នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាមទើបឡើងកាន់តំណងនឹងប្រឈមបញ្ហាច្រើន​

(រូបភាពពី AFP)

រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃព្រហស្បតិ៍នេះដើម្បីធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចស្របពេលដែលមានសម្ពាធខ្លាំងជំរុញឲ្យមានការធ្វើកំណែទម្រង់លើបញ្ហាកំពុងប្រឈមរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

លោក​ Nguyen Xuan Phuc អតីតឧបនាយករដ្ឋមន្ត្រីត្រូវបានសភាបោះឆ្នោតឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះក្នុងសំឡេង៤៤៦លើ៤៩០។ នេះបើតាមសារព័ត៌មាន Channel News Asia។​

ក្នុងសម្បថលោក​ Nguyen Xuan Phuc បានសច្ចាថាលោកនឹងប្រកាន់ជំហរស្មោះត្រង់ជាមួយជាតិ ប្រជាពលរដ្ឋ និងរដ្ឋធម្មនុញ្ញរបស់វៀតណាម។​ លោកថ្លែងថាក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័នជាន់ខ្ពស់របស់ជាតិ​ លោកប្តេជ្ញាចំពោះមុខសភាក្នុងការធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលខ្លាំងក្លានិងមានឯកភាពជាតិ។​

លោក Phuc ក៏បានប្តេជ្ញាផងដែរក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រឆាំងការខ្ជះខ្ជាយធនធានរបស់ជាតិ  ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងធ្វើឲ្យមានឯកភាពជាតិ។​

លោក Phuc ធ្លាប់ជាអភិបាលខេត្ត Quang Nam នៅភាគកណ្តាលនៃវៀតណាម​ ហើយលោកត្រូវបានបោះឆ្នោតជ្រើសរើសឲ្យទៅជាសមាជិកជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តកាលពីឆ្នាំ២០១១ ហើយក្នុងឆ្នាំដដែលនោះលោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី។​

សភាវៀតណាមបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រីថ្មីនេះគឺធ្វើឡើងនៅពេលដែលអតីតនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ត្រូវចប់អាណត្តិរបស់ខ្លួន១០ឆ្នាំគិតត្រឹមថ្ងៃពុធម្សិលមិញ។​

នៅក្នុងប្រទេសវៀតណាមមានការបោះឆ្នោតដោយសភាជ្រើសតាំងនាយករដ្ឋមន្ត្រីរៀងរាល់ឆ្នាំម្តងគឺធ្វើឡើងនៅខែមករា ហើយបុគ្គលម្នាក់អាចធ្វើជានាយករដ្ឋមន្ត្រីយ៉ាងយូរតែ២អាណត្តិឬស្មើ១០ឆ្នាំប៉ុណ្ណោះ។​

នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាមដែលទើបឡើងកាន់តំណែងនេះត្រូវបានគេរំពឹងថានឹងជួបបញ្ហាប្រឈមច្រើនក្នុងការរៀបចំរចនាសម្ព័ន្ធរបស់រដ្ឋនិងប្រព័ន្ធធនាគារ  ការធ្វើកំណែទម្រង់សារពើពន្ធ និងលើកកម្ពស់វិនិយោគ​ទុនបរទេសទៅវៀតណាម។​

វៀតណាមបានកំណត់គោលដៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន​ឲ្យបាន៦,៧ភាគរយក្នុងឆ្នាំ២០១៦  បើទោះជាប្រទេសជួបគ្រោះរាំងស្ងួតនាំឲ្យគំរាមកំហែងខ្លាំងដល់ទិន្នផលកសិកម្មក៏ដោយ។​

នាយករដ្ឋមន្ត្រីថ្មីនេះគឺជាផ្នែកមួយក្នុងចំណោមការជ្រើសតាំងមេដឹកនាំកំពូល៣រូបដែលក្នុងនោះរួមមានប្រធានគណបក្សកុម្មុយនីស្តវៀតណាម​លោក Nguyen Phu Trong និង​ប្រធានាធិបតីលោក Tran Dai Quang​ ដែលបានជ្រើសតាំងកាលពីសប្តាហ៍មុន ហើយសភានឹងបោះឆ្នោតអនុម័តនៅថ្ងៃសៅរ៍សប្តាហ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ