បទយកការណ៍៖ ជនជាតិ​ដើមភាគតិចចារ៉ាយ​នៅ​រតនគិរី​បោះបង់​ប្រពៃ​ណី​ខ្លួនមួយ​ចំនួន​ក្រោយ​ពី​មាន​ជំនឿលើសាសនា​គ្រឹស្ត

ជនជាតិ​ដើមភាគតិចចារ៉ាយ​នៅ​រតនៈគិរី​ (ដោយ ហ៊ុន សិរីវឌ្ឍន៍)

ចម្ងាយជាង៨០គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី ធ្វើដំណើរកាត់តាមជើងភ្នំអមដោយចម្ការកៅស៊ូជាច្រើនហិកតាខ្ញុំបានមកដល់ភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូយ៉ាដាវ។

ភូមិមួយនៅភាគឥសាននេះមានប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយជាង៣០០គ្រួសារកំពុងរស់នៅប្រករបរដូចជា លក់ដូរ ជុសជុលម៉ូតូ ជាដើម។ វាមិនចម្លែកទេដែលពួកគាត់មានមុខរបរបន្ថែមពីការធ្វើស្រែចម្ការនិងប្រមាញ់សត្វជាលក្ខណៈប្រពៃណីដូនតា។ តែអ្វីដែលភ្ញាក់ផ្អើលនោះគឺថាជាងពាក់កណ្តាលនៃប្រជាជនភូមិនេះគឺពួកគាត់បានបោះបង់ជំនឿទៅលើព្រៃភ្នំអារក្សអ្នកតាព្រាយបិសាច ដោយងាកមកមានជំនឿលើសាសនាដែលមនុស្សនៅប្រទេសលោកខាងលិចភាគច្រើនកាន់នោះគឺ សាសនាគ្រឹស្ត។

ជនជាតិដើមភាគតិចទាំងនោះថាមូលហេតុដែលពួកគាត់បានដាក់ខ្លួនចូលជាគ្រឹស្តសាសនិកនេះព្រោះតែពួកគាត់បានយល់ពីព្រះតាមការបង្រៀនរបស់គ្រូគង្វាលសាសនានេះ។

លោក រម៉ាស់ ស្វាង អាយុ៤៧ឆ្នាំបានឲ្យដឹងថាគ្រូគង្វាលសាសនានេះបានមកបង្រៀនពួកគាត់ដោយប្រើប្រាស់ភាសាចារ៉ាយក្នុងការពន្យល់ជាហេតុដែលធ្វើឲ្យពួកគាត់ឆាប់ចាប់បាននិងដាក់ជំនឿលើសាសនានេះ។ លោកបន្ថែមថាសម្រាប់សាសនាព្រះពុទ្ធវិញមិនមែនថាជនជាតិគាត់មិនទទួលនោះទេនោះ ក៏ព្រោះតែពុំមានអ្នកណាចុះមកផ្សព្វផ្សាយសាសនានេះដល់ពួកគាត់។

លោកថា៖ “សាសនាគ្រឹស្តមកពីមានគ្រូគង្វាលគេចូលមកផ្សាយដំណឹងល្អក្នុងសាសនាគ្រឹស្តតែម្តង គេពន្យល់បញ្ជាក់អំពីសាសនាគ្រឹស្ត គេពន្យល់បញ្ជាក់អំពីសាសនាគ្រឹស្ត មនុស្សមួយចំនួនទទួលយកហើយគេចាប់អារម្មណ៍ គេសុខចិត្តថ្វាយខ្លួនរៀនអំពីគម្ពីតែម្តង យូរៗទៅមានអ្នកថ្វាយខ្លួនក៏ច្រើនដូចគ្នា

ជនជាតិដើមភាគតិចចារ៉ាយរូបនេះនិយាយថាដោយសារលោកបានដាក់ជំនឿជឿលើសាសនាគ្រឺស្តនេះហើយ ទើបបណ្តាលជនជាតិដើមភាគតិចចារ៉ាយមួយចំនួនរើសអើងរូបលោក។

លោកថា៖ “ការពិតពីមុនខ្ញុំរស់នៅភូមិទែន ឃុំយ៉ាទុង ខាងហ្នុង[ហ្នឹង]ភូមិកំណើតខាងប្រពន្ធខ្ញុំ ជនជាតិចារ៉ាយយកប្រពន្ធកន្លែងណាគឺនៅកន្លែងនោះមិនអាចផ្លាស់ប្តូរបានទេ សព្វថ្ងៃខ្ញុំមកវិញដោយសារការដាក់សម្ពោធទេ គេគាបសង្គត់មិនឲ្យកើតសាសនាតែម្តង។ គេអត់ឲ្យមានការប្រែប្រួលទេ គេនៅកាន់ប្រពៃណីរបស់គេរហូត សែនផ្តេសផ្តាសរហូត

ថ្វាយខ្លួនជឿលើព្រះគ្រឺស្តនៅឆ្នាំ២០០៦ យុវជនជនជាតិចារ៉ាយម្នាក់លោក ហ្យុត រ៉ាឌី អាយុ២៣ឆ្នាំបានឲ្យអ្នកសារព័ត៌មានដឹងថាប្រពៃណីមួយចំនួនដែលជនជាតិចារ៉ាយធ្លាប់ប្រកាន់យកពីមុននោះនៅពេលនេះពួកគាត់បានបោះបង់អស់ហើយ ដោយយុវជនរូបនេះយល់ថាប្រពៃណីទាំងនោះមិនរីកចម្រើន។

លោកថា៖ “ សាសនាគ្រឺស្តអ្វីដែលគាត់មិនអាចធ្វើគឺសែនព្រេនមួយមុខគត់ ហើយនិងការផឹកជ្រុលអីអញ្ចឹងទៅណា អ្វីដែលមិនល្អគឺសាសនាគ្រឹស្តគាត់បោះបង់ចោលតែម្តង តែលក្ខណៈសិល្បៈអីបើនិយាយពីវប្បធម៌ គឺគាត់នៅតែកាន់ដូចជាសិល្បៈចម្រៀងអីគឺគាត់នៅតែកាន់ដដែល បានន័យថាទោះបីជាគាត់កាន់សាសនាគ្រឹស្តក៏ដោយ គាត់មិនទាន់ដាច់ពីវប្បធម៌គាត់នៅឡើយទេ។ … បើនិយាយពីផលប្រយោជន៍អីដល់យើងសែនព្រេនអី យើងគិតថាវាអត់ប្រយោជន៍អីដល់យើង មានតែខាតវិញ ដូចជាយើងឈឺអីអញ្ចឹងទៅ យើងគិតតែពីសែនព្រេនអី យើងគិតតែពីសែនអស់គោ អស់ក្របីទៅយើងអស់តែលុយហ្នឹង ជួនកាលនៅតែមិនជា បើយើងយកលុយទៅពេទ្យទៅ ប៉ុន(ស្មើ)យើងលក់គោក្របី អីហ្នឹងប្រាកដជាជា ប្រហែលជាជា តែមិនដឹង ថាចឹងទៅណា! យើងសុខចិត្តលក់គោក្របីទៅពេទ្យវិញ យើងអត់ពឹងទៅលើការសែនព្រេនវិញទេ

យុវជនជនជាតិចារ៉ាយម្នាក់ទៀតលោក សល់ លាង បានដាក់ជំនឿថាសាសនាគ្រឺស្តបានជួយលោកឲ្យមានការរីកចម្រើន តែលោកមានការបារម្ភខ្លះដែរពីការបាត់បងប្រពៃណីដែរដូនតាខ្លួនដែលបានបន្សល់ទុកតាំងពីដូនតាមកតែលោកគិតថាប្រពៃណីណាដែលមិនរីកចម្រើនគឺគួរតែបោះបង់ចោល។

លោកថា៖ “យើងទៅសែនទៅគេថាថ្មហ្នឹងមានព្រាយមានបិសាច យើងទៅសែនទៅ នៅតែអត់ជាដដែលអញ្ចឹងទៅសាសនាគ្រឺស្តគេផ្តាច់ចោលតែម្តងអារឿងរបៀបថាសែនហ្នឹង យើងមិនមែនថាមិនជឿលើដើមឈើទេ យើងមានដើមឈើយើងយកធ្វើផ្ទះធ្វើសម្បែងយើង តែយើងត្រូវការសែនលើដើមឈើយើងមិនបាច់សែនទេ

លោកបន្ថែមទៀតថា៖ “អ្វីដែលគួរកែប្រែគួរតែកែ យើងគិតថាមានផលប្រយោជន៍ដល់ខ្លួនយើងណា ទីមួយដល់យើងផឹកស្រវឹងវ៉ៃគេទៅ យកជ្រូកទៅសែនឲ្យគេទៀតវ៉ែតគ្នាគេទៀត យើងគិចថាវាពិបាកក្នុងការប្រើហិង្សាពេលប្រើគ្រឿងស្រវឹងអញ្ចឹងណា មុនដំបូងគេប្រើវ៉ៃ ឥឡូវមានអីឥឡូវជិះម៉ូតូក៏ដួល យើងសេពគ្រឿងស្រវឹងដល់ពេលជិះម៉ូតូទៀតដួលដោយសារយើងផឹកគ្រឿងស្រវឹង

បើតាមការអះអាងរបស់ជនជាតិដើមភាគតិចគឺសាសនាគ្រឹស្តបានចូលមកក្នុងភូមិគាត់ក្នុងឆ្នាំ១៩៩៨ ដោយប្រើការបង្រៀនជាភាសាចារ៉ាយដែលធ្វើឲ្យពួកគាត់ឆាប់ចាប់យល់និងទទួលយកសាសនានេះទៅប្រតិបត្តិ។ ពួកគាត់អះអាងថាមកដល់ពេលនេះជនជាតិដើមភាគតិចចារ៉ាយជាងពាក់កណ្តាលនៅភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូយ៉ាដាវ បានបោះបង់ប្រពៃណីរបស់ខ្លួន ដោយពួកគាត់គិតថាមិនមានប្រយោជន៍ក្រោយពីបានទទួលជឿលើសាសនាថ្មីនេះ។

អ្នកសម្របសម្រួលកម្មវិធីព័ត៌មានសហគមន៍ដែលខ្ញុំបានទៅជាមួយលោក រ៉ន សុភ័ក្រ្តបញ្ញា បានលើកឡើងថាពួកគាត់កំពុងភាន់ច្រលំទៅនឹងអត្ថន័យរវាងប្រពៃណីនិងសាសនា ដែលជាហេតុអាចធ្វើទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចអាចបាត់បង់ទៅបាន។ លោកបន្ថែមថានៅពេលនេះគេអាចកំណត់អត្តសញ្ញាណជាជនជាតិដើមភាគតិចគឺនៅសល់តែភាសាដែលពួកគាត់ប្រើប្រាស់ប៉ុណ្ណោះ។

លោកថា៖ អ្វីដែលយើងបារម្ភគឺភាសាពួកគាត់ហ្នឹងអត់មានជាអក្ខរាវិរុទ្ធទេ អត់មានជាអក្សរ អញ្ចឹងប្រសិនបើថ្ងៃក្រោយទៅ ជនជាតិដើមភាគតិចហ្នឹងអាហ្នឹងបាត់អញ្ចឹងអត់មានការកត់ត្រា ចង់ថាលក្ខណៈប្រពៃណីរបស់គាតហ្នឹងគឺដឹងតាមការប្រាប់តៗគ្នា ព្រោះវាអត់មានអក្សរកត់ត្រាអញ្ចឹងចង់កត់ថាទំនៀមទំលាប់១២៣គឺគេធ្វើអញ្ចេះៗ យើងកត់ត្រាទុកអីវាអត់មាន វាអត់មានសំណេរអញ្ចឹងណា អញ្ចឹងយើងបារម្ភថាជនជាតិដើមភាគតិចអាចហ្នឹងប្រឈមមុខទៅហ្នឹងការបាត់បង់អត្តសញ្ញាណខ្លួនឯង។ … ហ្នឹងហើយដែលខ្ញុំលើកឡើងរ៉ើយៗដែរ ខ្ញុំថាពួកគាត់សព្វថ្ងៃហ្នឹងកំពុងតែមានការភាន់ច្រឡំរវាងជំនឿសាសនា ហើយជាមួយហ្នឹងប្រពៃណីខ្លួនឯង។ ប្រពៃណីជាអត្តសញ្ញាណព្រោះការកាប់ក្របីសែនព្រែន ការផឹកស្រាពាងរបស់គាត់ហ្នឹងវាជាទំនៀមទំលាប់ប្រពៃណី បើយើងអាចមើលឃើញប្រពៃណីខ្លះបើវាមិនសូវជាមានប្រយោជន៍អីហ្នឹងគាត់អាចថាកុំឲ្យវាបាត់នោះគ្រាន់តែថាយើងកុំអនុវត្តវាឲ្យខ្លាំងពេកទៅណា  

អ្នកសម្របសម្រួលកម្មវិធីព័ត៌មានសហគមន៍រូបនេះឲ្យដឹងថា ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានប្រមាណ១៧ម៉ឺននាក់ ហើយពួកគេក្រៅពីមានជំនឿលើសាសនាដើមរបស់ពួកគេគឺមួយចំនួនធំជឿលើសាសនាគ្រឹស្ត ហើយមានតែ១ទៅ២%ប៉ុណ្ណោះដែលមានជំនឿលើព្រះពុទ្ធសាសនា។

អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោក ថៃ នរៈសត្យា យល់ថាការដែលជនជាតិដើមភាគតិចជឿលើសាសនាអ្វីមួយនេះជាសិទ្ធិសេរីភាពនិងជាការវិវត្តផ្នត់គំនិតរបស់សហគមន៍ពួកគេ តែលោកមិនជឿថាជនជាតិដើមភាគតិចទាំងអស់បោះបង់ចោលនូវប្រពៃណីនិងជំនឿរបស់ពួកគេទាំងអស់នោះទេ។ លោកក៏បានបញ្ជាក់ដែរថាប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិចទាំងនោះត្រូវបានក្រសួងបានកត់ត្រាចូលក្នុងបញ្ជីដើម្បីអភិរក្សនិងថែរក្សារួចហើយដែរ។ លោកថា៖ “ប្រពៃណីទាំងអស់ហ្នឹងវាបានស្ថិតនៅក្នុងចំណោមនៃការអភិរក្សថែរក្សារបស់យើង ទោះបីជាសហគមន៍គាត់ណាមួយ គាត់បែរវិលត្រលប់ គាត់ជឿទៅលើសាសនាណាផ្សេងដោយសារតែឥទ្ធិពលនៃការលុកលុយជ្រៀតចូលមកអំពីខាងក្រៅក៏ដោយ ក៏ប៉ុន្តែខ្ញុំគិតថារបាំដែលជាមរតករបស់ជាតិសាសន៍ផ្សេងៗនៅក្នុងទឹកដីយើងត្រូវបានអភិរក្សនិងថែរក្សា”។

វិលទៅរកជនជាតិដើមភាគតិចចារ៉ាយដែលជឿលើសាសនាគ្រឹស្តលោក រម៉ាស ស្វាង។ លោកថាប្រពៃណីកាប់ក្របីសែនព្រេននៅពេលមានអ្នកភូមិឈឺនោះលែងមានប្រយោជន៍ទៀតហើយ គឺមានតែទៅរកគ្រូពេទ្យទើបប្រសើរ។

លោកបន្តថា៖ “កើតអីមិនប្រក្រតីក៏ដោយសុខចិត្តអធិដ្ឋាន មិនអាចសែនព្រេន មិនអាចទៅរកគ្រូ មិនអាចទៅរកអ្វីផ្សេងទៀតទេ! អធិដ្ឋានបើមិនជាទេ ទៅពេទ្យ បើទៅពេទ្យអស់លុយហើយ អស់កាក់ហើយ នៅតែមិនជាទេអធិដ្ឋាន បើអធិដ្ឋាននៅតែមិនជាសុខចិត្តថ្វាយខ្លួនពេលស្លាប់បាត់ទៅបុគ្គលវិញ្ញាណឡើងឋានសួគ៌តែប៉ុណ្ណឹង អត់អីដឹងទីពឹងទៀតទេ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ