ACUបង្ហាញរូបភាពហាត់កីឡាលើហ្វេសប៊ុក ក្រោយបញ្ជូនមន្រ្តីការពារសិទ្ធិមនុស្សទៅតុលាការ

(រាប់ពីធ្វេង ទីបី) ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង(រូបថតពីហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ)

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅល្ងាចថ្ងៃសៅរ៍នេះ បានបង្ហាញរូបភាពចំនួន៨សន្លឹកដែលថ្នាក់ដឹកនាំអង្គភាពបានលេងកីឡាវាយសី ក្រោយពេលបញ្ចប់ការងារបញ្ជូនមន្រ្តីអាដហុក៤នាក់និងមន្រ្តីគ.ជ.បម្នាក់ទៅតុលាការ។

អង្គភាពបានប្រើហ្វេសប៊ុកផ្លូវការរបស់ខ្លួនបង្ហោះសារមួយនៅម៉ោងជិត៦ល្ងាចថា៖ “បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការម៉ោង៥។ ចប់បេសកកម្ម ‪#‎សំបកក្រូចក្រាស់ប៉ះក្រចកស្រួច យើងវិលមករកសកម្មភាពកីឡាវិញ”។ ក្នុងរូបភាពនោះ ក៏មានប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ផងដែរ។ សារនេះត្រូវបានរិះគន់ដោយអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយអ្នកខ្លះបានលើកឡើងពីភាពសោកសៅរបស់ក្រុមគ្រួសារមន្រ្តីការពារសិទ្ធិមនុស្ស។

នេះជាលើកដំបូងដែលអង្គភាពបានបង្ហាញសកម្មភាពកីឡារបស់ថ្នាក់ដឹកនាំនៅលើហ្វេសប៊ុកផ្លូវការរបស់ស្ថាប័ន។ ចាប់តាំងពីថ្ងៃពុធ អង្គភាពប្រឆាំងអំពើពុករលួយបានចំណាយពលដល់យប់ជ្រៅក្នុងការសាកសួរមន្រ្តីអាដហុក។

នៅម៉ោងប្រមាណ៥ល្ងាចនេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្ត្រី សមាគមអាដហុកនិងអគ្គលេខាធិការរងគ. ជ. ប ទៅសាលាដំបូងរយៈពេលខ្លីដើម្បីបំពេញនីតិវិធីមួយចំនួន រួចក៏ដឹកអ្នកទាំងនោះទៅអង្គភាពវិញ។ ពេលដឹកទៅនិងដឹកមក អ្នកទាំង៥នាក់នោះបានលើកដៃឲ្យអ្នកឈរគាំទ្រ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយរាប់រយនាក់បានឃើញគឺដៃមានដាក់ខ្នោះ។ ពេលដែលរថយន្តដឹកចេញពីអង្គភាព អ្នកគាំទ្រប្រុសស្រីស្រែកថាអយុត្តិធម៌។ចំណែកអ្នកខ្លះទៀតភាគច្រើនជាស្ត្រីនាំគ្នាស្រែកទ្រហោយំ។

មន្រ្តីអាដហុក៤រូបនោះ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានអង្គការសីលការ លោកស្រី ធីតា ឃឹះ ត្រូវបានអង្គភាពសាកសួរ តែអង្គភាពមិនសម្រេចឃាត់ខ្លួនលោកស្រីនោះទេ។ ចំណែកកាលពីថ្ងៃពុធ អតីតមេធាវីកញ្ញាស្រីមុំ លោកស្រី ទ្រី ឈូន ត្រូវបានសាកសួរដែរ តែអង្គភាពមិនបានឃាត់ខ្លួននោះទេ។

សង្គមស៊ីវិលបានចេញសេចក្តីថ្លែងការន៍មួយ ដោយលើកឡើងថាអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តតួនាទីដោយបំពាននិងគំរាមកំហែងដល់សង្គមស៊ីវិល។

13101524_1204612809549235_793875639_nប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថាអង្គភាពបានសម្រេចឃាត់ខ្លួនមន្រ្តីអាដហុកនិងលោក នី ចរិយា ដោយសារចម្លើយរបស់អ្នកទាំង៥ស៊ីចង្វាក់ជាមួយភស្តុតាងដែលអង្គភាពមាននិងចម្លើយសារភាពរបស់អ្នកផ្សេងទៀត។ លោកបន្ថែមថា៖ ”ច្បាប់គេបាននិយាយថា យើងខ្ញុំមានពេល៤៨ម៉ោងរាប់ពីម្សិលមិញម៉ោង៨ ខ្លះ៨កន្លះ ខ្លះម៉ោង៩ ខ្លះម៉ោង១០ ប៉ុន្តែយើងគិតថាម៉ោង៨យប់ ខ្ញុំគិតថាផុតដំណាក់កាលយើងខ្ញុំ គឺតុលាការរាជធានី”។

រហូតមដល់ពេលនេះ មិនទាន់ដឹងថាតើអង្គភាពចោទប្រកាន់មន្រ្តីទាំង៥រូបនោះពីបទអ្វីនោះទេ។ គួរបញ្ជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសង្គមស៊ីវិលសាកសួរ បន្ទាប់ពីកញ្ញាស្រីមុំបានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនរួមមានមន្រ្តីអាដហុកទបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។ ប៉ុន្តែលោក ធន សារាយ ប្រធានសមាគមអាដហុកបានច្រានចោលដោយលោកអះអាងថាសមាគមអាដហុកមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមអាដហុកមិនបានបង្ខិតបង្ខំឲ្យកញ្ញាស្រីមុំនិយាយកុហកតុលាការទេ។ លោកក៏បានបញ្ជាក់ថាសមាគមបានផ្តល់លុយអស់២០៤ដុល្លារសម្រាប់ស្រីមុំក្នុងការធ្វើដំណើរកាលពីកន្លងទៅ តែលោកថាករណីនេះមិនពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ