​ពលរដ្ឋ​នៅ​ឧត្ដរមានជ័យ​ទាមទារ​សំណង​កើត​ពី​ផលប៉ះពាល់​ទំនប់​វា​រី​អគ្គិសនី​

អ្នកភូមិដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីកសាងដោយក្រុមហ៊ុនចិនអ៊ីណូហាយត្រូ នៅខេត្តឧត្ដរមានជ័យ នៅចុងសប្ដាហ៍នេះ បានទាមទារឲ្យក្រុមហ៊ុននេះ ផ្ដល់សំណងសមរម្យដល់ពួកគេ បន្ទាប់ពីផលដំណាំកសិកម្មពួកគាត់រាប់រយហិកតារងផលប៉ះពាល់។

លោក យឿន យន ប្រជាពលរដ្ឋម្នាក់មកពីភូមិគោកសំព័ឬ ឃុំលំពង ស្រុកអន្លង់វែង ប្រាប់វីអូឌី(VOD)នៅថ្ងៃអាទិត្យនេះថា ដំណាំកសិកម្មរាប់រយហិកតារបស់អ្នកភូមិ នឹងខូចខាត ប្រសិនបើក្រុមហ៊ុននេះ បិទទ្វារទំនប់ទឹកវារីអគ្គិសនីនោះ។

លោកបន្ដថា អ្នកភូមិប្រហែល ១០០នាក់ បានប្រមូលគ្នាតវ៉ានៅខាងមុខក្រុមហ៊ុនចិន ក្នុងស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ដើម្បីទាមទារឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុនចិនអ៊ីណូហាយត្រូ ផ្ដល់សំណងដល់ពួកគេ មុនបិទទ្វារទឹកទំនប់វារីអគ្គិសនីនៅរដូវវស្សានេះ។

លោក អ៊ុត ង៉ា ពលរដ្ឋមួយរូបទៀតដែលចូលរួមតវ៉ានេះដែរបានឲ្យដឹងថា ដំឡូងមី និងសំណ្ដែករបស់លោក អាចផ្ដល់ប្រាក់ចំណូលដល់លោករាប់ពាន់ដុល្លារក្នុងមួយហិកតា ប៉ុន្តែ លោកថា អាជ្ញាធរបានផ្ដល់ដំណឹងពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយពុំមានផ្ដល់សំណងនោះឡើយ។

លោកបន្តថា ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅក្រុមហ៊ុនចិននោះ ឲ្យផ្ដល់សំណងសមស្របតាមទីផ្សារសេរីដល់ពួកគាត់ ជាថ្នូរទៅនឹងការខូចខាតដែលនឹងកើតឡើងនាពេលខាងមុខ។

អ្នកភូមិប្រហែល១០០នាក់ បានចេញតវ៉ា ២ថ្ងៃមកហើយ ខណៈកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធរាប់សិបនាក់ ត្រូវបានគេដាក់ពង្រាយនៅមិនឆ្ងាយពីកន្លែងប្រជាពលរដ្ឋតវ៉ា។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ខេត្ដឧត្ដរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងថា ទំនប់វារីអគ្គិសនីនោះ មិនត្រឹមតែប៉ះពាល់ដល់ដំណាំកសិកម្មអ្នកភូមិប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ព្រៃឈើសហគមន៍រុក្ខាវ័នរាប់រយហិកតាផងដែរ។

លោកបន្ដថា អាជ្ញាធរគួរអន្ដរាគមន៍ឲ្យក្រុមហ៊ុនចិននោះ ទទួលខុសត្រូវលើផលប៉ះពាល់ ដោយផ្ដល់សំណងសមរម្យដល់ពួកគាត់ ដើម្បីឲ្យពួកគាត់រកដីធ្វើរបរកសិកម្មបន្ដទៀត។

អភិបាលខេត្ដឧត្ដរមានជ័យ លោក ស ថាវី ឲ្យដឹងថា មន្ដ្រីជំនាញកំពុងធ្វើការសិក្សាពីផលប៉ះពាល់ ដែលនឹងបញ្ចប់នៅដើមខែក្រោយនេះ។ លោកបញ្ជាក់ថា បន្ទាប់ពីទទួលលទ្ធផលពីការសិក្សានេះ គណៈកម្មការអន្ដរក្រសួង នឹងផ្ដល់សំណងតាមភាពជាក់ស្ដែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ