រដ្ឋាភិបាល​សម្រេច​បង្កើតដែនជម្រកសត្វព្រៃ​”ព្រៃឡង់”ជាង​៤សែនហិកតា

ផែនទីដែនជម្រកសត្វព្រៃ ព្រៃឡង់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយដោយសម្រេចបង្កើតដែនជម្រកសត្វព្រៃ“ព្រៃឡង់” ដែលមានផ្ទៃដីជាង៤សែនហិកតាស្ថិតក្នុងខេត្តចំនួន៤។

ក្នុងអនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលបានសម្រេចបង្កើតដែនជម្រកសត្វព្រៃ “ព្រៃឡង់”ចំនួន៤៣១៦៨៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះនិងខេត្តព្រះវិហារ។ អនុក្រឹត្យបញ្ជាក់ថាការបង្កើតនេះដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចំាបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិនិងជីវៈចម្រុះ ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ការបង្កើតដែនជម្រកសត្វព្រៃនេះក៏ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។

ការបង្កើតនេះស្របពេលដែលរដ្ឋាភិបាលបានសម្រេចដាក់ផ្ទៃដីជិត១លានហិកតានៃតំបន់ព្រៃឡង់ ក្រវាញខាងត្បូង ព្រៃរកា ព្រៃសៀមប៉ាងខាងលិចនិងព្រៃវ៉ឺនសៃជាតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថានក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារនេះថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះអនុក្រឹត្យស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន១៨ដែលមានផ្ទៃដីសរុបចំនួន២៦៧៤៥០៣ហិកតា ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានបានឲ្យដឹងថាតំបន់ព្រៃការពារនិងអភិរក្សព្រៃឈើចំនួន១៣កន្លែងនិងព្រៃផ្តល់ផលចំនួន៥កន្លែង ក្នុងនោះមានព្រៃឡង់ផងដែរ ដែលត្រូវដាក់ជាតំបន់ការពារធម្មជាតិ ទើបតែត្រូវបានរដ្ឋាភិបាលសម្រចផ្ទេរចេញពីក្រសួងកសិកម្ម ឲ្យមកក្រសួងបិរស្ថានធ្វើការគ្រប់គ្រងនិងអភិរក្ស។

ក្រសួងបញ្ជាក់ថា៖ “ជារួមក្រសួងបរិស្ថានមានតំបន់ការពារធម្មជាតិសរុបចំនួន៤១កន្លែងដែលមានផ្ទៃដីសរុបចំនួន៥៨៧៤៥០៣ហិកតា រួមបញ្ចូលតំបន់ការពារធម្មជាតិដែលក្រសួងមានស្រាប់ តាំងពីឆ្នាំ១៩៩៣មក ចំនួន២៣កន្លែងដែលមានផ្ទៃដីចំនួន៣,២លានហិកតា”។ ក្រសួងបន្ថែមថា៖ “ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនេះប្រកបដោយប្រសិទ្ធភាព ក្រសួងបរិស្ថាននឹងស្នើសុំការចុះបញ្ជីដីធ្លីលើតំបន់ការពារធម្មជាតិទាំងនេះ នៅក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ហើយក្រសួងបរិស្ថាននឹងធ្វើការគ្រប់គ្រងនិងអភិរក្សតំបន់ធនធានធម្មជាតិទាំងនេះ ដោយអនុវត្តតាមគោលការណ៍ស្បែកខ្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងដីធ្លី”។

កាលពីថ្ងៃទី២៨ខែមេសា លោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាល ដោយលោកបញ្ជាក់ថារដ្ឋាភិបាលនិងប្រជាពលរដ្ឋមានគោលដៅតែមួយក្នុងការការពារព្រៃឈើ។ លោកមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលក៏ត្រូវការពារព្រៃឈើដែរ ប្រជាជនក៏ចង់ការពារព្រៃឈើ ដើមឈើហ្នឹងដែរ បើអញ្ចឹងវាទៅគោលដៅរួមហើយ គ្មានការបែងចែកថាអ្នកនេះពួកបរិស្ថាន អ្នកនេះពួកកាប់ឈើតទៅទៀតទេ។ ទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាលឃើញពួកកាប់ឈើអនាធិបតេយ្យក៏ត្រូវចាប់ ប្រជាពលរដ្ឋក៏ត្រូវចូលរួមចំណែក ទោះបីខ្លួនមិនមែនជានគរបាលយុត្តិធម៌ ក៏ត្រូវរាយការណ៍ឬក៏ធ្វើសកម្មភាពណាមួយទប់ស្កាត់ ដើម្បីកុំឲ្យមានការបំផ្លាញព្រៃឈើ”

កន្លងទៅ តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពី៤ខេត្តធ្លាប់បានស្នើឲ្យរដ្ឋាភិបាលដាក់ពួកគេឲ្យចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ។

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) លោក អ៊ូច ឡេងនិងជាសកម្មជនព្រៃឈើម្នាក់ដែល បានទទួលពានរង្វាន់វីរជនបរិស្ថាន(Goldman Environmental Award Prize)នៅសហរដ្ឋអាមេរិក មានប្រសាសន៍ថារដ្ឋាភិបាលខ្វះឆន្ទៈក្នុងការការពារព្រៃឈើនិងចាត់ទុកសកម្មជនការពារបរិស្ថានជាសត្រូវប្រឆាំងនឹងរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ