លោក កឹម សុខា ថាករណីរឿងបុគ្គលរូបលោកមានការចំណាយ​ថវិកា​និងមនុស្ស​ច្រើន

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​(អាវស)ថ្លែង​ក្នុងពេលសំណេះសំណាលជាមួយ​យុវជន​នៅព្រឹកថ្ងៃ​ពុធនេះ(រូបថតដោយSBN)

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃពុធនេះ បានថ្លែងថាករណីបុគ្គលរូបលោក មានការចំណាយពេលវេលា ស្ថាប័ន មនុស្សនិងថវិកាច្រើន ដោយលោកថានេះដោយសារលោកធ្វើការងារដើម្បីជាតិ។

លោកបានថ្លែងបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រមាណ៥០នាក់នៅស្នាក់ការរបស់គណបក្សសង្រ្គោះជាតិ។ លោក កឹម សុខា បានថ្លែងថាដោយសារលោកធ្វើការងារដើម្បីជាតិ ទើបមានការរុកគួនរូបលោកក្នុងបញ្ហាបុគ្គល។ លោកមានប្រសាសន៍ថា៖ “ហេតុអ្វីបានជារឿងបញ្ហាបុគ្គលខ្ញុំសោះ មនុស្សប្រហែលខ្ញុំសោះ ម៉េចក៏គេបុករុកមាំម្ល៉េះ អ្នកខ្លះគេថារឿងបុគ្គលសោះ ម៉េចក៏គេចំណាយពេល ចំណាយស្ថាប័ន ចំណាយលុយ ចំណាយអី មកបុកច្រើនម្ល៉េះ ចំណាយមនុស្សច្រើនណាស់ ដើម្បីមកបុករឿងបុគ្គលខ្ញុំ មានឆ្ងល់ទេបងប្អូន? បើសិនជារឿងបុគ្គលសុទ្ធសាធ កឹម សុខា សុទ្ធសាធ ប្រហែលជាមិនបាច់ចំណាយដល់ប៉ុណ្ណឹងទេ ប៉ុនកឹម សុខា គឺជាតិ ដោយសារកឹម សុខា ឈរដើម្បីជាតិ មែនទេបងប្អូន? បើខ្ញុំឈរដើម្បីតែខ្លួនឯងផ្ទាល់ ដើម្បីគ្រួសារខ្ញុំ គេមិនបាច់ធ្វើអីដល់ប៉ុណ្ណឹងទេ ចំណាយអីអស់ប៉ុណ្ណឹងប៉ុណ្ណឹងទេ”។

លោក កឹម សុខា បន្តថាចាប់ពីលោកធ្វើនយោបាយតាំងពីឆ្នាំ១៩៩២ លោកត្រូវបានគេធ្វើទុក្ខបុកម្នេញរូបលោកជាបន្តបន្ទាប់ តែលោកមិនបានបញ្ជាក់ថាអ្នកណានោះទេ។ ទោះជាយ៉ាងណា លោកសង្ឃឹមថាថ្ងៃណាមួយ ខ្មែរនឹងឈប់ឈ្លោះគ្នាជាមួយខ្មែរ។

តុលាការបានកោះហៅលោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃពុធនេះ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។ លោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។

ក្នុងកម្មវិធីតុមូលរបស់វីអូឌីនៅថ្ងៃចន្ទនេះ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញុំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង  អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ”។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ប្រាប់វីអូឌីថា៖ “អ្វីដែលលោក ឱម យ៉ិនទៀង គាត់មានយោបល់អីផ្ទាល់ខ្លួនអីយើងមិនមានការចាប់អារម្មណ៍ទៅលើសម្ដីទាំងនោះទេបាទ”។

លោកមេធាវី សុក សំអឿន មិនយល់ស្របតាមការលើកឡើងរបស់លោក ឱម យ៉ិនទៀងនោះទេ ដោយលោកមានប្រសាសន៍ថាបើតាមច្បាប់ អ្នកមានអភ័យឯកសិទ្ធិមិនត្រូវចាប់ខ្លួននោះទេ បើទោះជាមិនចូលទៅតុលាការតាមការកោះហៅក៏ដោយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថាការគេចមិនចូលបំភ្លឺអាចជាការបង្កើតបទល្មើសមួយដែរ តែលោកមិនទាន់អាចបញ្ជាក់ថាតើជាបទល្មើសជាក់ស្តែងឬយ៉ាងណា។ លោកបញ្ជាក់ថា៖ “ក្នុងករណីចូលបំភ្លឺ បច្ចុប្បន្ននេះ គឺថាមិនមានអ្វីពាក់ព័ន្ធទៅហ្នឹងអភ័យឯកសិទ្ធិសភានោះទេ ព្រោះគ្រាន់តែកោះឲ្យគាត់ចូលទៅបំភ្លឺតែប៉ុណ្ណោះ តែប្រសិនបើគាត់មិនទៅបំភ្លឺ គាត់គេចចេញពីការកោះហៅ គាត់មិនសហការជាមួយអាជ្ញាធរសាធារណៈ វាអាចបង្កើតជាបទល្មើសមួយថ្មីផ្សេងទៀត។ អញ្ចឹងថាតើបទល្មើសអី ថាតើមានធាតុផ្សំគ្រប់គ្រាន់ ក្នុងការកំណត់ថាជាបទល្មើសដែរឬអត់? ហើយវាកំណត់ថាជាបទល្មើសជាក់ស្តែងឬក៏មិនជាក់ស្តែង វាអាស្រ័យទៅលើចំណាត់ការរបស់តុលាការនៅពេលនោះ”។

កាលពីសប្តាហ៍មុន ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានសម្រេចមិនឲ្យតំណាងរាស្រ្ត៣រូបចូលបំភ្លឺតាមការកោះហៅ ដោយលើកឡើងថាចំណាត់ការនេះបំពានអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”។

កន្លងទៅ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ដោយរដ្ឋាភិបាលបញ្ជាក់ថានេះជាបទល្មើសជាក់ស្តែង ដោយសារការបង្ហោះសារនិងការអត្ថាធិប្បាយពីផែនទីក្លែងក្លាយនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។ បក្សប្រឆាំងបានរិះគន់ចំណាត់ការនេះថារំលោភលើរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ