លោក កឹម សុខា ប្រកាន់​ជំហរ​មិន​ចូលបំភ្លឺ​នៅថ្ងៃ​ស្អែក ទោះ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

មន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងថាប្រធានស្ដីទីគណបក្ស លោក កឹម សុខា នៅតែប្រកាន់ជំហរមិនចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃស្អែកលើករណីដែលត្រូវចោទប្រកាន់រឿងស្រីកំណាន់ បើទោះលោកត្រូវប្រឈមនឹងការចាប់ខ្លួនក៏ដោយ។

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅសាជាថ្មី ឲ្យលោក កឹម សុខា ចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ក្រោយពីលោកមិនបានចូលបំភ្លឺ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីថាលោក កឹម សុខា នឹងមិនចូលទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការនោះទេ ដោយលោកបញ្ជាក់ថាលោក កឹម សុខា មានអភ័យឯកសិទ្ធនិងជាប់រវល់ការងារ។ លោកមានប្រសាសន៍ថា៖ គាត់អត់បានអញ្ជើញទៅទេ ព្រោះគាត់ជាប់មានការរវល់ផង គាត់មានអភ័យឯកសិទ្ធផង ហើយនឹងគាត់មិនដឹងជាទៅធ្វើសាក្សីយ៉ាងម៉េចបើមិនដឹងថាអ្នកណាជាអ្នកជាប់ចោទផង”។

គួរបញ្ជាក់ថាលោក កឹម សុខា មិនបានចូលខ្លួនបំភ្លឺចំនួនពីរលើករួចមកហើយ ដោយការកោះហៅទីមួយទាក់ទងនឹងដំណើររឿងដែលសកម្មជនល្បីឈ្មោះតាមបណ្តាញហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងបែកធ្លាយខ្សែអាត់សំឡេងដូចគ្នា។

កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក។ [បើ]លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញុំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ។ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង  អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ”

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់មានប្រសាសន៍ថាការគេចមិនចូលបំភ្លឺអាចជាការបង្កើតបទល្មើសមួយដែរ តែលោកមិនទាន់អាចបញ្ជាក់ថាតើជាបទល្មើសជាក់ស្តែងឬយ៉ាងណា។ លោកបញ្ជាក់ថា៖ “ក្នុងករណីចូលបំភ្លឺ បច្ចុប្បន្ននេះ គឺថាមិនមានអ្វីពាក់ព័ន្ធទៅហ្នឹងអភ័យឯកសិទ្ធិសភានោះទេ ព្រោះគ្រាន់តែកោះឲ្យគាត់ចូលទៅបំភ្លឺតែប៉ុណ្ណោះ តែប្រសិនបើគាត់មិនទៅបំភ្លឺ គាត់គេចចេញពីការកោះហៅ គាត់មិនសហការជាមួយអាជ្ញាធរសាធារណៈ វាអាចបង្កើតជាបទល្មើសមួយថ្មីផ្សេងទៀត។ អញ្ចឹងថាតើបទល្មើសអី ថាតើមានធាតុផ្សំគ្រប់គ្រាន់ ក្នុងការកំណត់ថាជាបទល្មើសដែរឬអត់? ហើយវាកំណត់ថាជាបទល្មើសជាក់ស្តែងឬក៏មិនជាក់ស្តែង វាអាស្រ័យទៅលើចំណាត់ការរបស់តុលាការនៅពេលនោះ”។

លោកមេធាវី សុក សំអឿន មិនយល់ស្របតាមការលើកឡើងរបស់លោក ឱម យ៉ិនទៀងនោះទេ ដោយលោកមានប្រសាសន៍ថាបើតាមច្បាប់ អ្នកមានអភ័យឯកសិទ្ធិមិនត្រូវចាប់ខ្លួននោះទេ បើទោះជាមិនចូលទៅតុលាការតាមការកោះហៅក៏ដោយ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ