រដ្ឋាភិបាលដាក់ឲ្យដេញថ្លៃទ្រព្យសម្បត្តិរឹបអូសបានមកពីបទល្មើសគ្រឿងញៀន

ក្រសួងសេដ្ឋកិច្ចនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចេញប្រកាសរួមមួយ ដោយសម្រេចយកទ្រព្យសម្បត្តិដែលរឹបអូសបានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទៅដាក់ដេញថ្លៃដើម្បីយកថវិកានេះចូលរដ្ឋ ។

ក្នុងសេចក្ដីប្រកាសរួមចុះថ្ងៃទី១៦ ខែឧសភា ក្រសួងសេដ្ឋកិច្ចនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹងថា  ទ្រព្យសម្បត្តិដែលរឹបអូសបានសម្រាប់ដាក់ដេញថ្លៃនោះរួមមានបរិក្ខាដែលពាក់ព័ន្ធនឹងវិស័យបច្ចេកទេសផ្សេងៗ យានយន្តមធ្យោបាយធ្វើដំណើរ និងគ្រឿងចក្រ រួមនឹងសង្ហារឹម សម្ភារៈផ្សេង។  សម្រាប់អចលនទ្រព្យដែលត្រូវដាក់ឲ្យដេញថ្លៃរួមមានដី អគារនិងទ្រព្យសម្បត្តិដែលភា្ជប់នឹងអគារ។ ប្រកាសបញ្ជាក់ថាទ្រព្យសម្បត្តិរឹបអូសក៏រួមមានទ្រព្យជារតនវត្ថុនិងទ្រព្យដទៃទៀតដែលក្រោយពីមានសាលក្រមស្ថាពររបស់តុលាការបានបង្គាប់ជាទ្រព្យសម្បត្តិរដ្ឋ។

បើតាមប្រកាសរួ ចំណូលទាំងអស់ដែលបានមកពីការដេញថ្លៃ ទុកជាចំណូលរបស់រដ្ឋនិងត្រូវបែងចែកតាមប្រកាសរួមរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្រាប់ការដេញថ្លៃទ្រព្យសម្បត្តិដែលរឹបអូសបាននោះធ្វើឡើងគឺចាប់ពីតម្លៃមូលដ្ឋានឡើងទៅ  ដែលត្រូវដាក់តម្លៃចំនួន៣ លើក ហើយការដាក់តម្លៃរបស់បេក្ខជនត្រូវធ្វើឡើងដោយសម្ងាត់និងមានចុះហត្ថលេខាដាក់ក្នុងស្រោមសំបុត្របិទជិត។ ប្រកាសបញ្ជាក់ថាករណីការដេញថ្លៃចំនួន៣លើករួចហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលជាស្ថាពរនោះត្រូវធ្វើការដេញថ្លៃបន្តទៀត រហូតទទួលបានលទ្ធផលឈ្នះលើការដេញថ្លៃមានតែមួយ។

អគ្គស្នងការរងរនគបាលជាតិនិងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់វីអូឌីថាជាធម្មតា ការដកហូតទ្រព្យសម្បតិ្តដែលបានពីបទល្មើសគ្រឿងញៀនទាំងនោះ អាជ្ញាធរបញ្ជូនទៅតុលាការឲ្យចាត់ការទៅតាមនីតិវិធីច្បាប់សិន មុននឹងសម្រេចលក់ឡាយឡុង ។ លោកបន្តថានេះជាលើកទី១ ហើយដែលមានការដាក់ឲ្យដេញថ្លៃទ្រព្យសម្បតិ្តដែលរឹបអូសបានពីបទល្មើសគ្រឿងញៀននេះ។ លោកមានប្រសាសន៍ថា៖ “(បន្ទាប់ពី)រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៣៣ស្ដីពីការប្រើប្រាស់ការមូលនិធិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានអំពើការរឹបអូស បង្កកទ្រព្យសម្បត្កិពួកជនល្មើសគ្រឿងញៀន។ ទើបមានអាហ្នឹងបានរៀបចំឲ្យមានគេហៅថាប្រកាសស្ដីពីការបែងចែកទ្រព្យសម្បត្តិទៅខាងណាទៅខាងណា”។

កាលពីថ្ងទី ២៧ ខែមេសា កម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយប្រតិបត្តិការអស់ប្រហែលជាង២ម៉ោង សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនជនល្មើសសរុបបាន៥នាក់ បាញ់ស្លាប់១នាក់ ដកហូតបានអាវុធបាន៦ដើម(អាវុធខ្លី៥ដើម អាវុធវែងAK១ដើម) រថយន្ត២គ្រឿងគឺLuxus RX300 មួយគ្រឿងនិងរថយន្តAudiQ7 មួយគ្រឿង ម៉ូតូ០៤គ្រឿង។

គួរបញ្ជាក់ថារបាយការណ៍ស្តីពីការត្រួតពិនិត្យគ្រឿងញៀនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹងថាក្នុងឆ្នាំ២០១៥ អាជ្ញាធរបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនសរុបចំនួន៣០៦១ករណីដែលចំនួននេះកើនឡើងជាង១២៨ភាគរយ បើធៀបនឹងឆ្នាំ២០១៤គឺមានតែ១៣៣៧ករណី។ របាយការណ៍បន្តថាសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧០០៨នាក់និងចាប់បានគ្រឿងញៀនសរុបជាង១៦២០គីឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ