លោក ហ៊ុន សែន ថាលោកចង់បានសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានថ្លែងថាលោកចង់បាននូវសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតនិងការបោះឆ្នោតដោយតម្លាភាព ដោយលោកបានរិះគន់ការលើកឡើងថាបាត់ឈ្មោះមនុស្សប្រមាណ១លាន៥សែននាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣។

លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោយពេលរដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាការប្រកាសកាលបរិច្ឆេតនេះមានរយៈពេលមួយឆ្នាំមុនការបោះឆ្នោត ដែលលោកថាតាមច្បាប់គឺឲ្យប្រកាសយ៉ាងតិច៩ខែមុនការបោះឆ្នោត។ លោកបន្តថាការប្រកាសមុននេះ លោកមានបំណងឲ្យបក្សនយោបាយ គ.ជ.ប ប្រជាពលរដ្ឋនិងក្រសួងសេដ្ឋកិច្ចត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់និងកុំឲ្យគណបក្សនយោបាយណាមួយថារដ្ឋាភិបាលមិនប្រកាសកាលបរិច្ឆេតនៃការបោះឆ្នោតឲ្យបានលឿន។

លោក ហ៊ុន សែន ឲ្យដឹងទៀតថាលោកចង់ឃើញបញ្ជីឈ្មោះបោះឆ្នោតមួយសុក្រឹតនិងពុំមានការចោទប្រកាន់ថាបាត់ឈ្មោះអ្នកបោះឆ្នោត។ លោកមានប្រសាសន៍ថា៖ “សូម្បីតែខ្លួនខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវទៅចុះឈ្មោះសាឡើងវិញដែរ ទៅចុះឈ្មោះឡើងវិញទាំងអស់ ដើម្បីធ្វើឲ្យសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតរបស់យើងនេះ ដែលជាការចង់បានរួមរបស់ប្រជាពលរដ្ឋរបស់យើង។ ហើយពេលនោះ យើងនឹងឃើញហើយ តើវាយ៉ាងម៉េច? ព្រោះខ្លះថាបាត់មនុស្ស១លានកន្លះនៅឆ្នាំ២០១៣ ដល់ទៅពេល គេទៅចុះឈ្មោះបន្ថែម បានតែជាង២០ម៉ឺន…អញ្ចឹងទេអា១លាន៥សែនវាទៅណា ថាបាត់១លាន៥សែន” លោកបន្ថែមថា៖ “ទឹកកាន់តែថ្លា មើលឃើញត្រី មើលឃើញបាតដី មើលឃើញសារាយស្អីៗនៅក្នុងហ្នឹង ឃើញទាំងអស់។ នេះហើយជាបញ្ហាដែលយើងចង់ឃើញទាំងអស់ ព្រោះរឿងនេះមិនមែនរឿងតូចតាចទេ អ្នកណាទទួលខុសត្រូវលើបញ្ហាចោទថាបាត់ឈ្មោះមនុស្ស១លាន២សែន ឬ១លាន៥សែន”

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ហើយសង្ឃឹមថាមិនមានហេតុផលបដិសេធលទ្ធផលបោះឆ្នោតណាស្អីទៀត កើតឡើងទេ”

លោក ហ៊ុន សែន បញ្ជាក់ថាលោកចង់ឲ្យការងារបោះឆ្នោតមានតម្លាភាពទាំងអស់គ្នានិងធានាដំណើរការប្រជាធិបតេយ្យ។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណនិងអាចចូលរួមការបោះឆ្នោតបានហើយលោកថាបើពុំបានទៅចុះឈ្មោះបោះឆ្នោត កុំឲ្យមានការចោទប្រកាន់ទៅលើគ.ជ.ប។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានប្រកាន់ថាគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចលួចបន្លំសន្លឹកឆ្នោតនិងទាមទារឲ្យបោះឆ្នោតឡើងវិញ។ វិបត្តិនយោបាយត្រូវបានបញ្ចប់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រោយកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ ដោយក្នុងកិច្ចព្រមព្រៀងនោះ មានការកំណែទម្រង់ការបោះឆ្នោតនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលក្នុងនោះសមាជិកទាំង៩នាក់ មាន៤នាក់មកពីគណបក្សប្រជាជនកម្ពុជា ៤នាក់ពីគណបក្សសង្រ្គោះជាតិនិង១នាក់ជាអ្នកឯករាជ្យ។

បញ្ជីឈ្មោះបោះឆ្នោតនិងកំណែទម្រង់គ.ជ.ប  ត្រូវបានជួយគាំទ្រដោយសហភាពអឺរ៉ុបនិងប្រទេសជប៉ុន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីចុះឈ្មោះការបោះឆ្នោត។ គណៈប្រតិភូអង្គការមូលនិធិកូហ្វីអាណាន់ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីការបោះឆ្នោត។ បើតាមគ.ជ.ប អ្នកមានសិទ្ធិឈ្មោះបោះឆ្នោតអាចឡើងដល់ជាង១០លាននាក់។

សង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនបានកត់សម្គាល់ថាការបោះឆ្នោតកាលពីឆ្នាំ២០១៣ មានភាពមិនប្រក្រតីច្រើនក្នុងនោះមានបាត់ឈ្មោះអ្នកបោះឆ្នោតនិងឈ្មោះស្ទួនជាដើម។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៦ ខែឧសភា បានថ្លែងថាគណបក្សប្រជាជនកម្ពុជាបាននឹងកំពុងបង្កើតបញ្ហានៅក្នុងប្រទេសរួមមានការចាប់ខ្លួនបក្សប្រឆាំងនិងសង្គមស៊ីវិល ដោយថាគណបក្សកាន់អំណាចមានគោលដៅ”បង្អាក់ការបោះឆ្នោត”នៅពេលខាងមុខនេះ។ លោក សម រង្ស៊ី បានថ្លែងថា៖ “ដូច្នេះការបោះឆ្នោតខាងមុខ មានគ.ជ.បថ្មី គឺគណបក្សប្រជាជនកម្ពុជាត្រូវតែចាញ់ឆ្នោតដាច់ខាត អញ្ចឹងណាស់បានជាគេព្រួយបារម្ភណាស់ គេស្លន់ស្លោរ គេត្រូវបង្កើតរឿង បង្កើតឧប្បត្តិហេតុ ធ្វើម៉េចកុំឲ្យការបោះឆ្នោតហ្នឹងទៅរួច ឬមួយការបោះឆ្នោតនាំឲ្យវារអាក់រអួល ឲ្យវាជ្រួលច្របល់ ឲ្យមានអំពើហិង្សា ឲ្យសម្លុត គេសម្លុតឯងតាមចិត្ត កុំឲ្យប្រជារាស្រ្តខ្មែរហ៊ានសម្តែងមតិជាទូទៅ មតិយោបល់ ឆន្ទៈពិតប្រាកដ បើឆន្ទៈពិតប្រាកដគេនឹងចាញ់ អញ្ចឹងហើយសូមយល់ឲ្យច្បាស់ បានគេបង្កើតរឿងមកទល់នឹងសព្វថ្ងៃ”

លោក ហ៊ុន សែន បានថ្លែងថាលោកមិនចង់អតា្ថធិប្បាយឆ្លើយឆ្លងនឹងសារមួយនេះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ