លិខិតមិត្តអ្នកអាន៖​ មាត្រា៨០នៃរដ្ឋធម្មនុញ្ញឆ្នាំ៩៣

រដ្ឋធម្មនុញ្ញខ្មែរឆ្នាំ៩៣ បើគិតមកដល់ពេលនេះមានអាយុជាង២០ឆ្នាំហើយ មើលទៅចាស់ដែរហើយ ប៉ុន្តែអ្នកអនុវត្តចាស់ៗមួយចំនួនដែលផ្តល់យោបល់ដោយបណ្ឌិតក្មេងៗនោះបានធ្វើឱ្យរដ្ឋធម្មនុញ្ញទៅជាគ្មានន័យ ទន់ល្វិល្វ៉ក់ដូចចេក ការពារមិនបានតំណាងរាស្ត្រ អ្នកបម្រើរាស្ត្រឡើយ។ ការពារមិនបានដោយសារតែអភ័យឯកសិទ្ធិ ឬសិទ្ធិដែលត្រូវបានការពារលើសពីគេ លើសរាស្ត្រនិងមន្ត្រីជាន់ខ្ពស់មួយចំនួននោះក្លាយជាគ្មានន័យនៅពេលអំណាចផ្តាច់ការនៅមានអត្ថិភាព នៅពេលគេធ្វើឱ្យមាត្រា៨០នៃរដ្ឋធម្មនុញ្ញត្រូវបានបកស្រាយផ្សេងពីគោលបំណងច្បាប់។ បើចឹងចង់សាកល្បងបកស្រាយមាត្រា៨០ហ្នឹងលេងៗមើល តើមាត្រាហ្នឹងគេចង់មានន័យយ៉ាងម៉េច គោលបំណងយ៉ាងណាវិញ?

មាត្រា៨០ត្រូវបានចែកជា៥វាក្យខណ្ឌ ដែលវាក្យខណ្ឌទី១ និងទី២ ចែងថា “តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំបែញមុខងាររបស់ខ្លួនសោះឡើយ”។ កថាខណ្ឌទាំងពីរនេះងាយយល់ទេគឺក្នុងការបំពេញមុខងាររបស់ខ្លួនក្នុងជីវភាពជាអ្នកតំណាងរាស្ត្រនៅក្នុងអាណត្តិរបស់ខ្លួន ជាពិសេសគ្រប់រូបភាពនៃការបញ្ចេញមតិមិនត្រូវបានចាត់ទុកថាមានទោសឡើយ ពោលគឺស្ថិតក្នុងក្របខ័ណ្ឌនៃតួនាទី និងមុខងាររបស់ខ្លួន។ ចំណុចនេះបានបញ្ជាក់យ៉ាងច្បាស់ថាក្នុងមុខងាររបស់ខ្លួន មុខងារជាអ្នកតំណាងឱ្យរាស្ត្រ! ដែលផ្ទុយពីមតិខ្លះលើកឡើងថាមានអភ័យឯកសភាមានតែនៅក្នុងសភាប៉ុណ្ណោះ ពេលចេញពីសភា ពេលទៅហូបគុយទាវ ឬទៅដល់ផ្ទះលែងមានហើយ។

បន្ទាប់មកទៀត វាក្យខណ្ឌទី៣ សំខាន់ណាស់សម្រាប់ពេលដូចបច្ចុប្បន្ន។ វាក្យខណ្ឌនេះមានខ្លឹមសារ “ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច” បានន័យថា ប្រសិនបើតំណាងរាស្ត្រណាមួយបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រសួងមានសមត្ថកិច្ច ត្រូវប្រាប់ទៅរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាបន្ទាន់។ អញ្ចឹងតើរាយការណ៍ដើម្បីអ្វី? រាយការណ៍ដើម្បីឱ្យរដ្ឋសភាកោះប្រជុំក្នុងការសម្រេចលើករណីរបស់តំណាងរាស្ត្រណាម្នាក់។ តើសម្រេចលើស្អី? សម្រេចទៅលើអភ័យឯកសិទ្ធិសភាថាត្រូវដកឬមិនដកអភ័យឯកសិទ្ធិ ដើម្បីឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួន ដោយត្រូវការសំឡេងពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ដែលមាននៅក្នុងវាក្យខណ្ឌទី៤ “សេចក្តីសម្រេចរបស់គណៈកម្មធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល” មានន័យថានៅពេលរដ្ឋសភាសម្រេចដកអភ័យឯកសិទ្ធិតំណាងរាស្ត្ររួចហើយ តុលាការអាចបន្តនីតិវិធីលើតំណាងរាស្ត្ររូបនោះបានហើយ។ ចុះបើរដ្ឋសភារកសំឡេងមិនបានពីរភាគបីដើម្បីដកអភ័យឯកសិទ្ធិ គិតយ៉ាងម៉េច? យើងត្រូវបកទៅរកវាក្យខណ្ឌទី២ដដែល ដូចនេះតុលាការត្រូវផ្អាកនីតិវិធីសិន ហើយដោះលែងតំណាងរាស្ត្រវិញឱ្យចូលធ្វើការធម្មតារង់ចាំដល់ចប់អាណត្តិអស់អភ័យឯកសិទ្ធិដោយស្វ័យប្រវត្តិទើបអាចចាត់ការតាមនីតិវិធីបន្ត។ ធ្វើចឹងទើបមិនមាននិទណ្ឌភាពដោយសារអភ័យឯកសិទ្ធិ។

ដោយឡែកប្រសិនបើរដ្ឋសភាយល់ឃើញថាការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយមិនមានភាពចាំបាច់នៅក្នុងកាលៈទេសៈនោះ ឬចង់ផ្អាកនីតិវិធីតុលាការមិនឱ្យបន្តទៅមុខ ហើយទុកឱ្យតំណាងរាស្ត្រណាមួយនៅបន្តធ្វើការទៀតសិន ត្រូវបានបញ្ជាក់នៅក្នុងវាក្យខណ្ឌចុងក្រោយ“ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល”។ មានន័យថាតុលាការបានបន្តនីតិវិធីរបស់ខ្លួនលើតំណាងរាស្ត្រដែលបានដកអភ័យឯកសិទិ្ធរួចហើយ រដ្ឋសភាបានអនុម័តតាមមតិភាគច្រើនបីភាគបួនដើម្បីស្នើដល់តុលាការដើម្បីផ្អាកនីតិវិធីសិន រង់ចាំដល់ចប់អាណត្តិទើបអាចបន្តនីតិវិធីទៀត។

សរុបមក មាត្រា៨០ មានខ្លឹមសារគ្រប់គ្រាន់ក្នុងការការពារតំណាងរាស្ត្រពីការឃុំខ្លួន ចោទប្រកាន់នានានិងបានផ្តល់បុព្វសិទ្ធិដល់សភាក្នុងការផ្អាកនីតិវិធីតុលាការបាន ព្រោះការផ្អាកនីតិវិធីតុលាការមិនមែនបានន័យថាតំណាងរាស្ត្រណាម្នាក់អាចរួចខ្លួនពីអំណាចយុត្តាធិការនោះទេ។ និយាយរួម ប្រសិនបើមិនមានការដកអភ័យឯកសិទ្ធិសភារបស់សមាជិកសភាណាម្នាក់នោះទេ តុលាការមិនអាចបន្តនីតិវិធីរបស់ខ្លួនបានឡើយ ហើយក៏គ្មានចំណុចណានៅក្នុងមាត្រា៨០ចែងថាសំឡេភាគច្រើនដាច់ខាតរបស់រដ្ឋសភាអាចឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនលើតំណាងរាស្ត្រណាម្នាក់បានដែរ។

ខ្ញុំចង់និយាយថា “មានច្បាប់ល្អជារឿងមួយ ប៉ុន្តែបើការអនុវត្តមិនល្អវាអាក្រក់ជាងអត់ច្បាប់ទៅទៀត”៕

ដោយ លោក សក្កដា ប្រយុទ្ធ

សរសេរមកកាន់លោក សក្កដា ប្រយុទ្ធ តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ