វិភាគ៖ តើសង្គមស៊ីវិលគឺជាគោលដៅមួយទៀតដែលត្រូវបង្រ្កាបមុនការបោះឆ្នោត?

គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ មន្រ្តីអង្គការសង្គមស៊ីវិលប្រហែល១០រូបហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឲ្យចូលបំភ្លឺ ក្នុងនោះមានមន្រ្តីសមាគមអាដហុក៤រូបនិងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានការឆ្លើយទម្លាក់ទំហុសដាក់ ពីនារីម្នាក់ដែលអះអាងថាជាស្រីកំណាន់លោក កឹម សុខា។

ក្រៅពីនោះ អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ ក៏ត្រូវបានរដ្ឋាភិបាលប្តឹងទាមទារសំណង៤០០លានរៀលឬស្មើនឹង១០ម៉ឺនដុល្លារ ដោយចោទថាបរិហាកេរ្តិ៍ចំពោះអ្វីដែលលោក វីរៈ វិភាគថាគណបក្សប្រជាជនកម្ពុជានៅពីក្រោយរឿងអាស្រូវស្នេហារបស់ លោក កឹម សុខា។

បន្ថែមពីនេះ មន្រ្តីម្នាក់នៃឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សក៏មានឈ្មោះឲ្យចូលខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយទាក់ទងសំណុំរឿងស្នេហាដែលឆ្លើយដាក់ដោយឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

អ្នកប្រឹក្សាយោបល់ឯករាជ្យលោកបណ្ឌិត ចាន់ វិបុល វិភាគថាអង្គការសង្គមស៊ីវិលមួយចំនួនកំពុងស្ថិតក្នុងគោលដៅបង្រ្កាបរបស់រដ្ឋាភិបាលមុនពេលបោះឆ្នោតមកដល់។ ប៉ុន្តែលោកគិតថា វិធានការរបស់រដ្ឋាភិបាលនឹងមិនធ្វើឲ្យសង្គមស៊ីវិលចុះខ្សោយនោះទេ។

លោកវិភាគថា៖ “នេះមិនមែនជាអាវុធមួយ[វិធីសាស្ត្រ]គំរាមសង្គមស៊ីវិលបានទេ។ នៅពេលគាត់ធ្វើបែបនេះកាន់តែច្រើន ខ្ញុំឃើញថា សង្គមស៊ីវិលគាត់ធ្វើការឆ្លុះបញ្ចាំងពីតួនាទីរបស់គាត់ ហើយខ្ញុំគិតថានេះមានឥទ្ធិពលបង្កើនល្បឿននិងគុណភាពនៃការឆ្លើយតបទៅនឹងបញ្ហាសង្គម។ កាគំរាមកំហែងនេះ ខ្ញុំចាត់ទុកថាជាវិធីសាស្ត្រមួយរបស់គណបក្សកាន់អំណាច ហើយខ្ញុំគិតថា វិធីសាស្ត្រនេះប្រហែលជាមិនមានសុខភាពសម្រាប់សង្គមទេ…

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម វិភាគថា រដ្ឋាភិបាលកំពុងតែផុងខ្លួនក្នុងយុទ្ធសាស្ត្រនៃការយករឿងអាស្រូវស្នេហាឯកជនវាយបកទៅលើគូរប្រកួតដែលលោកថាពីមុនរដ្ឋាភិបាលទំនងសង្ឃឹមថាករណីនេះអាចធ្វើពលរដ្ឋដកចិត្តពីគណបក្សប្រឆាំង ប៉ុន្តែលទ្ធផលលោកថាកាន់តែធ្វើឲ្យពលរដ្ឋអាណិតគណបក្សសង្គ្រោះជាតិទៅវិញ។

លោកលើកពាក្យមួយឃ្លាថា៖ “រដ្ឋាភិបាលដល់ពេលសេះដាច់យកសេះតាម។ ពាក្យថាបាត់សេះយកសេះតាមហ្នឹង គឺត្រូវបង្ខំធ្វើការរឿងហ្នឹងដុតដៃដុតជើងគ្រប់ស្ថាប័នទាំងអស់ក្នុងពេលជាមួយគ្នា ដើម្បីយកករណីហ្នឹងធ្វើការស៊ើបអង្កេតបន្ថែម។ ប៉ុន្តែការស៊ើបអង្កេតបន្ថែមហ្នឹងយើងឃើញថាពីជំហានមួយទៅជំហានមួយមានការខុសឆ្គងផ្នែកផ្លូវច្បាប់។ ដល់ចឹងទៅដើម្បីបំបាត់ប្រតិកម្មអវិជ្ជមាន មានតែដាក់សម្ពាធតាមរយៈការចោទប្រកាន់ផ្សេងមកលើសង្គមស៊ីវិល

ក្រុមអង្គការសង្គមស៊ីវិលចំនួន២៥ បានសេចក្តីថ្លែងការណ៍រួមដោយចាត់ទុកការឃាត់ខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុកដោយអង្គភាពប្រឆាំងអំពើពុករលួយនោះថា “ជាការគំរាមកំហែងនិងយាយីទៅលើអ្នកការពារសិទ្ធិមនុស្ស” ហើយពួកគេអំពាវនាវឲ្យបញ្ឈប់សកម្មភាពយាយីនេះជាបន្ទាន់។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា “សង្គមស៊ីវិលនៅកម្ពុជាកំពុងស្ថិតក្រោមការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយស្ថានការណ៍កំពុងតែយ៉ាប់យឺនឡើងព្រោះការបោះឆ្នោតកាន់តែខិតជិតមកដល់”។ ប៉ុន្តែលោកស្រីបន្ថែមថា យុទ្ធសាស្ត្រនេះនឹងមិនមានប្រសិទ្ធិភាពនោះទេ ផ្ទុយទៅវិញនឹងធ្វើឲ្យអង្គការសង្គមស៊ីវិលកាន់តែសាមគ្គីគ្នាឡើងទប់ទល់ការគំរាមកំហែងនេះ។

លោកបណ្ឌិត មាស នី វិភាគទៀតថា នៅពេលដែលអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំងត្រូវបានរដ្ឋាភិបាលបង្រ្កាបមុនពេលបោះឆ្នោតនោះបង្ហាញថា កម្ពុជាកំពុងដើរទៅរកលំនាំប្រទេសឯកកោមួយនៅអាស៊ី។

លោកមានប្រសាសន៍ថា៖ “បើយើងមើលពីរចនាសម្ព័ន្ធដឹកនាំក្នុងប្រទេសយើងនេះ បើប្រៀបធៀបនឹងឯកសារមួយដែលសរសេរដោយអ្នកនិពន្ធក្នុងប្រទេសកូរ៉េដែលប្រៀបធៀបនយោបាយលោក គីម ជុងអ៊ីល យើងហាក់ដូចជារបៀបដឹកនាំស្រុកយើងវាស្រដៀងនឹងរចនាសម្ព័ន្ធដែលលោក គីម ជុងអ៊ីល បានប្រើក្នុងសម័យរបស់គាត់

រដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកអង្គការសង្គមស៊ីវិលខ្លះថាធ្វើសកម្មភាពដូចជាគណបក្សប្រឆាំង ហើយរដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងអង្គការនេះឡើង។ ច្បាប់នេះរងការរិះគន់ថាបង្កើតឡើងដើម្បីរិតបន្តឹងសិទ្ធិសេរីក្នុងការធ្វើសកម្មរបស់អង្គការសង្គមស៊ីវិលដើម្បីលើកស្ទួយសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។

លោកបណ្ឌិត ចាន់ វិបុល ដែលមានជំនាញខាងអភិបាលកិច្ចនិងប្រជាធិបតេយ្យបានចាត់ទុកថាអង្គការសង្គមស៊ីវិលជាតួអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យដែលស្ថិតក្នុងដំណាក់មួយដូចកម្ពុជាពេលនេះ។

លោកយល់ថា៖ “ខ្ញុំមិនបានមើលឃើញថាសង្គមស៊ីវិលនិងគណបក្សប្រឆាំងជាក្រុមតែមួយទេ។ បើយើងក្នុងសង្គមមួយដែលមានសុគតភាពល្អ សង្គមស៊ីវិលជាអ្នកនៅក្រៅរដ្ឋាភិបាល។ គាត់មើលទៅលើប្រតិបត្តិការរបស់រដ្ឋាភិបាលថា តើសិទ្ធិប្រជាពលរដ្ឋនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋត្រូវបានឆ្លើយតបដែរឬអត់? អីចឹងចង់មិនចង់ការរិះគន់របស់សង្គមស៊ីវិល វាប៉ះនឹងអ្វីដែលជាការបំពេញមុខងារនិងកាតព្វកិច្ចរដ្ឋាភិបាល ហើយរដ្ឋាភិបាលយល់ថាក្រុមនេះស្ថិតក្នុងគណបក្សប្រឆាំង

នៅចំពោះមុខស្ថានការណ៍បច្ចប្បន្ន ក្រុមអ្នកវិភាគយល់ថាចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយគឺជាការព្រមានថ្មីមួយទៀតទៅលើអង្គការសង្គមស៊ីវិលណាដែលធ្លាប់រិះគន់ចំណុចខ្សោយរបស់រដ្ឋាភិបាលធ្វើឲ្យគណបក្សកាន់អំណាចជាង៣០ឆ្នាំនោះបាត់អសនៈចំនួន២២កាលពីការបោះឆ្នោតឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ