ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​កូរ៉េខាងត្បូង​ត្រូវបាន​ឃាត់ខ្លួន

អតីតឯក​អគ្គ​រាជទូត​កម្ពុជា ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា។(​ហ្វេសប៊ុក លោក​ ស៊ុត ឌីណា)

ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា​អង្គភាព​ នៅព្រឹកថ្ងៃ​ចន្ទនេះ ​បាន​ឃាត់​ខ្លួន​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ លោក ស៊ុត ឌីណា មក​សាកសួរ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ។

ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន​ទៀង ប្រាប់វីអូឌី​នៅព្រឹកថ្ងៃចន្ទនេះ​ថា​លោក ស៊ុត ឌីណា ត្រូវបាននាំពីក្រសួងការបរទេសកម្ពុជា ទៅ​​សាកសួរ នៅ​ម៉ោង​ប្រមាណ​៨ព្រឹកនេះ​​ ក្រោយពី​លោក​ត្រឡប់​​មក​ពីប្រទេ​សកូរ៉េខាងត្បូងមក​ដល់កម្ពុជា​កាល​ពីយប់ថ្ងៃអាទិត្យ។​ លោក​បញ្ជាក់​ថា​ លោក​ ស៊ុត ឌីណា ត្រូវឃាត់ខ្លួនមកសាកសួរពាក់​​ព័ន្ធ​នឹង​អំពើ​ពុករលួយ តាម​បណ្តឹង​មួយចំនួន។​ ទោះ​ជា​យ៉ាងណា លោកបដិសេធមិន​អត្ថាធិប្បាយលម្អិតលើការចោទប្រកាន់​​អំពើពុករលួយនេះ។​​

លោកមានប្រសាសន៍ថា៖ ​”យើងបាននាំខ្លួន​ឯ​កឧត្តម​ស៊ុត ឌីណា មក​អង្គភាព ដើម្បីយើង​ស្តាប់ចម្លើយ​ ហើយ​ខាងមុខ​តិច​ទៀតបានយើង​អាចដឹង​ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​មូលបទ​បញ្ហាពុករលួយ អត់មានរឿងអីផ្សេង​ទេបាទ”។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សន្ទរី ប្រាប់វីអូឌីថា៖ “ខ្ញុំុមិនមានព័ត៌មាន​សម្រាប់ផ្តល់ជូន”។​

លោក ស៊ុត ឌីណា(រាប់ពីស្តាំ ទីពីរ) ថត​រូប​ជាមួយ​កូនប្រុស​របស់នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី​២ខែមីនា
លោក ស៊ុត ឌីណា(រាប់ពីស្តាំ ទីពីរ) ថត​រូប​ជាមួយ​កូនប្រុស​របស់នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី​២ខែមេសា(រូបថតពីហ្វេសប៊ុក​)

ការចាប់ខ្លួន​លោក ស៊ុត ឌីណា ធ្វើឡើ​ងស្រប​ពេល​ដែល​កូន​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​កំពុង​សួរ​សុខទុក្ខប្រជា​ពលរដ្ឋ​ខ្មែរ​នៅប្រទេសកូរ៉េខាងត្បូង។ លោក ស៊ុត ឌីណា បាន​រៀបចំពិធីជួបជុំ​រវាង​លោក ហ៊ុន ម៉ាណែត និង​ពលរដ្ឋខ្មែរ​នៅទីនោះ កាលពីថ្ងៃទី​២ ខែមីនា។​

​កាលពីថ្ងៃទី​១៤ខែមីនា លោក ស៊ុត ឌីណា​ បានផ្ញើ​សារមួយតាមរយៈ​ហ្វេសប៊ុក​របស់​​នាយករដ្ឋមន្រ្តីមេត្តា​ពិនិត្យ​និងផ្តល់យុត្តិធម៌ដល់រូបលោក ដោយ​លោកថា​លោក​​កំពុង​ត្រូវបាន​គេ​មូលបង្កាច់​និង​មានចេតនា​ទម្លាក់​​លោក​ចេញពីតំណែង​។​ ​លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”

លោក ស៊ុត ឌីណា បានបញ្ជាក់ក្នុងសារទៅនាយករដ្ឋមន្រ្តី​ថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើ​ពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្រ្តនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”

លោក ស៊ុត ឌីណា ក៏​បាន​សុំទោស​នាយករដ្ឋមន្រ្តី ដែល​លោក​បាន​ស្នើសុំ​នៅ​​លើ​ហ្វេសប៊ុកបែបនេះ​។

លោក ស៊ុត ឌីណា ធ្លាប់​​ប្រាប់វីអូឌី​(VOD)​លោក​ចង់​ផ្ញើសារនេះទៅកាន់​មន្រ្តីពាក់​ព័ន្ធ​មួយ​ចំនួន​ដែល​លោក​ថា​ចង់​ឲ្យ​ចេះធ្វើការជាមួយបញ្ញវន្តនិង​តាមបរិបទនៃ​កំណែ​ទម្រង់ស៊ីជម្រៅ​​​។​ លោក​មានប្រសាសន៍ថា​៖ “ខ្ញុំសរសេរ​ហ្នឹង​ក្នុងន័យ​ចង់​ឲ្យ​មន្រ្តី​ដែល​មក​បុក​រុក​ហ្នឹង ដឹងឭ។ ចង់​ឲ្យ​មន្រ្តីមួយចំនួន​ពាក់​ព័ន្ធហ្នឹង​ចេះ​ធ្វើ​ការ​ជាមួយ​បញ្ញវ័ន្ត​ ក្នុងបរិបទកំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​លុបបំបាត់អំពើ​ពុក​រលួយ​ មន្រ្តី​អសកម្ម កុំឲ្យគាត់នាំ​គ្នា​បង្ក​បរិយាកាស​ធ្វើ​ឲ្យ​ពិបាក​”។ លោក​បដិសេធ​មិន​អត្ថាធិប្បាយលម្អិត​លើ​បញ្ហា​ដែល​​លោក​ជួបប្រទះ។​

លោក ស៊ុត ឌីណា ​បន្ត​ថា​មូលហេតុ​ដែល​​លោក​សរសេរ​ជាសាធារណៈ​បែប​នេះ ដោយ​ថា​ចង់ឲ្យ​មានតម្លាភាពនិង​ឲ្យ​សាធារណជ​នបានដឹងពីបញ្ហានេះ​។ លោក​បញ្ជាក់​ថា​​លោក​មិន​បារម្ភពីការបាត់បង់តំណែង​ ដោយ​សារ​ការសរសេរ​សារបែបនេះ​នោះទេ។​

គួរបញ្ជាក់​ថា​លោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ