បទយកការណ៍៖ សិប្បកម្ម​ស្មូន​ខេត្តកំពង់​ឆ្នាំងផលិតរបស់មាន​គុណភាព ​តែមិន​សូវមានការគាំទ្រ

អ្នក​ស្រី អូន ពៅ កំពុងកាន់ប៉ាន់ (ដោយ ទូច សុខា)
សម្ភារធ្វើពីដីដុតដាក់តាំងនៅតាមហាង (ដោយ ទូច សុខា)
សម្ភារធ្វើពីដីដុតដាក់តាំងនៅតាមហាង (ដោយ ទូច សុខា)

នៅចម្ងាយប្រហែលជា៥ទៅ៦គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង មានសិប្បកម្មមួយកន្លែងធ្វើសម្ភារប្រើប្រាស់ក្នុងផ្ទះពីដីដុត។ សិប្បកម្មនេះបង្កើតឡើងដោយមូលនិធិ NIPPON ជប៉ុនកាលពីអំឡុងឆ្នាំ២០១០។ ស្មូនកំពង់ឆ្នាំងជាឈ្មោះកន្លែងសិប្បកម្មនេះដែលមានបុគ្គលិកបម្រើការចំនួន១០នាក់ដែលទទួលការបណ្តុះបណ្តាលពីគ្រូជនជាតិជប៉ុន ហើយអ្នកទាំងនោះគឺជាម្ចាស់របស់សិប្បកម្មមួយនេះ។ អ្នកទាំងនោះឲ្យដឹងថាពួកគេអាចផលិតរបស់របរពីដីដុតទាំងនេះឲ្យមានគុណភាពដូចទំនិញបរទេសដែរ តែថាទំនិញរបស់ពួកគេមិនសូវទទួលបានការគាំទ្រនោះទេ។

លោក លន់ ពិសាល វ័យ២៧ឆ្នាំជាម្ចាស់ម្នាក់ក្នុងចំណោម១០នាក់ផ្សេងទៀតកំពុងតែហុច ចាន ពែង ប៉ាន់ កែវ និងផលិតផលធ្វើពីដីមួយចំនួនទៀតទៅឲ្យមិត្តរួមក្រុមដែលកំពុងអង្គុយក្នុងឡចាំរៀបរបស់ទាំងនោះត្រៀមនឹងដុត។ លោករៀបរាប់បណ្តើរថា ផលិតផលក្នុងសិប្បកម្មស្មូនកំពង់ឆ្នាំងរបស់ពួកលោកខុសពីផលិតផលរបស់អ្នកផលិតនៅតាមផ្ទះ ដោយថាផលិតផលរបស់លោកត្រូវដុតក្នុងឡចំនួនពីរដង។ លោកថាដុតលើកទី១ក្នុងកម្តៅ៨០០អង្សារ ដើម្បីបានផលិតផលទាំងនោះមកលាបទឹកថ្នាំសម្រាប់ដុតជាលើកទី២ក្នុងកម្តៅ១៣០០អង្សារ តែអ្នកផលិតនៅតាមផ្ទះគេដុតតែ១លើកក្នុងកម្តៅ៨០០អង្សារប៉ុណ្ណោះ។ លោកថាការដុតចំនួនពីរដងដូច្នេះធ្វើឲ្យផលិតផលទាំងនោះមានភាពរលោងចេញពណ៌ស្អាតនិងរឹងមាំល្អ។

សប្បករកំពុងរៀបចំដុតក្នុងទ្ប (ដោយ ទូច សុខា)
សប្បករកំពុងរៀបចំដុតក្នុងទ្ប (ដោយ ទូច សុខា)

លោកបន្ថែមថា៖ អាហ្នឹងគឺនិយាយទៅវាអត់ជ្រាបទឹក ដូចជាកែវនេះវាធ្លាក់ល្មមៗអត់បែក ហើយរបស់ហ្នឹងគឺវាស្អាត ដោយសារថាកម្តៅយើងដុតដល់១៣០០(អង្សារ)ដីហ្នឹងវាស្វិតវារួញ បើដុតត្រឹម៨០០(អង្សារ)ដីហ្នឹងអត់ទាក់ដល់កម្តៅរបស់វាទេ

លោករៀបរាប់ទៀតថាទំនិញសិប្បកម្មរបស់លោកមានលក់តែនៅផ្សារទំនើបមួយចំនួន សណ្ឋាគារ និងភោជនីយដ្ឋានខ្លះនៅទីក្រុងភ្នំពេញ និងម្តងម្កាលមានមានការបញ្ជាទិញពីប្រទេសជប៉ុន។ លោកឲ្យដឹងដែរថាដោយសារផលិតផលរបស់ពួកលោកត្រូវការពេលយូរសម្រាប់ផលិត ជាហេតុដែលលោកថានាំឲ្យតម្លៃលក់ចេញក៏ថ្លៃដែរ។ ជាមួយតម្លៃចាប់ពី១ដុល្លារដល់តម្លៃប្រហាក់ប្រហែល១០០ដុល្លារសម្រាប់ទំនិញមួយនេះ លោកថាអ្នកប្រើប្រាស់ក្នុងស្រុកមិនសូវទិញផលិតផលរបស់ពួកលោកនោះទេ។ លោកថាផលិតផលរបស់អ្នកផលិតតាមផ្ទះប្រភេទដូចគ្នាមានតម្លៃប្រហែល៥ពាន់រៀល តែតម្លៃរបស់ផលិតផលលោកពី៤ទៅ៥ដុល្លារក៏មាន។

លោកបន្ថែមថា៖ “ភាគច្រើនខ្មែរគេមិនសូវជាឲ្យតម្លៃរបស់ពួកខ្ញុំទេ មានតែជនជាតិហើយគេក៏មិនទិញអីច្រើនទេគេទិញមួយពីរយកទៅស្រុកគេ ហើយភោជនីយដ្ឋានធំគេចង់ឲ្យយើងធានាគុណភាពរបស់ចានយើង អ៊ីចឹងពួកខ្ញុំមិនទាន់អាចរកដីធានាគុណភាពបានដូចប្រទេសជប៉ុន អ៊ីចឹងពួកខ្ញុំធ្វើដីដោយខ្លួនឯង

លោក លន់ ពិសាល បានទៅទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុនរយៈពេល២សប្តាហ៍ដើម្បីមើលពីការផលិតសម្ភារធ្វើពីដីដុតនេះ។ លោកថានៅទីនោះ រដ្ឋាភិបាលជប៉ុនបានគាំទ្រទាំងបច្ចេកទេសនិងទុនសម្រាប់ផលិតករ។ លោកចង់ឲ្យអាជ្ញាធរជួយពួកគាត់ជាទុននិងបច្ចេកទេសបន្ថែមទៀត ដោយថាដើម្បីបង្កើនចំនួនផលិត និងបន្ថយតម្លៃសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ។

លោកបន្តទៀតថា៖ “ស្នើទៅថ្នាក់លើ ដូចជាសម្តេច(ហ៊ុន សែន)ជួយជាថវិកា ហើយជួយលើកស្ទួយសេរ៉ាមិចខ្មែរយើងព្រោះថាសេរ៉ាមិចខ្មែរយើងបាត់បង់តាំងពីមុនសម័យអង្គរទៀត ហើយឥឡូវពួកខ្ញុំបាននាំគ្នាធ្វើចេញមកវិញហើយ អ៊ីចឹងសូមឲ្យពួកគាត់ជួយជាកម្លាំងចិត្ត ក៏អស់ចិត្តដែរ មិនបាច់ថវិកាក៏បានដែរជួយលើកស្ទួយណាបង

ចំណែកអ្នកស្រី អូន ពៅ វ័យ៥៤ឆ្នាំ ដែលធ្លាប់បានទៅធ្វើទស្សនកិច្ចសិក្សាទៅប្រទេសអាល្លឺម៉ង់និងជប៉ុនផងនោះរៀបរាប់ទាំងដៃកាន់ទ្រនាប់ពែងថាពួកអ្នកស្រី ទិញដីនិងឱសពីតំបន់ជិតខាង។ អ្នកស្រីថាដោយឡែកទឹកថ្នាំនិងម៉ូតរបស់ផលិតផលគឺពួកអ្នកស្រីជាអ្នកធ្វើដោយខ្លូនឯង។ អ្នកស្រីរៀបរាប់ទៀតថា៖ យើងធ្វើដីដំបូងគឺប្រុសៗបួននាក់អ្នកធ្វើជាន់ដី ជាន់ហើយយកទៅដាក់ក្នុងម៉ាស៊ីន ចេញពីម៉ាស៊ីនគ្នាខ្ញុំ៦នាក់ស្រីៗជាអ្នកយកទៅធ្វើជារូបរាង ជាពិសេសប្រុសៗអ្នកដុត អ្នកធ្វើទឹកថ្នាំជាពិសេសប្រុសៗធ្វើការងារធ្ងន់ជាង

អ្នកស្រីឲ្យដឹងថាពួកអ្នកស្រីអាចទទួលបានប្រាក់កម្រៃពី១៥០ដុល្លារទៅ២០០ដុល្លារក្នុងម្នាក់ៗសម្រាប់១ខែ ដោយថាក្រោយពីទូទាត់ការចំណាយផ្សេងៗ។ អ្នកស្រីបន្តថាបើសិនជាមានអតិថិជនទទួលស្គាល់និងគាំទ្រផលិតផលរបស់ពួកអ្នកស្រីច្រើន អ្នកស្រីថាសិប្បកម្មមួយនេះនឹងអាចពង្រីកខ្លួនបានតទៅទៀត។

អ្នកស្រីបន្ថែមថា៖ “ឲ្យជួយគាំទ្រខ្មែរយើងទៅកុំឲ្យចេះថាខ្មែរយើងអត់ពេក ស្អីទៅយកវៀតណាមមក របស់វៀយណាមថោកជាងណាស់ របស់ខ្មែរយើងថ្លៃម្លេះ…គេធ្វើសុទ្ធតែគ្រឿងម៉ាស៊ីន ហើយឡគេដុត ដុតតែដុំធ្យូងទិញ១គីឡូថ្លៃតែប៉ុន្មានកាក់ហ្នឹង ហើយខ្ញុំដុតម្តងអស់ជាង១០០ដុល្លារហើយហ្នឹង ចុះទម្រាំដុតពីរដងឯណោះ ទូទាត់តម្លៃលក់ឲ្យដូចរបស់វៀយណាមខ្ញុំលក់វាមិនបាន អ៊ីចឹងសុំឲ្យអ្នកប្រើប្រាស់ហ្នឹងយល់ពីពួកខ្ញុំផង

អ្នកស្រីបន្តថាម្តងម្កាលមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងមកទាក់ទងឲ្យពួកអ្នកស្រីយកផលិតផលរបស់ខ្លួនទៅតាំងពិព័ណ៌ក្នុងកម្មវិធីមួយចំនួនផងដែរ តែអ្នកស្រីថាដោយខ្វះមនុស្សពួកអ្នកស្រីមិនសូវជាបានចូលរួមនោះទេ។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ថន មានប្រសាសន៍ថាមន្ទីររបស់លោកមិនមានលទ្ធភាពជួយជាដើមទុនឬបច្ចេកទេសអ្វីនោះទេ ដោយថាមន្ទីរមិនមានថវិកាសម្រាប់ចំណាយលើរឿងនេះ។ លោកថាមន្ទីរបានត្រឹមតែជួយផ្សព្វផ្សាយផលិតផលរបស់សិប្បកម្មមួយនេះតាមរយៈការតាំងពិព័ណ៌តែប៉ុណ្ណោះ។ លោកបន្ថែមថា៖ “នៅខាងមន្ទីរនេះអត់មានកញ្ចប់ថវិកាអីដើម្បីជួយពង្រីកពួកគាត់ទេ មានតែជួយប្រមូលសម្ភារ(ពេល)មានពិព័ណ៌ធំៗនៅកោះពេជ្រ អង្គរសង្គ្រាន្តខេត្តសៀមរាប និងនៅតាមបណ្តាខេត្តផ្សេងៗដែលគេទំនាក់ទំនងមក បើមានលទ្ធភាពមន្ទីរជួយពួកគាត់ទៅ

លោកប្រធានមន្ទីរឲ្យដឹងដែរថាតាមរយៈការតាំងពិព័ណ៌ អតិថិជនដូចជាម្ចាស់សណ្ឋាគារធំៗមួយចំនួនក៏បានទាក់ទងឲ្យសិប្បកម្មនេះផលិតជាថូផ្កានិងផើងដាក់ផ្កាជាដើមនោះឲ្យពួកគេផងដែរ។

បើតាមអ្នកស្រី អូន ពៅ ការខ្វះខាតទុនដើម្បីពង្រីកចំនួនផលិតនិងការគាំទ្រពីអ្នកប្រើប្រាស់ ជាកត្តាសំខាន់ដែលធ្វើឲ្យផលិតផលរបស់ពួកអ្នកស្រីពិបាកប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសជិតខាងនៅលើទីផ្សារសព្វថ្ងៃ។

លោកស្រីបន្តថា៖ បើនៅប្រទេសជប៉ុនគេមានម៉ាស៊ីន ចានគេៗអុកសុទ្ធតែម៉ាស៊ីន ដ៏មកខាងម៉ីងនេះធ្វើដោយដៃៗសុទ្ធសាធតែម្តង អ៊ីចឹងវាយឺត ហើយវត្ថុធាតុដើមយើងទិញមកប្រើប្រាស់វាថ្លៃ ដ៏អ៊ីចឹងយើងលក់តម្លៃថោកវាអត់បាន យើងចង់លក់ឲ្យថោកដូចរបស់វៀតណាម របស់នាំចូលដែរតើ តែធ្វើវវាអត់បានយើងអត់មានឧបករណ៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ