លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានថ្លែងចំអកឲ្យបក្សប្រឆាំងថាមិនបានចុះជួយប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកនិងថាបក្សប្រឆាំងកំពុងធ្វើ”នយោបាយភ្លឺណាស់”និង”មិនមែនជាដៃគូប្រកួត”របស់លោកនោះទេ។
ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថាលោកបានស្តាប់ការអត្ថាធិប្បាយរបស់បក្សប្រឆាំងថាមិនអាចជួយទឹកបានទេគឺបានត្រឹមតែផ្តល់យោបល់ ហើយថាចាំពេលកាន់អំណាច ទើបអាចជួយបាន។ លោកបញ្ជាក់ថា៖ “ឱព្រះហើយព្រះ បើអញ្ចឹងចាំជាតិក្រោយ ចាំកាន់”។
លោក ហ៊ុន សែន បន្តថាប្រសិនបើលោកជាបក្សប្រឆាំងវិញ លោកនឹងចុះចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីបង្ហាញដល់អ្នកគាំទ្រ។ លោកបញ្ជាក់ថា៖ “អ្នកធ្វើនយោបាយនៅភ្លឺណាស់ ខ្ចីណាស់ មិនមែនជាដៃគូប្រកួតរបស់ ហ៊ុន សែន ទេ”។ លោកមិនបានបញ្ជាក់ឈ្មោះរបស់គណបក្សណាមួយនោះទេ។
វីអូឌីមិនអាចសុំការបញ្ជាក់ពីមន្រ្តីគណបក្សសង្រ្គោះជាតិបាននៅឡើយទេ។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់លើកឡើងថាការដឹកទឹកយកទៅចែកពលរដ្ឋដែលខ្វះទឹកជា”រូបភាពល្អមើល” តែលោកចាត់ទុកថា”វាមិនមែនជាការគ្រប់គ្រងល្អរបស់រដ្ឋាភិបាលទេ”។ លោកបញ្ជាក់ថា៖ “គណបក្សដទៃ ថ្មី ចាស់ ដែលមិនបានដឹកនាំរដ្ឋាភិបាលនិងមិនធ្លាប់កាប់បំផ្លាញព្រៃឈើ ព្រមទាំងមិនបានចាក់ដីលុបបឹងយកលក់ បើគេមិនបានចូលរួមដឹកទឹកដើរចែកពលរដ្ឋខ្មែរ ក៏មិនមែនជាកំហុសដែរ ពីព្រោះគណបក្សនយោបាយដទៃ ថ្មី និងចាស់ ទាំងអស់នោះមិនមែនចាយលុយជាតិ ដូច គណបក្សកាន់អំណាចទេ”។ លោកបន្ថែមថា៖ “តែបើរដ្ឋាភិបាលបណ្តោយឲ្យមានអ្នកស្លាប់ដោយសារដាច់ទឹកនោះ វាជាកំហុសដ៏ធ្ងន់ធ្ងរ ដែលបង្ហាញពីអមសត្ថភាពនៃការដឹកនាំ ដែលត្រូវតែចុះចេញពីតំណែង”។
កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកុំឲ្យក្រុមណាមួយឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយសារភាពរាំងស្ងួតនៅកម្ពុជា ដោយចាត់ទុកថាអ្នកឆ្លៀតឱកាសទាំងនោះជាក្រុម”និយមឃោសនាបោកប្រាស់”។ លោកបានបញ្ជាក់ថា៖ “សូមកុំឆ្លៀតកេងចំណេញនយោបាយលើបញ្ហាភាពរាំងស្ងួតនៅប្រទេសកម្ពុជា”។ លោកស្នើកុំឲ្យមានការលើកឡើងថា៖“អាទឹកជំនន់ វាថាមកកាប់ឈើ អារាំងស្ងួត វាថាមកពីកាប់ឈើ”៕