វិភាគ៖ តើលោក កឹម សុខា អាចត្រូវបានរដ្ឋាភិបាលចាប់ខ្លួនទាក់ទងរឿងបុគ្គលដែរឬទេ?

លោក កឹម សុខា កាលពីកន្លងទៅ

ការបើកកកាយរឿងស្នេហាលួចលាក់របស់មេបក្សប្រឆាំងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី នាពេលថ្មីៗនេះ ហាក់ ធ្វើឲ្យសាធារណជនភ្លេចគិតទៅលើបញ្ហាជាតិធំៗ ដូចជាបញ្ហាព្រំដែន ការបំផ្លាញធនធានធម្មជាតិ អំពើពុករលួយក្នុងសង្គម ចំណាកស្រុក លំហូរអន្តោប្រវេសន៍ខុសច្បាប់ និងការធ្វើកំណែទម្រង់រដ្ឋជាដើម។

សម្រាប់អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងអ្នកតាមដានសង្គមវិញ បានរិះគន់ថាអ្នកដែលរៀបចំឲ្យមានព្រឹត្តិការណ៍នេះបានរំលោភសិទ្ធិបុគ្គលលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហើយអំពាវនាវឲ្យបញ្ចាប់ជាបន្ទាន់។

តែផ្ទុយទៅវិញពេលនេះមន្ត្រីសង្គមស៊ីវិលមួយចំនួនត្រូវបានរដ្ឋាភិបាលព្រមានចាត់វិធានការ ដោយសារតែពួកគេយល់ថារឿងបុគ្គលដ៏ចម្លែកមួយនេះ រដ្ឋាភិបាលជាអ្នកនៅពីក្រោយ។

ស្ថានការណ៍ដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រសួងយុត្តិធម៌បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅលើមន្ត្រីសង្គមស៊ីវិលមួយចំនួននិងអាជ្ញាធរមូលដ្ឋានមកពីគណបក្សប្រឆាំងតាមរយៈលិខិតចំហដែលគេអះអាងថាកញ្ញ ខុម ចាន់តារាទី ហៅស្រី មុំ បានសរសេរដោយផ្ទាល់ដៃ ចោទប្រកាន់មន្ត្រីទាំងនោះថាបានបង្គាប់នាងឲ្យផ្តល់ចម្លើយភូតកុហកដល់សមត្ថកិច្ចក្នុងសំនុំរឿងដែលនាងមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា នោះ។

ក្រោយ១ថ្ងៃនៃការចុះផ្សាយលិខិតចំហរបស់ ខុម ចាន់តារាទី មេឃុំលោក ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី នៅស្រុកកំពុងសៀម ខេត្តកំពង់ចាម ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនតាមលិខិតចំហចោទប្រកាន់របស់ ស្រី មុំ។

ជាងនេះទៅទៀតកញ្ញា ខុម ចាន់តារាទី ដែលធ្លាប់ច្រានចោលថានាងមិនធ្លាប់មានទំនាក់ទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ទេនោះ ពេលនេះស្ត្រីរូបនោះបានងាកមកប្តឹងលោក កឹម សុខា វិញទាមទារសំណងជម្ងឺចិត្ត៣០ម៉ឺនដុល្លារ។ ចំណែក ធី សុវណ្ណថា ដែលចោទលោក កឹម សុខា ថាបរិហាកេរ្តិ៍នាងនោះបានប្តឹងទារសំណង១លានដុល្លារ។

ក្រោយ១ថ្ងៃនៃការចាប់ខ្លួនលោក ស៊ាង ចែត លោក ហ៊ុន សែន បានសរសេរព្រមាននៅលើហ្វេសប៊ុករបស់លោកថា នឹងមិនមានការអត់ឱនឲ្យសម្រាប់អ្នកណាក៏ដោយដែលធ្វើការមួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជននឹងអំពាវនាវឲ្យសមាជិកសមាជិការគណបក្ស រៀបចំមេធាវីដែលលោកថាដើម្បីត្រៀមប្តឹងទៅកាន់តុលាការក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ធិគណបក្សប្រជាជនកម្ពុជាដោយជនណាក៏ដោយ។

តើស្ថានការណ៍នេះអាចចាប់ខ្លួនលោក កឹម សុខា ឬទេ? ហើយបើចាប់ខ្លួនមែន តើនឹងមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគថាបើពិនិត្យពីកម្តៅនយោបាយដូចបច្ចុប្បន្ននេះ លោកថា មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា អាចគេចាប់ខ្លួនដោយលោកសំអាងថាពេលនេះតួអង្គពិសេសដែរធ្វើឲ្យគេចោទប្រកាន់លោក កឹម សុខា បាននោះគឺស្ត្រីម្នាក់ដែលពាក់ព័ន្ធនោះបានសារភាពហើយដាក់ពាក្យបណ្តឹងលោក កឹម សុខា ទៀតផង។

លោកថា៖ “បណ្តឹងនេះគេហៅថាជនពាក់ព័ន្ធផ្ទាល់ហ្នឹងគឺនាងស្រី មុំ ហ្នឹងគាត់ចេញមុខប្តឹងផ្ទាល់អញ្ចឹងករណីហ្នឹងធ្ងន់ហើយ វាអត់ស្រាលទេ អញ្ចឹងគណបក្សប្រឆាំងនឹងប្រឈមទៅលើបណ្តឹងជាប់ចោទអាចជាប់ចោទពីបណ្តឹងជួញដូរភេទហ្នឹងគឺធ្ងន់ធ្ងរហើយវាមិនស្រាលទេ។ នៅក្នុងច្បាប់យើងហ្នឹងកន្លងទៅយើងអត់មានបញ្ហាហ្នឹងរុញទៅដល់ហ្នឹងទេរបស់អ្នកនយោបាយ។ ប៉ុន្តែបញ្ហានេះយើងមើលទៅដូចជាប្រទេសម៉ាឡេស៊ីគឺវាធ្ងន់ធ្ងរដូចគ្នា មេដឹកនាំបក្សប្រឆាំងលោក អ៊ីវា អ៊ីប្រាហ៊ីម ហ្នឹងគេឃុំខ្លួនហើយអាចកាត់ទោសប្រហារជីវិតទៀត អានេះទោសគេធ្ងន់នៅម៉ាឡេស៊ី តែយើងអត់មានទោសប្រហារជីវិតទេ។ ប៉ុន្តែអាចមានទោសច្រើនអាចជាប់គុកអញ្ចឹងឃើញថាគណបក្សប្រឆាំងអាចមានការលំបាក”។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថាអ្វីដែលកើតឡើងក្រោយព្រឹត្តិការណ៍ បើមានការចាប់ខ្លួនលោក កឹម សុខា នោះ លោកថាអាចមានប្រតិកម្មពីសហគមន៍អន្តរជាតិតិចតួច។

ចំណែកចលនាមហាជននៅក្នុងប្រទេសលោកវិភាគថា អាចនឹងមិនកើតឡើងទេដោយលោកគិតថា ពេលនេះរដ្ឋាភិបាល កំពុងរឹតបណ្តឹងសេរីភាពបញ្ចេញមតិនិងការជួបជុំរួចស្រេចទៅហើយ ចំណែកសកម្មភាពបក្សប្រឆាំងវិញ លោកគិតថាទំនងជាមិនហ៊ានធ្វើចលនាអីឲ្យធំដុំដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់ទៀតគឺលោក សូ ចន្ថា លើកឡើងប្រហាក់ប្រហែលគ្នាដែរដោយលោកវិភាគថា លោក កឹម សុខា អាចនឹងត្រូវចាប់ខ្លួនបើមានបណ្តឹងបន្ថែមទៀត ហើយស្ថានការណ៍នយោបាយមិនវិលទៅរកស្ថានភាពដើមដូចពេលមុន។

លោក សូ ចន្ថា វិភាគទៀតថាក្រោយការចាប់ខ្លួនសហគមន៍អន្តរជាតិអាចមើលឃើញថាប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យនៅកម្ពុជាហាក់កំពុងដើរនៅលើផ្លូវខុស។ ប្រព័ន្ធនីតិរដ្ឋនៅកម្ពុជាលោកថាហាក់ដូចជាកំពុងប្រាសចាកពីគោលការណ៍សកល ដែលមានន័យថា អ្នកនយោបាយនៅកម្ពុជាបានចាប់យករឿងបុគ្គលមកប្រកួតប្រជែង ជាជាងប្រើប្រាស់គោលនយោបាយមកប្រកួតប្រជែងដូចប្រទេសនានាដែលប្រកាន់ប្រជាធិបតេ្យនៅលើពិភពលោក។

ចំណែកឯគណបក្សសង្គ្រោះជាតិវិញ លោកវិភាគថាអាចប្រឈមនឹងបញ្ហាខ្លះពេលអស់មេដឹកនាំ ប៉ុន្តែលោកថាគណបក្សប្រឆាំងនោះអាចនៅមានមនុស្សសំខាន់ៗមួយចំនួនទៀតនៅបន្តដឹកនាំគណបក្សនេះបាន បើក្នុងគណបក្សនោះមានសាមគ្គីផ្ទៃក្នុ្ងងរឹងមាំល្អ មិនរវើរវាយពេលឃើញគេចាប់មេដឹកនាំ ហើយចេះប្រើប្រាស់អំណាចក្នុងសភាឲ្យសកម្មកុំបាក់ស្បាត  បង្កើនការចុះពង្រឹងសកម្មជននៅថ្នាក់មូលដ្ឋានពន្យល់ពលរដ្ឋពីសម្ពោធមកលើបក្សប្រឆំាងនោះ។

លោកថា៖ “ឧទារណ៍ដូចជាការប្រើប្រាស់យន្តការគណៈកម្មការក្នុងសភាជំនាញឬក៏អាចប្រើប្រាស់សមាសភាព៣០រូបដើម្បីកោះហៅមន្ត្រីជាន់ខ្ពស់ឬក៏ធ្វើញត្តិស្តីបន្ទោសទៅលើចំនុចណាមួយដែលពាក់ព័ន្ធនឹងបញ្ហាជាតិនោះបាទ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាបើមានការចាប់ខ្លួនលោក កឹម សុខា មែនលោកគិតថា រដ្ឋាភិបាលអាចនឹងរៀបចំវិធានការគ្រប់រូបភាពទប់ស្កាត់ចលនាប្រឆាំងតបណាមួយ ប៉ុន្តែលោកថាបើការតវ៉ាឈានផ្ទុះហិង្សាលោកថាជាឱកាសរបស់រដ្ឋាភិបាលទៅវិញទេក្នុងការរុញខ្ទប់បង្កើតឲ្យមានបទល្មើសធ្ងន់ធ្ងរទៅលើបក្សប្រឆាំងដែលលោកគិតថា អាចឈានទៅរំលាយគណបក្សសង្គ្រោះជាតិផងក៏ថាបាន។

ប៉ុន្តែលោក មាស នី វិភាគថាគណបក្សសង្គ្រោះគួរតែបង្កើតមនុស្សពិសេសៗដែលមានសមត្ថភាពឲ្យច្រើនជាងនេះនៅក្នុងបក្សជាជាងធ្វើឲ្យគណបក្សផ្ញើវាសនាទៅលើតែមនុស្សពីរបីនាក់ជាមេដឹកនាំដែលលោកគិតថាពេលនោះទើបអាចទប់ទល់នឹងដៃគូប្រកួតបាន។

លោកថា៖ “វាសនាអនាគតរបស់លោក កឹម សុខា នៅពេលនេះយើងពិបាកទស្សន៍ទាយទោះបីស្របច្បាប់ឬមិនស្របច្បាប់ ក៏រឿងខ្លះអាចនឹងកើតឡើងដែរ តែសំខាន់គណបក្សសង្គ្រោះជាតិរួមទាំងលោក កឹម សុខា ផងដែរគួរតែត្រៀមលក្ខណឲ្យមានគម្រោង ក និងគម្រោង ខ។ គម្រោង ខ គឺការមិនពឹងផ្អែកតែលើមេដឹកនាំ ធ្វើម៉េចឲ្យសាធារណជនគេស្រឡាញ់គណបក្ស មិនស្រឡាញ់បុគ្គល។ បើអត់ពីបុគ្គលហ្នឹងទៅ ប្រជាប្រិយគណបក្សនៅតែដដែល នេះជាកិច្ចការសំខាន់មួយដែលគណបក្សសង្គ្រោះជាតិត្រូវធ្វើ ។ ហើយបើសិនជាគណបក្សសង្គ្រោះជាតិអាចរៀបចំកម្លាំងកាន់តែរឹងមាំ ហើយអាចឆ្លងកាត់ព្យុះនៅពេលនេះ ហើយរហូតដល់ការបោះឆ្នោតលើកក្រោយបាន អានេះជាសមត្ថភាពសំខាន់សម្រាប់គណក្សសង្គ្រោះជាតិ  ហើយក៏អាចគិតថា គណក្សសង្គ្រោះជាតិនូវតែរក្សាប្រជាប្រិយភាពឈានទៅរកការឈ្នះឆ្នោតបាន”។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) ធ្លាប់បង្ហាញក្តីព្រួយបារម្ភថាកម្ពុជាកំពុងតែស្ថិតនៅចំណុចដ៏គ្រោះថ្នាក់មួយ ដោយលើកឡើងថាមានការជ្រែតជ្រែកផ្នែកនយោបាយពីអ្នកមានអំណាច ការដាក់សម្ពាធលើគណបក្សប្រឆាំងតាមរយៈប្រព័ន្ធតុលាការ និងការបង្កើតច្បាប់មួយចំនួនមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាព។

បើតាមអ្នកវិភាគ បើមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា មែនពួកគេថាគណបក្សកាន់អំណាចនឹងបន្តខាតបង់សំឡេងគាំទ្រ បើសិនជាតំណាងរាស្ត្របក្សប្រឆាំងនៅតែបន្តពង្រឹងភាពក្លាហានប្រើប្រាស់យន្តការក្នុងសភាកោះហៅមន្ត្រីរដ្ឋាភិបាលដែលអសកម្មមកសួរដេញដោលទាក់ទិននឹងបញ្ហាព្រំដែន ដីធ្លី អំពើពុក អយុត្តិធម៌សង្គម ភាពអត់ការងារធ្វើជាដើម។

ប៉ុន្តែពួកគេថា បើគណបក្សប្រឆាំងនៅតែបន្តស្ងាត់ស្ងៀមដូចបច្ចុប្បន្ននេះ ពួកគេថាគណបក្សនោះនឹងចុះខ្សោយ តាមសន្ទុះវាយលុករបស់បក្សកាន់អំណាច។ ទោះជាយ៉ាងណាក្រោយពីប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅថ្ងៃទី២៥ខែមេសា គណបក្សសង្រ្គោះជាតិប្រកាសថា ខ្លួននឹងបន្តសកម្មភាពចុះមូលដ្ឋានកាន់តែខ្លាំងក្លានិងប្រើប្រាស់គ្រប់យន្តការដែលគណបក្សមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ