តំណាងរាស្រ្តបក្ស​កាន់អំណាច​គំាទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា​

កិច្ចប្រជុំសភានៅព្រឹកថ្ងៃចន្ទនេះ

តំណាងរាស្រ្តគណបក្សកាន់អំណាច នៅព្រឹកថ្ងៃចន្ទនេះ បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។

ការប្រជុំសភាជាបន្ទាន់នេះធ្វើឡើងបន្ទាប់ពីទទួលសេចក្តីរាយការណ៍របស់តុលាការ។ ការបោះឆ្នោតនេះធ្វើឡើងដោយសំឡេង៦៨លើ៦៨ គឺតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច ដោយពុំមានវត្តមានរបស់បក្សប្រឆាំង។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានបដិសេធមិនអត្ថាធិប្បាយលើករណីនេះ ដោយថាគណបក្សនឹងធ្វើសន្និសីទនៅម៉ោង១១ព្រឹកនេះ។

កាលពីសប្តាហ៍មុន តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

គណបក្សសង្រ្គោះជាតិបានព្រមានថានឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា។ គណបក្សថានឹងបន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំ២០១៧និង២០១៨ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។

គួរបញ្ជាក់ថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតុលាការនឹងឲ្យអាជ្ញាធរចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះទេ បើទោះជាមានការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ