បទយកការណ៍៖ យុវជនមួយក្រុមចង់ក្លាយជាអ្នកដឹកនាំនយោបាយ

យុវជនចូលរួមកម្មវិធីដែលរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន

បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាយោបល់មួយបានឲ្យដឹងថា យុវជននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ៤លាននាក់ ហើយយុវជនប្រមាណជា៩៥ភាគរយ ចង់ចូលរួមក្នុងការបោះឆ្នោត។ ខណៈការសិក្សាស្រាវជ្រាវដដែលឲ្យដឹងថា មានយុវជនតិចតួចបំផុតប្រមាណជា៣ភាគរយ ដែលធ្លាប់ចូលរួមក្នុងបញ្ហានយោបាយ។ ដោយឡែកក៏មានយុវជនមួយចំនួនបានយកចិត្តទុកដាក់តាមដានបញ្ហានយោបាយ ដោយពួកគេអះអាងថាបានរៀបចំខ្លួនដើម្បីក្លាយជាអ្នកឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើជាអ្នកដឹកនាំនៅក្នុងសង្គម។

នេះគឺជាសំឡេងដែលយុវជនតាមដានបញ្ហានយោបាយសួរដេញដោលទៅកាន់អ្នកស្រាវជ្រាវនៅក្នុងកម្មវិធីផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សាស្រាវជ្រាវស្ដីពីការយល់ឃើញរបស់យុវជនទៅលើបេក្ខជនឈរឈ្មោះជាយុវជនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)។ កម្មវិធីនេះធ្វើឡើងនៅឯសាលមហោស្របចេនឡានាថ្ងៃទី២៣ ខែមេសា ដោយមានការចូលរួមពីយុវជន សង្គមស៊ីវិល និងអ្នកនយោបាយសរុបប្រមាណ ៧០០នាក់។

កន្លងមករឿងនយោបាយតែងតែស្ថិតនៅក្នុងផ្នត់គំនិតរបស់ឪពុកម្ដាយមួយចំនួន ដោយថាការតាមដាននិងប្រឡូកចូលបញ្ហានយោបាយនេះអាចប្រឈមគ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏មានយុវជនមួយចំនួនចង់ក្លាយជាអ្នកតំណាងឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើជាអ្នកដឹកនាំផងដែរ។

យុវជនសម្បុរខ្មៅម្នាក់ឈ្មោះ ហឿង ហ៊ីន បានរៀបរាប់ប្រាប់ថាខ្លួនចូលចិត្តសិក្សាស្វែងយល់ពីបញ្ហានយោបាយនិងធ្លាប់បានចូលរួមក្នុងសកម្មភាពនយោបាយជាច្រើន។ យុវជនរូបនោះបន្ថែមថាខ្លួនមានបំណងចង់ក្លាយជាតំណាងរាស្រ្តមួយរូបនៅថ្ងៃអនាគត ប៉ុន្តែលោកមិនមានខ្សែស្រឡាយឬក៏លុយកាក់ ដូច្នេះក្ដីសង្ឃឹមហាក់នៅឆ្ងាយ។

លោកបន្ថែមថា៖ ខ្ញុំចូលចិត្តបញ្ហាសង្គម ហើយខ្ញុំឃើញថាបញ្ហាសង្គមយើងមានការកើតឡើងច្រើនដែលទាមទាឲ្យយើងម្នាក់មានភាពជាម្ចាស់របស់ប្រទេសយើង យើងជាម្ចាស់ទៅលើសន្លឹកឆ្នោតមួយសន្លឹកៗហ្នឹង។ ហើយពេលដែលខ្ញុំចង់ធ្វើតំណាងរាស្ត្រដោយសារតែខ្ញុំចង់ចូលរួមជាចំណែកមួយតំណាងឲ្យប្រជាពលរដ្ឋ តំណាងឲ្យជាតិមួយដើម្បីធ្វើការអនុម័តច្បាប់ឬក៏អនុម័តលើគោលការណ៍អនុវត្តប្រទេសជាតិ

យុវជនរូបនោះបន្ថែមថារូបគេនឹងព្យាយាមតាមដាននយោបាយរហូតដល់ខ្លួនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឈរឈ្មោះជាតំណាងឲ្យគេបោះឆ្នោតឲ្យនៅពេលខាងមុខ។ លោកបន្ថែមថារូបលោកក៏កំពុងសិក្សានិងធ្វើការស្ម័គ្រចិត្តជាមួយសង្គមស៊ីវិលមួយដែលស្រាវជ្រាវពីភាពជាអ្នកដឹកនាំ ដូច្នេះលោកនឹងយកបទពិសោធន៍ទាំងនោះទៅប្រើការផងដែរ។

យុវតីម្នាក់ទៀតមានវ័យ២៦ឆ្នាំ សម្បុរស្រអែម ទាបបន្តិច ជានិស្សិតកំពុងសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយកញ្ញា សឿន សុខេន បានរៀបរាប់ថាកញ្ញាចូលចិត្តស្វែងយល់ពីបញ្ហានយោបាយនិងធ្វើកិច្ចការសង្គម បើទោះបីជាការងារនោះជួបការប្រឈមច្រើននិងមានការលើកទឹកចិត្តតិចតួចក៏ដោយ។ កញ្ញាបន្ថែមថាកញ្ញាចង់ក្លាយជាតំណាងដឹកនាំថ្នាក់ជាតិមួយរូបដើម្បីមានឱកាសជួយអភិវឌ្ឍសង្គម ដោយកញ្ញាមើលឃើញថាការអនុវត្តសព្វថ្ងៃនៅមានចន្លោះប្រហោងច្រើនដូចជាបក្សពួកនិយមនិងមានអំពើពុករលួយជាដើម។

កញ្ញាបន្ថែមថា៖ យុវជននៅពេលដែលយើងអត់ទាន់មានការលើកទឹកចិត្តគាត់ ផ្ដល់ឱកាសឲ្យគាត់ ឬក៏ទំនុកបំរុងអី ទីមួយគឺគាត់អត់ហ៊ានឈរឈ្មោះឲ្យគេបោះឆ្នោតទេ។ គាត់មានសមត្ថភាពខ្លួនឯង ប៉ុន្តែអ្នកនៅជុំវិញអត់មានការជំរុញក៏គាត់អត់ហ៊ានដែរ ព្រោះអីយើងដឹងស្រាប់ហើយថាប្រវត្តិសាស្រ្តយើងមក ដូចជាម៉ែពុកខ្ញុំតែងតែប្រាប់ថាកុំចូលប្រឡូកក្នុងនយោបាយ។ អ្នកដែលចូលប្រឡូកក្នុងនយោបាយមានពាក្យបីដែលកូនត្រូវទទួល ទីមួយស្លាប់ រត់ចោលស្រុក និងជាប់គុកតែប៉ុណ្ណឹងឯង

យុវតីម្នាក់ទៀតកញ្ញា ចុង សុភាលីន រៀបរាប់ប្រាប់ថាកញ្ញាធ្លាប់ចូលរួមកម្មវិធីនយោបាយច្រើន ដូចជាការឃ្លាំមើលការបោះឆ្នោតនិងការស្រាវជ្រាវផ្សេងៗ។ កញ្ញាបន្ថែមថាកញ្ញាមានបំណងចង់ក្លាយជាតំណាងថ្នាក់ឃុំសង្កាត់ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដោយកញ្ញាថាកន្លងមកមិនទាន់មានការដោះស្រាយបញ្ហាជូនពលរដ្ឋឲ្យមានប្រសិទ្ធិភាពនៅឡើយ។

កញ្ញាបន្ថែមថា៖ ខ្វះទីមួយគឺការយកចិត្តទុកដាក់របស់ភូមិឃុំហ្នឹងគាត់អត់សូវខ្វាយខ្វល់ទៅលើសុខទុក្ខប្រជាជនប៉ុន្មានទេ។ គាត់អត់ដឹងថាតើប្រជាពលរដ្ឋនឹងមានផលលំបាកអ្វី ហើយគាត់មិនដឹងត្រូវរកវិធីដោះស្រាយម៉េចដែរ។ ដូចជាក់ស្ដែងដូចជាបញ្ហាកសិកម្ម ដូចជាខ្ញុំមកពីខេត្តចឹងតម្លៃស្រូវមានការចុះថោកអញ្ចឹង តើគាត់ត្រូវរកវិធីណាដើម្បីឲ្យប្រជាជនគាត់ហ្នឹងដែលទទួលបានផលហ្នឹងហើយលក់វិញបានថ្លៃ

កញ្ញាបន្ថែមថាដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ កញ្ញាមានភាពជឿជាក់លើខ្លួនឯង ចេះរៀបចំផែនការរបស់ខ្លួន មានភាពក្លាហាន និងចេះប្រើប្រាស់នូវចំណេះដឹងដែលខ្លួនមានចូលរួមក្នុងសកម្មភាពនយោបាយផ្សេងៗ។

បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាយោបល Rapid Asia ឲ្យដឹងថាយុវជននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង៤លាននាក់ ហើយក្នុងចំណោមយុវជនដែលបានសំភាសន៍ប្រមាណជា៩៥ភាគរយចង់ចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ការស្រាវជ្រាវនេះបង្ហាញទៀតថា ៧៩ភាគរយនៃយុវជនធ្លាប់ពិភាក្សាពីបញ្ហានយោបាយ ខណៈមាន៦៧ភាគរយមានការព្រួយបារម្ភក្នុងការចូលរួមសកម្មភាពនិងជីវភាពនយោបាយ ហើយទស្សនៈយុវជនចង់បានកូតាបេក្ខភាពយុវជនជាតំណាងរាស្ត្រនិងតំណាងថ្នាក់ក្រោមជាតិមាន៧៣ភាគរយ។ ទោះបីជាយ៉ាងណាមានយុវជនតិចតួចបំផុតប្រមាណជា៣ភាគរយ ដែលឆ្លើយថាធ្លាប់មានឱកាសចូលរួមក្នុងបេក្ខភាព។

នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនលោក ជាង សុខា មានប្រសាសន៍ថាចំនួនយុវជនដែលចូលរួមក្នុងសកម្មភាពនយោបាយមានតិចបែបនេះ ដោយសារតែពួកគេមិនទាន់ត្រូវបានលើកទឹកចិត្តពីគណបក្សនយោបាយនៅឡើយ។ លោកបន្ថែមថាបើទោះបីជាកន្លងមកយុវជនខ្លះចូលរួមយ៉ាងសកម្មជាមួយបក្សនយោបាយ ក៏ការសម្រចចិត្តរបស់គេមិនទាន់ត្រូវបានទទួលស្គាល់ជាត្រូវការនោះទេ។

លោកបន្ថែមថា៖ ការសិក្សាស្រាវជ្រាវនេះក៏បង្ហាញឲ្យឃើញពីមូលហេតុមួយចំនួនក៏មកពីយុវជនខ្លួនឯងដែលខ្លាចក្នុងការចូលរួម ហើយខ្លាចការចូលរួមយើងដឹងហើយមានកត្តាច្រើន ដោយសារតែមានសូចនាករខ្លះឬក៏ហេតុផលខ្លះនៃការគំរាមកំហែងការចូលរួមផ្នែកនយោបាយដែលធ្វើឲ្យគាត់ភ័យខ្លាចកន្លែងហ្នឹងជាកត្តាមួយ។ កត្តាមួយទៀតមកពីគណបក្សនយោបាយខ្លួនឯង ថ្វីត្បិតតែការស្រាវជ្រាវនេះមិនបានបង្ហាញតែតាមបទពិសោធនៃអង្គការយើងដែលធ្វើការ២៤ឆ្នាំជាមួយនឹងយុវជន យើងរកឃើញថាថ្នាក់ដឹកនាំនៅក្នុងគណបក្សនយោបាយមួយៗហ្នឹង គាត់និយាយថាយុវជននៅក្មេងពេក យុវជនមិនមានបទពិសោធនយោបាយ។  អ្វីដែលចំណុចសំខាន់នោះយុវជនមិនមានថវិកាសម្រាប់ចូលប្រឡូកក្នុងនយោបាយ ព្រោះការចូលរួមក្នុងសមាជិកបក្សក្នុងកំរិតខ្ពស់ វាគួរតែមានកញ្ចប់ថវិកាក្នុងការវិនិយោគឲ្យបក្សកាន់តែរឹងមាំ

ក្នុងកម្មវិធីផ្សព្វផ្សាយលទ្ធផលក្នុងការស្រាវជ្រាវនេះក៏មានការចូលរួមពីតំណាងគណបក្សនយោបាយនិងមានកម្មវិធីសួរឆ្លើយឆ្លងពីចម្ងល់របស់យុវជនផងដែរ។

តំណាងមកពីគណបក្សប្រជាជនកម្ពុជាលោក ហ៊ួត ចាន់ដារ៉ា បានលើកឡើងថាកន្លងមកគណបក្សប្រជាជនកម្ពុជាក៏មានការបើកឱកាសដាក់បេក្ខជនជាយុវជនកក្នុងកម្មវិធីនយោបាយដែរ។ លោកបន្ថែមថាគោលនយោបាយរបស់គណបក្សលោកគឺបើកឱកាសឲ្យយុវជនចូលជាសមាជិកបក្សនិងធ្វើការប្រកួតប្រជែងសមត្ថភាពដើម្បីក្លាយជាតំណាងក្នុងកំរិតណាមួយ។

លោកបន្ថែមថា៖ យើងមានការប្រឡងប្រជែង ជ្រើសរើសវាគ្មិន យើងមានរៀបចំបណ្ដុះបណ្ដាលយុវជនក្នុងគណបក្សយើង ហើយបន្ទាប់ពីបណ្ដុះបណ្ដាលសម្រិតសម្រាំងរហូតដល់ជាក់ស្ដែងក្នុងអាណត្តិនេះមានយុវជនដែលជាអតីតវាគ្មិនឬហៅថាយុវជនឆ្នើមជាង២០នាក់ត្រូវបានគណបក្សសម្រេចផ្ដល់តួនាទីធំឲ្យជាតួនាទីអនុរដ្ឋលេខាធិការនិងលេខាធិការនៅក្នុងក្រសួងស្ថាប័ន

លោកបន្ថែមថា ចំពោះគណបក្សប្រជាជនមិនមានការលើកយុវជនក្នុងគោលនយោបាយតាមខ្សែស្រឡាយឬលុយកាក់នោះទេ។

អនុប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិថ្នាក់ជាតិលោក គឹម សុភា បានឲ្យដឹងគណបក្សសង្គ្រោះជាតិបានបញ្ជ្រាបតួនាទីយុវជននៅក្នុងបក្សបានច្រើនក្នុងក្រុមប្រឹក្សាឃុំសង្កាត់។ លោកបន្ថែមថាគណបក្សក៏មានការបណ្ដុះបណ្ដាលយុវជនទាំងនោះឲ្យមានការយល់ដឹងច្រើនពីនយោបាយផងដែរ។

លោកបន្ថែមថា៖ យុវជនទាំងអស់នោះគឺភាគច្រើនណាស់ដែលគាត់បានមកចូលរួមជាមួយនឹងគណបក្សសង្គ្រោះជាតិ គាត់បានឆ្លងកាត់កាត់បណ្ដុះបណ្ដាល ទទួលបានការជ្រោមជ្រែងទាំងថវិកាមួយចំនួនដែលគាត់មកចូលរួមវគ្គសិក្សា។ នៅពេលដែលគណបក្សរៀបចំបេក្ខជនឈរឈ្មោះគឺគាត់មានឱកាសច្រើនក្នុងការឈរឈ្មោះ។ សព្វថ្ងៃមានយុវជនខ្លះហ្នឹងក្រៅពីគាត់ទទួលបានការបណ្ដុះបណ្ដាល គាត់ឈរឈ្មោះទៅគាត់បានក្លាយជាក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ហើយសព្វថ្ងៃនៅទោះយើងមិនទាន់បានកាន់អំណាច តែយើងបានដាក់យុវជនច្រើនក្នុងក្របខណ្ឌក្រុមប្រឹក្សា

ទោះបីជាយ៉ាងណាអ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី ដែលបានចូលរួមក្នុងកម្មវិធីនោះមានប្រសាសន៍ថាបើគណបក្សនីមួយៗចង់បានឥទ្ធិពលនៅក្នុងសង្គមនោះគណបក្សគួរតែមានដាក់យុវជននៅក្នុងកម្មវិធីនយោបាយនិងលុបបំបាត់អំពើរពុករលួយបក្សពួកនិយម។ លោកបន្ថែមថាយុវជនមានការអប់រំខ្ពស់មានចំនួនច្រើន ដូច្នេះដើម្បីឲ្យប្រទេសមានការអភិវឌ្ឍ គណបក្សនយោយបាយត្រូវតែដាក់យុវជនទាំងនោះជាតំណាងនៅក្នុងលេខរៀងដែលមានអត្ថិភាពផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ