មេធាវីថា​តុលាការស៊ើបអង្កេត​ករណី​លោក នី ចរិយា ដោយ​សារ​ខ្សែអាត់សំឡេង​តាម​ទូរស័ព្ទ

អគ្គលេខាធិការ​រងគជប និង​ជា​អតីត​មន្រ្តីសមាគមអាដហុក លោក នី ចរិយា

មេធាវីការពារក្តីឲ្យអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីនោះ ឲ្យដឹងថាព្រះរាជអាជ្ញាបានសួរនាំកូនក្តីរបស់លោកដោយផ្អែកលើខ្សែអាត់សំឡេងដែលលោក នី ចរិយា ទាក់ទងជាមួយមន្ត្រីអាដហុក។

លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កាលពីថ្ងៃចន្ទ មន្រ្តីអាហុក៤រូបត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែក លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។

លោក សំ សុគង់ មេធាវី ការពារក្តីឲ្យលោក នី ចរិយា ប្រាប់វីអូឌីនៅព្រឹកនេះថាព្រះរាជអាជ្ញាបានសាកសួរកូនក្តីរបស់លោក ដោយផ្អែកលើខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទរបស់លោក នី ចរិយា ជាមួយមន្ត្រីអាដហុកដែលជាអតីសហការី។ លោកបន្តថាព្រះរាជអាជ្ញាមិនបានប្រាប់លោកទេថាបានខ្សែអាត់សំឡេងនោះដោយវិធីណានិងបានពីណានោះ ប៉ុន្តែលោកថាព្រះរាជ្ញាអាជ្ញាបញ្ជាក់ថាខ្លួនមានខ្សែអាត់នោះជាភស្តុតាង។ លោកបន្ថែមថា៖ “គេសួរៗទាក់ទងទៅនឹងទំនាក់ទំនងរបស់គាត់ហ្នឹងតាមរយៈទូរស័ព្ទទៅមន្រ្តីអាដហុក ដែលគាត់ជាប់ពាក់ព័ន្ធហ្នឹង ហើយគាត់ត្រូវបានគេសម្រេចចោទប្រកាន់ហ្នឹង…សំឡេងយើងអត់ដឹងថាគេយកមកពីណាទេ តែគេថាគេមានភស្តុតាងហ្នឹង ខាងមេធាវីក៏អត់ទាន់បានឃើញ បានឭដែរគ្រាន់តែដឹងថាគេមានភស្តុតាងអ៊ីចឹងៗណា”

លោក សំ សុគង់ ឲ្យដឹងដែរថាលោកមិនទាន់ច្បាស់ទេថាការចោទប្រកាន់ទៅលើកូនក្តីរបស់លោកនោះពាក់ព័ន្ធទៅលើអង្គហេតុអ្វីច្បាស់លាស់នៅឡើយដែរទាក់ទងនឹងការសូកប៉ាន់នេះ។ លោកបន្ថែមថា៖ “ឥឡូវយើងអត់មានឃើញអង្គហេតុច្បាស់ថាទាក់ទងនឹងការសូកប៉ាន់ហ្នឹងជាលុយកាក់ឬការទំនាក់ទំនង ឬជាការងារឬក៏ជាការសន្យា។ បច្ចុប្បន្ននេះនៅមានភាពស្រពេចស្រពិល ស៊ើបអង្កេតមួយមិនទាន់ច្បាស់លាស់”

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាការថតសំឡេងសន្ទនាតាមទូរស័ព្ទអាចធ្វើទៅបានលុះត្រាតែមានការអនុញ្ញាតពីតុលាការ។ លោកបន្តថាបើសិនជាការថតសំឡេងតាមទូរស័ព្ទត្រូវធ្វើឡើងមុនការអនុញ្ញាតរបស់តុលាការ លោកថាវាជាអំពើខុសច្បាប់។ លោកបន្ថែមថា៖ “ប៉ុន្តែនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌយើងពិនិត្យមើលថាមានតែចៅក្រមមួយគត់ដែលអាចធ្វើការស៊ើបសួរ អាចអនុញ្ញាតឲ្យមានការស្តាប់សំឡេងថតសំឡេងគេបាន ដើម្បីធ្វើការស៊ើបអង្កេតលើបទល្មើសអ្វីមួយ”

កាលពីថ្ងៃទី២៨ ខែមេសា លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានកោះហៅសាកសួរ រួចសម្រេចឃុំខ្លួននិងបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់។ វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីប្រធានACU លោក ឱម យ៉ិនទៀង បាននៅឡើយទេ។ ទោះជាយ៉ាងណា កន្លងទៅ លោកធ្លាប់បញ្ជាក់ថាការសម្រេចឃុំឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងមន្រ្តីគ.ជ.ប ដោយសារចម្លើយរបស់អ្នកទាំង៥ស៊ីចង្វាក់ជាមួយភស្តុតាងដែលអង្គភាពមាននិងចម្លើយសារភាពរបស់អ្នកផ្សេងទៀត។

យោងតាមក្រមព្រហ្មទណ្ឌមាត្រា២៩និង៥៤៨ ពីបទសមគំនិតនិងបទសូកប៉ាន់សាក្សី មន្ត្រីអាដហុក៤រូប និងលោក នី ចរិយា អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ ក្នុងក្រមព្រហ្មទណ្ឌដូចគ្នាដែរ មាត្រា៥៤៧ចែងពីបទស៊ីសំណូករបស់សាក្សី ដើម្បីធ្វើសក្ខីកម្មក្លែងក្លាយក៏ត្រូវផ្តន្ទាទោសពី៥ទៅដប់ឆ្នាំដូចគ្នា។

ទោះយ៉ាងណា លោក មេធាវី សុក សំអឿន មានប្រសាសន៍ថាប្រសិនបើសាក្សីនោះផ្តល់ចម្លើយពិតវិញនៅមុនពេលបើកសវនាការ លោកថាសាក្សីរូបនោះនឹងត្រូវរួចពីការផ្តន្ទាទោសនេះ បើទោះបីជាសាក្សីនេះបានទទួលសំណូកហើយក៏ដោយ។ លោកបញ្ជាក់ថា៖ “តែបើសាក្សីគេកែសម្តីមុនសវនាការគេឡើកលែង…មានន័យថាកែរហូត បើកែក្រោយបើកសវនាការមានន័យថាហួសពេលហើយ តែបើកែមុនសវនាការមានន័យថាគាត់រួចផុតពីការចោទប្រកាន់ថាកុហកហើយ”

នៅថ្ងៃអង្គារនេះ អង្គការតម្លាភាពអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិ ដោយថាអង្គភាព”មិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ”។ ក្រុមសហគមន៍និងអង្គការសមាគមប្រមាណ៦០ក៏បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការសោកស្តាយចំពោះការចោទប្រកាន់របស់តុលាការលើមន្រ្តីអាដហុកនិងមន្រ្តីគ.ជ.ប ពីបទល្មើសសូកប៉ាន់និងសមគំនិត ដោយលើកឡើងថាសមាគមអាដហុកផ្តល់លុយជាង២០០ដុល្លារដល់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាគោលការណ៍របស់អង្គការ មិនពាក់ព័ន្ធនឹងការសូកប៉ាន់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ