រដ្ឋាភិបាលកំណត់ថ្ងៃបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៤

រដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ គឺត្រូវធ្វើនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។

សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ខែឧសភានេះ គឺធ្វើឡើងក្រោយពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ ខែឧសភា ដោយស្នើឲ្យរដ្ឋាភិបាលកំណត់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់ឲ្យបានឆាប់ ដោយថាបច្ចុប្បន្នអ្នកនយោបាយគិតពីរឿងឯកជននិងចាប់មន្ត្រីសង្គមស៊ីវិលដាក់ពន្ធនាគារដោយមិនបានយកចិត្តទុកដាក់លើការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតនោះទេ។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថាការកំណត់ថ្ងៃបោះឆ្នោតពេលណាមិនសំខាន់នោះទេ។ លោកថា សំខាន់ គ.ជ.ប ត្រូវធ្វើការលើរឿងនេះឲ្យមានភាពត្រឹមត្រូវនិងយុត្តិធម៌។

លោកបន្ថែមថា៖ “បើសិនជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកបំពេញការងាររបស់គាត់ស្របតាមច្បាប់កំណត់ ហើយមានភាពអព្យាក្រិតមានលក្ខណៈដែលគេហៅថាបែបជាអាជីពត្រឹមត្រូវល្អ ហើយការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ យើងគិតថាយើងនៅតែអាចរៀបចំការបោះឆ្នោតមួយបានល្អ“។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប ត្រូវការពេល៥ខែកន្លះសម្រាប់ធ្វើការចុះឈ្មោះអ្នកបោះឆ្នោតនៅទូទាំងប្រទេស។ លោកថា គ.ជ.ប នៅមានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ បើទោះបីជារដ្ឋាភិបាលកំណត់យកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ក៏ដោយ។

លោកបន្ថែមថា៖ “ពីរយៈពេលនេះទៅខ្ញុំគិតថាគឺពេលវេលានៅអនុគ្រោះដល់យើងនៅឡើយទេ តាមគម្រោង គ.ជ.ប យើងនឹងធ្វើការចុះឈ្មោះរយៈពេល៥ខែកន្លះអ៊ីចឹងទេបើយើងចាប់ផ្តើមនៅខែ៩ (ឆ្នាំ២០១៦) យើងនឹងបញ្ចប់នៅខែ២ (ឆ្នាំ២០១៧) ហើយការងារបន្ទាប់មកទៀតហ្នឹងការរៀបចំចុះបញ្ជីបេក្ខជនអីហ្នឹងអាចនៅពេលគ្រប់គ្រាន់សម្រាប់បោះឆ្នោតឃុំ-សង្កាត់ ហ្នឹងបាទ”។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាការកំណត់ពេលបោះឆ្នោតគួរតែកំណត់ឲ្យចំខែប្រាំជាជាងកំណត់នៅក្នុងរដូវវស្សា។

លោកបន្តថា៖ ”តាមធម្មតាបើបានខែប្រំាវាកាន់តែល្អ ប៉ុន្តែអំណាចរបស់រដ្ឋាភិបាលជាអ្នកកំណត់ យើងក៏មិនមានអ្វីនឹងជជែកតវ៉ាដែរ”។

យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អំពាវនាវទៅប្រជាពលរដ្ឋ សកម្មជនគណបក្ស និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទំាងអស់ត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះ។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA លោក សុក សំអឿន មានប្រសាសន៍ថារដ្ឋាភិបាលកំណត់ថ្ងៃបោះឆ្នោតនៅថ្ងៃណាក៏បាន សំខាន់លោកថារដ្ឋាភិបាលត្រូវប្រកាសឲ្យគ្រប់គណបក្សនយោបាយទំាងអស់ដឹងមុន ដើម្បីឲ្យគណបក្សទំាងនោះត្រៀមខ្លួនចូលរួមប្រកួតប្រជែង។ លោកបន្តទៀតថា៖ ”សំខាន់ឲ្យដឹងមុនថ្ងៃណាក៏បានដែរវាងាយស្រួលយើងត្រៀម កាលណាយើងដឹងមុនច្បាស់មុនសំខាន់យល់ល្អឲ្យបានថ្ងៃអាទិត្យ ព្រោះមនុស្សមិនសូវធ្វើការ មិនប៉ះពាល់ដល់អាជីវកម្មផ្សេងៗ”។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) លើកឡើងថាលោកស្រីសង្ឃឹមថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធានាឲ្យបានការបោះឆ្នោតមួយប្រកបដោយសេរីនិងយុត្តិធម៌ ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨៕ រាយការណ៍បន្ថែមដោយ ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ