ប្រទេស​៥នៅ​អាស៊ាន​​​​​បញ្ចាំង​រឿង​ «ប៉ុបពី​ទៅ​ហូលីវូដ»

ដៃគូសហការផលិតរឿង «ប៉ុបពីទៅហូលីវូដ» លោក ជី សិលា (កណ្ដាល) និង​ផលិតករ លោក សុខ វិសាល (បង់កក្រមា) ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​២៩ ខែមេសា (រូបភាព៖ វង្ស សុម៉ាលីន)

ចាត់ទុកជាការចាប់អារម្មណ៍មួយថ្មី បន្ទាប់ពីក្រុមផលិតកររឿង «ប៉ុបពីទៅហូលីវូដ» បានប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ២៩ ខែមេសាថា ប្រទេស៥នៅក្នុងតំបន់អាស៊ានបានសម្រេចកុងត្រាទទួលយករឿងនេះ ទៅដាក់បញ្ចាំងនៅក្នុងប្រទេសរបស់ពួកគេនៅតាមរោងកុន។ យ៉ាងណាមិញ ក្រុមផលិតករដដែល ហាក់មិនសូវទុកចិត្តថារឿងមួយនេះនឹងទទួលបានការគាំទ្រខ្លាំងក្លានៅក្នុងប្រទេសកម្ពុជាខ្លួងឯងនោះឡើយ។

លោក ជី សិលា ដៃគូសហការផលិតរឿង «ប៉ុបពីទៅហូលីវូដ» បានអះអាងថា នៅថ្ងៃទី៥ ខែឧសភា ខ្សែរឿងមួយនេះនឹងត្រូវដាក់បញ្ចាំង៣ប្រទេសព្រមគ្នានៅគ្រប់រោងភាពយន្តទាំងអស់ បន្ទាប់ពីបានកុងត្រាគ្នារួចរាល់។ ប្រទេសទាំងនោះរួមមានប្រទេសកម្ពុជាខ្លួនឯង ឡាវ និងឥណ្ឌូនេស៊ី។ លោកថានេះជាលើកទី១ ដែលរឿងរបស់ខ្មែរត្រូវបានប្រទេស២ផ្សេងទៀតយល់ព្រមឲ្យដាក់បញ្ចាំងគ្រប់រោង ដូចគ្នានឹងនៅកម្ពុជា បន្ទាប់ពីបានពិនិត្យសាច់រឿង និងស្ដង់ដារផលិត។ ក្រៅពីឡាវ និងឥណ្ឌូនេស៊ី លោកថាប្រទេសចំនួន៣ផ្សេងទៀតគឺវៀតណាម ទីម័រខាងកើត និងប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងតំបន់អាស៊ានដូចគ្នានោះក៏បានទទួលកុងត្រាយករឿង «ប៉ុបពីទៅហូលីវូដ» ដើម្បីដាក់បញ្ចាំងតាមរោងរបស់ពួកគេនៅខែឧសភាដូចគ្នាផងដែរ ដោយគ្រាន់តែការដាក់បញ្ចាំងរបស់ប្រទេសទាំង៣ ស្ថិតក្រោយកាលបរិច្ឆេទថ្ងៃ៥ ខែឧសភា ដែលជាថ្ងៃបើកសម្ពោធនៅកម្ពុជា និងប្រទេស២ទៀត។

លោក ជី សិលា មានប្រសាសន៍ថា៖ “ថ្ងៃទី៥ ខែឧសភា រឿងហ្នឹងនឹងបញ្ចាំងគ្រប់រោងទាំងអស់នៅកម្ពុជា ឡាវ និងឥណ្ឌូនេស៊ី។ ចំណែក៣ប្រទេសទៀតដូចជាវៀតណាម មីយ៉ាន់ម៉ា និងទីម័រខាងកើត គេអូខេដូចគ្នា ប៉ុន្តែមកពីរោងរបស់គេនៅជាប់រឿងចាស់របស់គេ ទើបគេប្រហែលជាដាក់បញ្ចាំងហ្នឹងតិចតួច ហើយសម្រាប់ខ្ញុំ ខ្ញុំគិតថារឿងហ្នឹងនឹងជោគជ័យមែនទែន ដោយសារតែយើងមានទីផ្សារដាក់បញ្ចាំងនៅក្រៅប្រទេស”

ផ្លាកផ្សាយពាណិជ្ជកម្មរឿង «ប៉ុបពីទៅហូលីវូដ»
ផ្លាកផ្សាយពាណិជ្ជកម្មរឿង «ប៉ុបពីទៅហូលីវូដ»

លោក សុខ វិសាល ជាផលិតករបានអះអាងថា ចំណុចខ្លាំងរបស់រឿង «ប៉ុបពីទៅហូលីវូដ» គឺត្រង់សាច់រឿងបង្ហាញពីស្នេហារបស់ក្រុមភេទទី៣ ដែលឆ្លុះបញ្ចាំងពីស្រីស្រឡាញ់ស្រី និងប្រុសស្រឡាញ់ប្រុសនៅក្នុងផ្ទៃរឿងនោះផ្ទាល់តែម្ដង។ លោកថា ការរំលេចរឿងនេះមិនមែនដើម្បីបង្វក់ឲ្យសង្គមកម្ពុជាក្លាយជាសង្គមភេទទី៣នោះទេ ប៉ុន្តែគឺដើម្បីជាសារឲ្យឈប់រើសអើង និងប្រមាថមើលងាយបន្តទៅទៀតដល់ស្រ្តី ឬបុរសដែលធម្មជាតិបានផ្ដល់ឲ្យពួកគេស្រឡាញ់ភេទដូចគ្នា។ លោកថានៅក្នុងសង្គមកម្ពុជាមិនមានការឲ្យតម្លៃនោះទេ ចំពោះបុរសនិងបុរស ឬស្រ្តីស្រឡាញ់ស្រ្តីដោយបើកចំហរ ទើបលោកផលិតរឿងនេះក្នុងបំណងបញ្ចប់នូវការរើសអើង។ លោកថារឿងនេះផលិតឡើងអស់ពេលជិត១ឆ្នាំ និងអស់ថវិកាជិត១០ម៉ឺនដុល្លារ។

យ៉ាងណាមិញ បើទោះជាខ្សែរឿងនេះត្រូវបានប្រទេស៥រួមមានឡាវ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងវៀតណាម កុងត្រាឲ្យដាក់បញ្ចាំងព្រមគ្នានៅក្នុងប្រទេសរបស់ពួកគេ ក៏លោក សុខ វិសាល មិនសូវរំពឹងខ្លាំងទេថារឿងមួយនេះជោគជ័យនៅក្នុងទីផ្សារកម្ពុជា។ លោកមានប្រសាសន៍ថា៖ “រឿងហ្នឹងគ្រាន់តែផលិតអស់ជិត១០ម៉ឺនដុល្លារហើយ អញ្ចឹងសម្រាប់ការដាក់បញ្ចាំក្នុងស្រុកមិនដឹងថារួចខ្លួនអត់ទេ ដោយសារតែរឿងហ្នឹងយើងមានកំប្លែង ប៉ុន្តែយើងធ្វើជារបៀបស្ដង់ដារ”

រឿង «ប៉ុបពីទៅហូលីវូដ» សម្ដែងដោយលោក អ៊ុន សុធា កញ្ញា ឌុច លីដា កញ្ញា ប៉ុបពី លោកប៉ីប៉ីឌី និងលោកសានម៉ៅ ជាដើម។ នៅក្នុងរឿងនេះ បុរសត្រូវឲ្យសម្ដែងជាតួអង្គស្រី ហើយតួអង្គស្រីគឺតម្រូវត្រូវចរិតប្រុស។ តាមការអះអាងរបស់ផលិតករ រឿងនេះទទួលបានការចាប់អារម្មណ៍ឲ្យដាក់បញ្ចាំងនៅក្នុងប្រទេស៥នៅអាស៊ាន គឺដោយសារតែសាច់រឿងនិយាយពីជីវិតរបស់ក្រុមភេទទី៣ ដែលត្រូវនឹងបរិបទនៅក្នុងពិភពលោក ជាពិសេសគឺសហរដ្ឋអាមេរិកបានទទួលស្គាល់សិទ្ធិអាពាហ៍ពិពាហ៍របស់មនុស្សស្រឡាញ់ភេទដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ