មូលនិធិកូហ្វីអាណាន់ប្តេជ្ញា​ជួយ​​ការបោះឆ្នោត​នៅកម្ពុជា​ទុកចិត្តបាននិងមានការផ្ទេរអំណាច​ដោយសន្តិវិធី​

(រូបថតពីហ្វេសប៊ុក​របស់តំណាងរាស្រ្តបក្សសង្រ្គោះជាតិ​លោក ឡុង រី)

មន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងថាគណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់បានសន្យាថានឹងជួយកម្ពុជាធ្វើយ៉ាងម៉េចឲ្យការបោះឆ្នោតនៅពេលខាងមុខ ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរីនិងយុត្តិធម៌ហើយការផ្ទេរអំណាចអាចប្រព្រឹត្តទៅដោយសន្តិវិធី។

ការថ្លែងនេះធ្វើឡើងបន្ទាប់ពីមានជំនួបមួយនៅរសៀលថ្ងៃចន្ទនេះ រវាងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនិងគណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់ដែលដឹកនាំដោយនាយកប្រតិបត្តិកិច្ចការបោះឆ្នោត លោក Alan Doss។

អ្នកនាំពាក្យបក្សប្រឆាំង លោក យឹម សុវណ្ណ បានថ្លែងថាគណបក្សបានស្នើសុំឲ្យរកមធ្យោបាយជួយដល់សមាជិកនិងមន្រ្តីគ.ជ.ប រួចផុតពីការចោទប្រកាន់របស់តុលាការ។ លោកបន្ថែមថាភាគីទាំងពីរក៏បានពិភាក្សាធ្វើម៉េចឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរីនិងយុត្តិធម៌ រួមទាំងការផ្ទេរអំណាចមួយដោយសន្តិវិធី។ លោកបញ្ជាក់ថាចំណុចវិជ្ជមានមួយគឺថាគណៈប្រតិភូមូលនិធិកូហ្វីអាណាន់ក៏បានប្តេជ្ញាចិត្តធ្វើម៉េចឲ្យការបោះឆ្នោតអាចទុកចិត្តបាន។

 លោកមានប្រសាសន៍ថា៖ “តំណាងមូលនិធិកូហ្វីអាណន់ គាត់បានលើកថានឹងខិតខំធ្វើយ៉ាងម៉េចដើម្បីបង្កើតនូវក្របខណ្ឌនិងបរិយាកាស ឲ្យមានការជជែកគ្នា ភាគីពាក់ព័ន្ធ គណបក្សនយោបាយ  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនិងសង្គមស៊ីវិល ជាពិសេសទៅ គាត់នឹងធ្វើការទំនាក់ទំនងជាមួយឥស្សរជនសំខាន់ៗដែលគេធ្លាប់ដឹកនាំការបោះឆ្នោតជាតិរបស់បណ្តាប្រទេសមួយចំនួន ដែលធ្លាប់ដឹកនាំបានជោគជ័យ ដែលបោះឆ្នោតទៅ មានបញ្ហាតិចតួច ហើយការផ្ទេរអំណាចពីគណបក្សនយោបាយមួយទៅគណបក្សនយោបាយមួយទៀតដោយសន្តិវិធី គឺគាត់នឹងព្យាយាមទំនាក់ទំនងឥស្សរជនទាំងអស់នោះ ដើម្បីធ្វើម៉េចពិភាក្សាគ្នា ជួយធ្វើម៉េចឲ្យការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តទៅដោយសន្តិវិធីដែរ”

លោក យឹម សុវណ្ណ បញ្ជាក់បន្ថែមថាគណបក្សសង្រ្គោះជាតិកំពុងស្ថិតក្នុងស្ថានភាពភ័យព្រួយនិងបារម្ភពីសុវត្ថិភាព ដែលលោកថាអាចបង្កជាបរិយាកាសមួយមិនល្អសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ លោកបន្តថាគណបក្សបានស្នើឲ្យមានការចរចាដើម្បីរកដំណោះស្រាយនយោបាយទាំងនេះ។

កាលពីព្រឹកថ្ងៃចន្ទ គណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់បានជួបជាមួយថ្នាក់ដឹកនាំរបស់គ.ជ.ប។ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អ្នកសារព័ត៌មានថាគណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់បានលើកយកបញ្ហាចំនួន៣មកជជែកពិភាក្សា រួមមានទី១ ការបោះឆ្នោត ទី២ ទាក់ទងលទ្ធិប្រជាធិបតេយ្យនិងទី៣ សន្តិសុខក្នុងតំបន់។ លោកមានប្រសាសន៍ថា៖ “អញ្ចឹងប្រសិនជាការបោះឆ្នោតល្អ ទទួលបានលទ្ធិប្រជាធិបតេយ្យល្អនោះសន្តិសុខវាល្អហើយណាស់។ ហើយអំបាញ់មិញឯកឧត្ដមប្រធាន គ.ជ.ប លោកបានលើកឡើងខ្លះហើយថាការងារសន្តិសុខបោះឆ្នោត កន្លងមកនៅប្រទេសកម្ពុជាគឺមានការសហការរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ហើយនិងគ.ជ.ប ហើយកម្ពុជាពុំធ្លាប់មានបញ្ហាភេរវកម្មបោះឆ្នោត ដូចជាបំផ្ទុះគ្រាប់បែក អត្តឃាត ដូចជានៅប្រទេសមួយចំនួននោះទេ អញ្ចឹងកម្ពុជានៅតែគ្រប់គ្រងស្ថានការបោះឆ្នោតបាន”

គណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់បានកំពុងបំពញទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែឧសភា ហើយនឹងគ្រោងជួបជាមួយអ្នកនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ មន្ត្រីស្ថានទូតប្រចាំកម្ពុជា ស្ថាប័នគ.ជ.បនិងរដ្ឋាភិបាលផងដែរ៕ ដោយ ខាន់ លក្ខិណានិង ស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ