះអាងថាលោក​មាន​ភស្តុតាងថាមេដឹកនាំបក្សប្រឆាំងដែលលោកមិនបញ្ចេញឈ្មោះនោះនាំស្រីទៅសណ្ឋាគារ​​មួយ​​នៅបាងកក។​

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថាក្រុមយុវជនដែលខំដើរតវ៉ាប្រឆាំង​នឹង​លោក កឹម សុខា នោះនឹងត្រូវបានតំណែងបុណ្យស័ក្តក្នុងជួររដ្ឋាភិបាលបើផ្អែកតាមការមើលឃើញ​កន្លង​មក​។

លោកមានប្រសាសន៍ថា៖ “បើយើងមើលក្នុងស្ថានភាពនិស្សិតនេះដូចជាអ្វីៗសុទ្ធតែរៀបចំទាំងអស់។ ​ខ្ញុំគិតថានិស្សិតនេះ[អ្នកចេញមុខប្តឹងលោក កឹម សុខា]នឹងត្រូវគេបង្កើនតំណែងឲ្យ

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា ក៏យល់ថាក្រុមយុវជនដែលគេប្រើឲ្យប្តឹងលោក កឹម សុខា នេះនឹងអាចបានលាភសក្ការៈនិង​មុខតំណែងក្នុងរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដូចអ្វីដែល​បានឃើញកន្លងមកនោះដែរ។ ប៉ុន្តែលោកវិភាគថា បើអ្នកដឹកនាំយកមនុស្សប្រភេទនេះទៅធ្វើជាអ្នក​ផ្តល់​យោបល់​ឲ្យខ្លួននោះគឺមិនអាចជួយឲ្យសង្គមរីកចម្រើនបានទេ។ លោកពន្យល់ថា៖ ពាក្យថាទីប្រឹក្សាជំនួយការជាមនុស្សមានគំនិតយោបល់ធ្វើ្វអ្វីដែលល្អដែល​មាន​ប្រយោជន៍សម្រាប់ស្ថាប័ននិងសង្គមទាំងមូល។ ប៉ុន្តែបើរដ្ឋាភិបាលយកយុវជនដែលបំភ្លៃការពិតទៅធ្វើទីប្រឹក្សាឬជំនួយការ ខ្ញុំគិតថាមិនមានអីរីកចម្រើនទេ។ ផ្ទុយទៅវិញធ្វើឲ្យសង្គមកាន់តែមានលក្ខណៈហែកហួរគ្នាបន្តទៀត…

ទោះជាយ៉ាងណាបុគ្គលខ្លះទៀតបន្ទាប់ពីបានឡើង​ដំណែង​លឿន​​ក៏ត្រូវធ្លាក់ពីដំណែងលឿនវិញដែរ។

ក្រោយពីមានឃាតកម្មសម្លាប់ ជា វិជ្ជា ហេង ពៅ អតីតស្នងការនគរបាលក្រុង​ភ្នំពេញបានឡើងតំណែងជាបន្តបន្ទាប់ដល់​ផ្កាយពីរនិងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តីកាលណោះ។ ប៉ុន្តែពេលនេះ ហេង ពៅ កំពុងជាប់ក្នុង​ពន្ធនាគារ​ដោយសារតែជាប់បណ្តឹងព្រហ្មទណ្ឌពីបទឧក្រិដ្ឋជាច្រើននៅពេលលោកមាន​អំណាច​​​ជាស្នងការក្រុង។

លោកបណ្ឌិត មាស នី កត់សំគាល់ថានៅក្នុងប្រទេសដែលកាន់របបកុម្មុយនីស្តគឺមនុស្សដែលគេប្រើ​ជាឧបករណ៏នយោបាយហើយ​​បានដឹងរឿងច្រើនរបស់គេទីបំផុតនឹងត្រូវបាត់ខ្លួន។

លោកថ្លែងថា៖ ”រឿងនេះវាកើតឡើងក្នុងប្រទេសមួយចំនួនដែលប្រើអំណាចផ្តាច់ការគឺក្រុម​ហ្នឹង​ស្ថិត​ក្រោម​ការចាត់ចែងរបស់ក្រុម​ចារកម្ម។ ចឹងក្រុមចារកម្មហ្នឹងកាលណាគេប្រើ​ឲ្យធ្វើ​ការអី​ដឹងរឿងគេច្រើនពេក​គេត្រូវបំបាត់ដើម្បីកុំរឿងនេះវែងឆ្ងាយ។នេះសម្រាប់ប្រទេសគេទេខ្ញុំមិនហ៊ាននិយាយនៅក្នុងប្រទេសយើង…

អ្នកលេងហ្វេសប៊ុកម្នាក់ដែលគេស្គាល់ថា​ធ្លាប់គាំទ្រគណបក្សប្រជាជនកម្ពុជានិងជានិស្សិតរៀននៅស្រុកចិនបានលើកទ្បើងថា៖ “ជាទូទៅបក្សប្រជាជនចូលចិត្តប្រើយុទ្ធសាស្ត្រធ្វើអោយគូប្រកួតខ្សោយដើម្បីយកឈ្នះជាជាងពង្រឹងខ្លួនឯងអោយខ្លាំង ដើម្បីយកឈ្នះ។ តាមពិតប្រជាជនមិនស្រលាញ់មេបក្សប្រឆាំងប៉ុន្មានទេ តែប្រជាជនស្អប់ទង្វើមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលបន្តពុករលួយ បក្សពួកនិយម គាបសង្កត់រាស្ត្រ បញ្ហាដីធ្លី បញ្ហាព្រៃឈើ អន្តោប្រវេសន៍។ល។ ការធ្វើអោយគួរប្រកួតខ្សោយដើម្បីយកឈ្នះមិនចំណេញដល់ជាតិនិងប្រជាជនទេ“។

ចំណែកលោក សូ  ចន្ថា វិញមានប្រសាសន៍ថាការរៀបចំយុវជនឲ្យចេញមុខប្តឹងលោក កឹម សុខា នេះជាល្បិចនយោបាយរបស់បក្សកាន់អំណាចដែលបរាជ័យក្នុងការបញ្ចុះបញ្ចូលឲ្យលោក កឹម សុខា ធ្វើជាប្រធាន​គណបក្សសង្រ្គោះជាតិ ហើយឲ្យលោក កឹម សុខា ដាក់មនុស្សជំនិតទៅធ្វើជាអនុប្រធានទី១​នៃរដ្ឋសភាវិញទៀតនោះ។

លោកវិភាគថា៖ ”សេណារីយូអីថ្មីដូចជាដាក់អនុប្រធានទី១រដ្ឋសភាសាជាថ្មីអាចជំរុញឲ្យលោក កឹម សុខា ទៅជាប្រធានបក្សសង្រ្គោះជាតិ ក្នុងគោលដៅ​មេដឹកនាំបក្សសង្រ្គោះជាតិជាដើម

មកដល់ពេលនេះទាំងស្ថាប័នរដ្ឋសភានិងអង្គភាពប្រឆាំងអំពើពុករលួយបានប្រកាស​ចាត់ការតាម​បណ្តឹងរបស់​យុវជនដែលប្តឹងលោក កឹម សុខា ខណៈមជ្ឈដ្ឋានជាច្រើនរិះគន់ថាស្ថាប័នជាតិ​មិនគួរយកចិត្តទុកដាក់​​រឿង​បុគ្គលជាងរឿងជាតិ។ អ្នកតាម ដានសង្គមនៅចាំមើលថា តើឆាកល្ខោននេះនឹងត្រូវបិទរោងនៅពេលណា?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ