លិខិតមិត្តអ្នកអាន៖ គ្រោះរាំងស្ងួតមានបញ្ហាពេញមួយឆ្នាំ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺជាពេលវេលាផ្លាស់ប្តូររដូវកាល ជាពេលដែលប្រជាជនរីករាយជាមួយការប្រមូលផលពីឆ្នាំកន្លងទៅនិងមុនរដូវភ្លៀងធ្លាក់ចាប់ផ្តើមជាថ្មីទៀត។ ដោយឡែកឆ្នាំនេះ វាហាក់ដូចជាមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការធ្វើស្រែនោះទេ ហើយពួកយើងគួរតែត្រៀមខ្លួនឲ្យបានល្អពីឥឡូវនេះទៅ ជាជាងរង់ចាំដល់ផលវិបាកកើតឡើង។

យើងប្រហែលជាមានអារម្មណ៍ថាក្តៅខ្លាំង ប្រសិនបើអ្នកមិនមែននៅក្នុងការិយាល័យដែលមានម៉ាស៊ីនត្រជាក់ឬនៅតាមហាងកាហ្វេនានានៅក្នុងទីក្រុងទេនោះ ហើយវារឹតតែប្រាកដថាប្រជានជនក្រីក្រក៏មានអារម្មណ៍បែបនេះដូចគ្នា។

រាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល ជំរុញឲ្យប្រជាជនសន្សំសំចៃទឹកនិងត្រៀមសម្រាប់កង្វះខាតស្បៀងដែលអាចនឹងកើតមានឡើងនៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត។ ជាធម្មតា នៅកម្ពុជា ការឆ្លើយតបនិងសង្គ្រោះបន្ទាន់ទៅនឹងគ្រោះរាំងស្ងួត ធ្វើនៅពេលដែលមានភ្លៀងធ្លាក់តិចតួចខុសពីធម្មតាក្នុងរយៈពេលបីសប្តាហ៍ នៅក្នុងរដូវវស្សា។ និយាយដោយតឹងរឹងជាងនេះគឺមិនអាចយកមកអនុវត្តសម្រាប់ពេលឥឡូវនេះបានទេ ប៉ុន្តែមិនមែនមានន័យថាគ្មានគ្រោះរាំងស្ងួតនោះទេ។

លើសពីនេះទៅទៀត ផលប៉ះពាល់មានទំហំធំលើសពីឆ្នាំរាំងស្ងួតមុនៗ ត្រង់ថារដូវប្រាំងមានរយៈពេលវែងជាងមុន។  តាមពិតយើងគឺស្ថិតនៅក្នុងរយៈពេលវែងនៃការកើនឡើងនៃអាកាសធាតុធ្ងន់ធ្ងរ តែយើងទើបតែចាប់ផ្តើមយល់ពីវា។ វាមិនគួរមានការសង្ស័យអំពីភាពកាន់តែធ្ងន់ធ្ងរឡើងនោះទេ គឺដោយសារតែបម្រែបម្រួលអាកាសធាតុនិងបាតុភូតធម្មជាតិដូចជាEl Niño។

ឆ្នាំមុនត្រូវបានគេកត់ត្រាថាសីតុណ្ហភាពនៃផ្ទៃទឹកសមុទ្រមានការកើនឡើង ហើយកើនលើសពីអ្វីដែលគេធ្លាប់បានឃើញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អាកាសធាតុEl Niñoដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង១៩៨៥ទៅទៀត។ បើទោះបីជាការព្យាករណ៍បច្ចុប្បន្នថាEl Niñoមានការចុះខ្សោយសម្រាប់ឆ្នាំនេះ ប៉ុន្តែវានៅតែបង្ហាញឲ្យឃើញថាចាប់ពីខែមីនា រហូតដល់ខែសីហា នឹងមានការកើនឡើងកម្តៅជាងឆ្នាំធម្មតាពី១ទៅ៣អង្សាសេ។

ខែមីនា ឆ្នាំ២០១៦នេះ ត្រូវបានរាយការណ៍ថាកង្វះខាតទឹក កើតឡើងនៅទូទាំងខេត្តកោះកុងនិងឧត្តរមានជ័យ ព្រមទាំងខេត្តមួយចំនួនទៀតដែលមានករណីប្រឈមដូចៗគ្នា។

ការប៉ាន់ប្រមាណមួយរបស់ក្រុមអង្គការSave the Children, Care,និងPeople in Need នៅខេត្តកោះកុងបានបង្ហាញថាការប្រើប្រាស់ទឹកជាប្រចាំថ្ងៃក្នុងខែមីនានេះ គឺមានកម្រិតតិចតួចជាងឆ្នាំធម្មតា។ គ្មានទឹកដែលនៅសេសសល់តាមរយៈប្រព័ន្ធស្តុកទុកទឹកភ្លៀងឡើយ(ដែលជាប្រភពទឹកដ៏ចម្បងរបស់សហគមន៍សម្រាប់ខែមីនា)។

នៅមិនទាន់អស់ទេ ព្រោះដំណាំសំខាន់ៗបំផុតត្រូវបានដំាដុះក្នុងរយៈពេលមួយឆ្នាំពេញ រដូវវស្សាដ៏យាប់យឺនដូចឆ្នាំមុននេះ អាចបណ្តាលឲ្យមានផលប៉ះពាល់ថែមទៀត។ យើងបានកំពុងតែមើលឃើញរួចហើយថានឹងមានការថយចុះ៥%នៃផលិតផលស្រូវបើប្រៀបធៀបជាមួយពេលវេលាដូចគ្នាក្នុងឆ្នាំ២០១៥។

នោះគឺហាក់ដូចជាមិនទាន់ច្រើននោះទេ ប៉ុន្តែផលប៉ះពាល់នេះមិនត្រូវបានកើតឡើងចំពោះកសិករដូចៗគ្នានោះដែរ។ កសិករខ្លះជួបប្រទះធ្ងន់ធ្ងរជាងកសិករផ្សេងទៀត ឯគ្រួសារដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ឱនភាពនេះអាចមានន័យដល់ភាពខុសគ្នាខ្លាំងនៃស្ថិរភាពនិងវិបត្តិ។

វាក៏មិនត្រឹមតែជាស្រូវអង្ករនោះដែរ។ នៅក្នុងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ កម្រិតទឹកគឺទាបខ្លាំងជាងឆ្នាំមុន ដែលប៉ះពាល់ដល់ការបង្កាត់ពូជរបស់ត្រី ប្រភពប្រូតេអ៊ីនសំខាន់បំផុតនៅក្នុងប្រទេស។ វាបណ្តាលឲ្យផលិតផលត្រីមានការថយចុះរហូតដល់១៧.១%។

វាក៏មានការពាក់ព័ន្ធជាមួយសេដ្ឋកិច្ចផងដែរ។ នៅពេលដែលការផ្គត់ផ្គង់ធ្លាក់ចុះ តម្លៃនឹងកើនឡើងមានន័យថាគ្រួសារដែលមានជីវភាពខ្សត់ខ្សោយបំផុតអាចនឹងទទួលរងនូវវិបត្តិនេះ។ ប្រសិនបើគេអាចផ្គត់ផ្គង់សម្រាប់ការបរិភោគ នោះពួកគេប្រហែលជាត្រូវតែលក់ដូររបស់របរផ្សេងៗ យកប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ឬក៏ធ្វើចំណាកស្រុកជាដើមដែលបង្កការរំខានដល់សហគមន៍និងធ្វើឲ្យជនងាយរងគ្រោះស្ថិតនៅក្នុងហានិភ័យ។

ការរៀបចំនិងត្រៀមខ្លួនជាស្រេច មុនពេលផលវិបាកកើតឡើងគឺពិតជាប្រសើរ។ រាជរដ្ឋាភិបាល ព្រមទាំងដៃគូត្រូវតែត្រួតពិនិត្យស្ថានភាពដោយប្រុងប្រយ័ត្ននិងធានាថាស្បៀងអាហារសង្គ្រោះបន្ទាន់និងស្តុកទឹកគឺត្រៀមរួចរាល់និងអាចរកបាន។ យើងត្រូវតែធ្វើការរួមគ្នាក្នុងការអប់រំប្រជាកសិករអំពីវិធីក្នុងការដោះស្រាយជាមួយការបម្រែបម្រួលអាកាសធាតុនិងប្រើប្រាស់ទឹកដែលពួកគេមានដោយសន្សំសំចៃ។

ជាមួយគ្នានេះដែរ ការសិក្សាអំពីទឹកក្រោមដីនិងប្រព័ន្ធធារាសាស្ដ្ររបស់សាកលវិទ្យាល័យស្តែនហ្វដ នាពេលថ្មីៗនេះ បានបង្ហាញថាធនធានទឹកក្រោមដីរបស់កម្ពុជាគឺស្ថិតនៅក្នុងហានិភ័យដោយសារតែកាបូមហួសប្រមាណ។ ការស្រាវជ្រាវរបស់សកលវិទ្យាល័យស្តែនហ្វដបានរកឃើញថាអណ្តូងរាក់ៗនៅក្នុងប្រទេសកម្ពុជានឹងត្រូវរីងស្ងួត នៅក្នុងរដូវប្រាំងក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត ហើយនៅបន្តស្ងួតពេញមួយឆ្នាំ នៅតំបន់ធំៗជាច្រើន ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

នៅក្នុងប្រមាណ១៥ទៅ២០ឆ្នាំ កម្រិតទឹកក្រោមដីរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះទៅដល់ចំណុចដែលមាស៊ីនបឺតក៏មិនអាចស្រូបទាញយកទឹកក្រោមដីមកផ្ទៃខាងក្រៅបាន។ សូម្បីតែទឹកក្រោមដីចុះទន់ខ្សោយ ដូចគ្នាទៅនឹងអណ្តូងនិងប្រភពទឹកនានាដែលកសិករក្រីក្រពឹងផ្អែកអាស្រ័យ។ វាគួរតែមានការប្រែប្រួលក្នុងការអនុវត្តនិងបច្ចុប្បន្នភាពនៃប្រសិទ្ធភាពបច្ចេកវិទ្យា ដើម្បីយកឈ្នះលើឧបសគ្គទាំងអស់នេះ។

ទាំងអស់នេះសឲ្យឃើញថាយើងត្រូវតែបន្តធ្វើការ ការពារប្រភពទឹករយៈពេលវែង ក្នុងគោលបំណងកាត់បន្ថយផលវិបាកបណ្តាលមកពីបម្រែបម្រួលអាកាសធាតុចំពោះប្រជាជនដែលស្ថិតនៅក្នុងហានិភ័យ។ ខុសគ្នាពីដីដែលជាអ្វីដែលប្រជាជនត្រូវការដូចគ្នាប៉ុន្តែ វានឹងមិនរីងស្ងួតឡើយ។

លោក Peter-Bo Larsen គឺជានាយកប្រចាំប្រទេសនៃអង្គការ DanChurchAid/Christian Aid។ លោក Piotr Sasin គឺជានាយកប្រចាំប្រទេសរបស់អង្គការ People in Need (PIN) ។ 

អត្ថបទដោយលោក Peter-Bo Larsen និងលោក Piotr Sasin

សម្រាប់សំណួរផេ្សងៗ សូមសរសេរមកយើងតាមរយៈ អាស័យដ្ឋានអ៊ីម៉េល៖ [email protected]  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ