លិខិតមិត្តអ្នកអាន៖ការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកធ្វើឲ្យពិភពលោកកាន់តែមានសន្តិសុខនិងស្ថិរភាព

ការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រសប្តាហ៍មុននេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនិងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអនុវត្តដំណោះស្រាយដំបូងគេបង្អស់ចំពោះបញ្ហាបំរែបំរួលអាកាសធាតុនៅលើពិភពលោក។

មានបណ្ដាប្រទេសជាច្រើនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែលជាចំណុចឆ្លុះបញ្ចាំងថា៖ ពិភពលោកទាំងមូលប្តេជ្ញាធ្វើយ៉ាងណាឲ្យការសន្យាទាំងឡាយដែលបានធ្វើឡើងនៅទីក្រុងប៉ារីស ក្លាយទៅជាសកម្មភាពដ៏ជាក់ស្តែងនិងដ៏រឹងមាំមួយ។ ស្មារតីសន្និសីទទីក្រុងប៉ារីសនៅតែបន្តនិងកាន់តែល្អប្រសើរ ពោលគឺនឹងធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ យើងបានស្ដាប់ការព្យាករណ៍មិនច្បាស់លាស់ជាច្រើន ដែលលើកឡើងថាកិច្ចព្រមព្រៀងសកលមួយនេះនឹងមិនអាចសម្រេចបានឡើយ។ ជាការពិតណាស់ មានមូលហេតុសំខាន់ៗជាច្រើនដែលជំរុញឲ្យមានការសង្ស័យបែបនេះ ប៉ុន្តែភក្ដីភាពផ្នែកការទូតនិងកិច្ចសហប្របត្តិការពហុភាគីរបស់យើងពិតបានលុបបំបាត់ក្តីបារម្ភទាំងនេះ ហើយយើងត្រូវតែប្រកាសជាឱឡារិកថាសហភាពអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបង្កើតការមូលមតិគ្នាដើម្បីសម្រេចបាននូវដំណោះស្រាយដ៏រឹងមាំរបស់បណ្ដាប្រទេសទាំង១៩៥។

ក្នុងការត្រៀមរៀបចំសន្និសីទស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស សហភាពអឺរ៉ុបបានកៀរគរបណ្ដាញប្រតិភូសហភាពអឺរ៉ុបនិងស្ថានទូតបណ្ដារដ្ឋជាសមាជិករបស់ខ្លួននៅទូទាំងសកលលោកចំនួនប្រមាណជា៣០០០ ឲ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា។ តាមរយៈកិច្ចសន្ទនាជាមួយ បណ្ដាប្រទេសជាដៃគូរបស់យើង សាធារណជនទូទៅ សហគមន៍អាជីវកម្មនិងអង្គការសង្គមស៊ីវិល គឺពិតជាបានជួយយើងឲ្យកសាងសម្ព័ន្ធសកលមួយដើម្បីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។ នេះជាសេចក្តីថ្លែងការណ៍ការទូតរបស់អឺរ៉ុបដ៏ពិសេសគឺថា៖យើងរួបរួមគ្នាដើម្បីឧត្តមប្រយោជន៍របស់សហភាពអឺរ៉ុបនិងពិភពលោកទាំងមូល។

អំឡុងពេលសន្និសីទនេះ អឺរ៉ុបមានសំឡេងដ៏រឹងមាំក្នុងការសម្រេចមហិច្ឆតានេះ។ កិច្ចការការទូតស្តីអំពីការប្រែប្រួលអាកាសធាតុរបស់យើង បានបង្កើតបណ្ដាញសម្ព័ន្ធជាមួយក្រុមរដ្ឋអាហ្វ្រិក ការីប៊ីន និងប៉ាស៊ីហ្វិក(ACP)ទាំង៧៩រដ្ឋ។ យើងធ្វើការទាំងជាមួយតួអង្គសំខាន់ៗនិងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍តូចៗជាច្រើន ក្នុងគោលបំណងសម្រេចមហិច្ឆតានេះ ក្នុងកម្រិតខ្ពស់បំផុត។ ពេលនេះ មហិច្ឆតាដ៏ខ្ពស់របស់សម្ព័ន្ធដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ននេះ ដើរតួនាទីយ៉ាងសំខាន់នាំមុខគេនៅក្នុងសន្និសីទទីក្រុងប៉ារីស។

ហើយកិច្ចការរបស់យើងកំពុងតែដំណើរការទៅមុខ។ សន្និសីទទីក្រុងប៉ារីសគឺគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ។ ការអភិវឌ្ឍបន្ថែមពីលើសម្ព័ន្ធភាពដ៏ជោគជ័យដែលយើងបានដំណើរការដើម្បីត្រៀមលក្ខណៈសម្រាប់និងក្នុងអំឡុងពេលសន្និសីទនៅទីក្រុងប៉ារីសនេះ ពិតជាមានសារសំខាន់ណាស់ ពោលគឺយើងនឹងត្រូវការការជួយគ្នាទៅវិញទៅមកដើម្បីតាមដាននិងត្រួតពិនិត្យដំណើរការឆ្ពោះទៅរកការផ្លាស់ប្ដូរថាមពលស្អាតរបស់សកលលោក។ នេះគឺជាវិធីតែមួយគត់ដើម្បីទប់ស្កាត់ការឡើងកម្ដៅផែនដីឲ្យនៅកម្រិតក្រោម ២°Cនិងកំណើនសីតុណ្ហភាពត្រឹម១,៥°Cប៉ុណ្ណោះ។

សីតុណ្ហភាពផែនដីបានកើនឡើងដល់កម្រិតមួយដែលខ្ពស់បំផុត។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបន្តគំរាមកំហែងដល់អាយុជីវិតនិងធ្វើឲ្យតំបន់ទាំងមូលគ្មានស្ថិរភាពទៀតផង អាស្រ័យហតុនេះចាំបាច់ត្រូវមានវិធានការរួមទូទាំងពិភពលោកជាដាច់ខាត។

ដំណើរក្លាយជាវាលរហោស្ថាននិងភាពរាំងស្ងួតបានជំរុញឲ្យមានចលនាចល័តមនុស្សជាច្រើន មានការរីករាលដាលនូវជំងឺនិងបង្កើតឲ្យមានវិវាទក្នុងការគ្រប់គ្រងធនធាន។ ការប្រែប្រួល
អាកាសធាតុបានក្លាយជាបញ្ហាគោលនយោបាយបរទេសរួចទៅហើយ ពោលគឺវាបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខរបស់យើងគ្រប់គ្នានាពេលឥឡូវនេះគឺមិនមែននាពេលខាងមុខដែលនៅឆ្ងាយនោះឡើយ។

ការដោះស្រាយបញ្ហាគំរាមកំហែងជាសកលនេះ ចាំបាច់ត្រូវតែបន្តជាចំណុចស្នូលនៃវិធានការនៃការងារការបរទេសរបស់អឺរ៉ុប ពោលគឺតាមការព្រមព្រៀងរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបទាំង ២៨ប្រទេស។ ការដោះស្រាយផលប៉ះពាល់ផ្នែកសន្ដិសុខនៃការប្រែប្រួលអាកាសធាតុដោយផ្ទាល់ និងដោយប្រយោលគឺជាផ្នែកដ៏មានសារសំខាន់មួយនៃយុទ្ធសាស្ត្រសកលថ្មីស្ដីពីការគោលនយោបាយការបទេសនិងសន្ដិសុខរបស់សហភាពអឺរ៉ុប ដែលត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបនៅក្នុងខែមិថុនាខាងមុខនេះ។

នេះគឺជាការគំរាមកំហែងដ៏ស្មុគស្មាញមួយ ប៉ុន្តែយើងមានមធ្យោបាយជាច្រើនដែលយើងត្រូវការរួចជាស្រេច ដើម្បីដោះស្រាយភាពផុយស្រួយនៃអាកាសធាតុ ក៏ដូចជាការទប់ស្កាត់ហានិភ័យចំពោះបញ្ហាសន្ដិភាពផងដែរ។ ដៃគូរបស់យើងនៅក្នុងបណ្ដាប្រទេស G7 កំពុងខិតខំប្រឹងប្រែងធ្វើការងារដើម្បីកំណត់តំបន់ដែលត្រូវចាត់វិធានការឲ្យបានច្បាស់លាស់ ហើយទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រស្ដីពីបញ្ហាប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍ ជំនួយមនុស្សធម៌និងការកសាងសន្ដិភាព ចាំបាច់ត្រូវតែមានការដាក់រួមបញ្ចូលនិងផ្តោតសំខាន់ទៅលើបញ្ហាទាំងនោះ។ គោលនយោបាយទាំងអស់របស់យើងចាំបាច់ត្រូវសង្កេតមើលបញ្ហាប្រែប្រួលអាកាសធាតុ ដូចដែលបានលើកឡើងនៅក្នុងរបៀបវារៈស្ដីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។

នៅពេលដែលមានពេលវេលាខ្លី ហើយធនធានក៏មានកម្រិតទៀតនោះ យើងមិនអាចធ្វើកិច្ចការជាន់គ្នានិងមិនស៊ីសង្វាក់គ្នាឡើយ។ កម្មវិធីបន្ស៊ាំទៅនឹងអាកាសធាតុអាចកំណត់និងជំរុញអត្ថប្រយោជន៍រួមនិងកិច្ចសហការរួមជាមួយវិស័យផ្សេងៗទៀតដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម សុខភាព បរិស្ថាននិងសន្ដិភាពផងដែរ។

ពេលនេះ អាទិភាពរបស់យើងគឺត្រូវព្យាយាមសម្រេចឲ្យបាននូវការធ្វើសច្ចាប័នឲ្យបានឆាប់រហ័ស ហើយដាក់ឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យបានឆាប់។ ប្រការនេះនឹងផ្ដល់ជាសញ្ញាដ៏សំខាន់មួយដល់ពិភពលោកថា៖ រដ្ឋាភិបាលសហភាពអឺរ៉ុបពិតជាយកចិត្តដាក់យ៉ាងពិតប្រាកដទៅលើការប្រែប្រួលអាកាសធាតុ ហើយយើងនឹងអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងឯកសារលាយលក្ខអក្សរ។

ដោយសារហេតុផលដូចគ្នានេះ យើងមិនអាចខាតពេលវេលាក្នុងការអនុវត្តផែនការសកម្មភាពស្ដីពីការប្រែប្រួលអាកាសធាតុ ដែលយើងបានរៀបចំឡើងកាលពីមុនសន្និសីទទីក្រុងប៉ារីសឡើយ។ យើងនឹងគាំទ្រដល់ដៃគូរបស់យើងទូទាំងពិភពលោក នៅពេលដែលបណ្ដាប្រទេសទាំងនោះបានត្រៀមខ្លួនក្នុងការអនុវត្តហើយយើងនឹងនៅតែបន្តរក្សាទំនាក់ទំនងជាមួយតួអង្គដែលមិនមែនជារដ្ឋដូចជាអាជីវកម្ម ទីក្រុងនិងតួអង្គផ្សេងៗទៀត។ គ្រប់ៗត្រូវតែចាប់ផ្តើមធ្វើការងាររបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលរួមគ្នាមុនៗនឹងអ្វីៗកើតឡើង។

នេះគឺជាពេលដែលត្រូវពុះពារធ្វើកិច្ចការដ៏លំបាកក្នុងការសម្រេចឲ្យបានតាមខ្លឹមសារសន្និសីទ
ទីក្រុងប៉ារីស។ យើងចាំបាច់ត្រូវតែមានមហិច្ឆតាដូចគ្នានិងមានទិសដៅរួមគ្នាដើម្បីសម្រេចឲ្យបាននូវដំណោះស្រាយនេះ។ សហភាពអឺរ៉ុបនឹងនៅតែបន្តនាំមុខគេ ដូចដែលយើងធ្លាប់បានធ្វើកន្លងមកផងដែរ ដើម្បីធានាឲ្យបាននូវភពផែនដីមួយដែលកាន់តែមានពណ៌បៃតងនិងមានសុវត្ថិភាពជាងមុន៕

អត្ថបទរួមរបស់លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ ព្រមទាំងជាអនុប្រធានគណៈកម្មការសហភាពអឺរ៉ុប និង លោកMiguel Arias Cañete ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការអាកាសធាតុ និងថាមពល

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ