លិខិតមិត្តអ្នកអាន៖រង់ចាំនរណានាំលទ្ធិប្រជាធិបតេយ្យមក?

ប្រជា​ពលរដ្ឋ​តវ៉ា​នៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី​២ខែឧសភា ឆ្នាំ​២០១៦ ទាមទារ​ឲ្យ​ដោះលែង​សកម្មជនសិទ្ធិមនុស្ស​

ការវិវត្តនយោបាយថ្មីៗនៅកម្ពុជាមិនមានអ្វីប្លែកជាងពីអ្វីដែលកំពុងតែកើតមានឡើងនៅលើឆាកអន្តរជាតិឡើយ។ នោះគឺជាការមិនវិវត្តទៅមុខនៃលទ្ធិប្រជាធិបតេយ្យនិងភាពឆ្លាតវៃនៃរបបផ្តាច់ការក្នុងការលេងល្បែងប្រជាធិបតេយ្យ(ខ្ញុំបានបង្ហាញពីល្បែងនេះនៅក្នុងអត្ថបទ“ចុងបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យ”)។ លោក Larry Diamond ជាសង្គមវិទូនិងអ្នកវិទ្យាសាស្រ្តនយោបាយបានព្រមានតាមរយៈអត្ថបទរបស់លោកជាច្រើនអំពីការមិនដំណើរការទៅមុខនៃ លទ្ធិ ប្រជាធិបតេយ្យនិងភាពស្ទាក់ស្ទើររបស់ប្រទេសដែលធ្លាប់គាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយ និង កត្តាប្រឈមដែលកើតចេញពីរដ្ឋមិនប្រជាធិបតេយ្យដូចជារុស្ស៊ីឬចិនជាដើម។

ហេតុផលមួយនៃការមិនដំណើរការទៅមុខនៃប្រជាធិបតេយ្យត្រូវបានអ្នកវិទ្យាសាស្រ្តនយោបាយ លោក Francis Fukuyama កំណត់ថាមកពីភាពទន់ខ្សោយឬក៏ភាពសឹករិចរិលនៃស្ថាប័នប្រជាធិបតេយ្យ។ ភាពទន់ខ្សោយនៃស្ថាប័នប្រជាធិបតេយ្យបានកើតចេញពីរបបដែលមិនមាន យន្តការប្រជាធិបតេយ្យរឹងមាំ។ ដូចបានដឹងស្រាប់ហើយថាក្រោយសង្រ្គាមត្រជាក់ របបប្រជាធិបតេយ្យមានប្រៀបលើរបបកុម្មុយនីស្តផ្តាច់ការ ក៏ប៉ុន្តែប្រទេសមួយចំនួនដែលបាន ផ្លាស់ប្តូរគោលនយោបាយបែបកុម្មុយនីស្តហើយពាក់ស្រោមមុខប្រជាធិបតេយ្យជំនួសនោះមិនបានព្យាយាមកែទម្រង់នៃការគ្រប់គ្រងរបបរបស់ខ្លួនឲ្យមានស្ថាប័នប្រជាធិបតេយ្យរឹងមាំឡើយ។

ដោយសារលោភលន់អំណាចនិងទ្រព្យសម្បត្តិ អ្នកដឹកនាំប្រទេសទាំងនោះចាប់ផ្តើម លេងល្បែងប្រជាធិបតេយ្យហើយចាប់ផ្តើមប្រើយន្តការច្បាប់ផ្តាច់ការរបស់ខ្លួន(Autocratic Legalism: use, abuse, and non-use of law)។ សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ Javier Corrales បានលើកឧទាហរណ៍ពីវិធានការនៃប្រទេសវេណេហ្ស៊ុយអេឡាពីការយកច្បាប់ ផ្តាច់ការរបស់ខ្លួនមកប្រើតាមរូបភាពបីយ៉ាង៖ទីមួយគឺការអនុវត្តច្បាប់មួយរយភាគរយ។ មានន័យថារាល់ច្បាប់ដែលប្រទេសមួយនេះបង្កើតឡើងក្នុងគោលដៅបំបិទសិទ្ធិបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ ឬសង្គមស៊ីវិលដែលទឹសមុខនឹងខ្លួន គឺត្រូវតែអនុវត្តទៅលើក្រុមគោល ដៅទាំងនោះឲ្យបានមួយរយភាគរយ។ អ្នកទាំងនោះដាច់ខាតត្រូវតែប្រឈមនឹងច្បាប់ដែលគេបានតាក់តែងទាំងនោះ។ ទីពីរគឺការអនុវត្តច្បាប់ដោយរំលោភបំពានលើសពីលើគោលការណ៍ ច្បាប់ដែលគេមានឬមិនមានចែង។ មានន័យថានិយមន័យនៃច្បាប់ត្រូវបានបកស្រាយស្រេចតែលើអ្វីដែលរបបនោះចង់បាន។ ហើយពួកគេព្យាយាមទាញច្បាប់មកដើម្បីតម្រូវនិយមន័យរបស់ពួកគេជានិច្ច។ ទីបីគឺការមិនអនុវត្តច្បាប់ទៅលើបក្សពួកនិងគូរកនរបស់ខ្លួនដោយការពន្យារពេលឬក៏បំភ្លេចចោលច្បាប់តែម្តង។ ប្រទេសទាំងឡាយដែលមិនមានស្ថាប័នប្រជាធិបតេយ្យរឹងមាំតែងតែអនុវត្តវិធីខាងលើ ហើយក្នុងនោះប្រហែលជាកម្ពុជាក៏កំពុងតែប្រើវិធីខាងលើនោះដែរ។ ប្រជារាស្រ្តអាចតាមដាននិងពិនិត្យអ្វីដែលកំពុងតែកើតមានឡើងហើយសម្រេចចិត្តវាយតម្លៃចុះ។

ភាពពុកផុយឬសឹករិចរិលនៃស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប្រជាធិបតេយ្យពេញលេញ ដូចជាសហរដ្ឋអាមេរិកឬសហគមន៍អឺរ៉ុបនាំមកនូវភាពពិបាកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅទូទាំងសកលលោក។ ដោយប្រឈមមុខទៅនឹងវិបត្តសេដ្ឋកិច្ចដែលបានកើតឡើង ប្រទេសប្រជាធិបតេយ្យពេញលេញទាំងនោះបានពិនិត្យមើលស្ថាប័នរបស់ខ្លួនឡើងវិញពីរបៀបគ្រប់គ្រងនិងដឹកនាំឲ្យមានប្រសិទ្ធភាព។ ជាការពិតណាស់ យន្តការប្រជាធិបតេយ្យពិត ប្រាកដពេកអាចប្រឈមនឹងការពិបាកក្នុងការគ្រប់គ្រងនិងធ្វើការសម្រេចចិត្តឲ្យបានទាន់ពេលវេលាស្របតាមសភាពការណ៍ជាក់ស្តែង។ ដូចនេះគេក៏ត្រូវការធ្វើយ៉ាងណាឲ្យមាន តុល្យភាពរវាងពីការសម្រេចចិត្តឲ្យមានប្រសិទ្ធភាពនិងការសម្រេចចិត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យ។

ទន្ទឹមនឹងនោះដែរ ការធ្វើសង្គ្រាមប្រឆាំងនឹងអំពើភេរវកម្មក៏តម្រូវឲ្យប្រទេសទាំងនោះកែសម្រួលច្បាប់គ្រប់គ្រងរបស់ខ្លួនដែលមានពេលខ្លះច្បាប់ទាំងនោះវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់បុគ្គលដែលធ្វើឲ្យមានការពិបាកក្នុងការអនុវត្តប្រជាធិបតេយ្យតាមគោលការណ៍ពេញលេញបាន។ កត្តាទាំងនេះបានធ្វើឲ្យប្រទេសដែលធ្លាប់តែបញ្ចេញសំឡេងខ្លាំងៗរបស់ខ្លួនបក្នុងការលើកស្ទួយសិទ្ធិនិងប្រជាធិបតេយ្យនៅប្រទេសដទៃតាមរយៈជំនួយ សេដ្ឋកិច្ចឬក៏នយោបាយការបរទេសរបស់ខ្លួនមានការពិបាកក្នុងការបញ្ចុះបញ្ចូលឲ្យរដ្ឋ ប្រជាធិបតេយ្យក្លែងក្លាយមួយចំនួនអនុវត្តគោលការណ៍ប្រជាធិបតេយ្យទាំងនោះ។

កត្តាប្រឈមមួយទៀតគឺការកើតមានឡើងនូវស្ថាប័នសេដ្ឋកិច្ចនយោបាយនិងយោធាមួយចំនួន ដែលនាំមុខដោយរុស្ស៊ីនិងចិនមានដូចជាអង្គការសហប្រតិ្តបតការក្រុងសៀងហៃ(Shanghai Cooperation Organization) សមាគមសេដ្ឋកិច្ចរបស់ប្រទេសBRICSឬអង្គការសន្ធិសញ្ញាសន្តិសុខរួម(Collective Security Treaty Organization)ជាដើម។ល។ ស្ថាប័នទាំងនេះអាចមានឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយទៅលើប្រទេសមិនមានប្រជាធិបតេយ្យច្បាស់លាស់មួយចំនួនហើយអាចដើរតួនាទីជំនួសស្ថាប័នដែលធ្លាប់តែផ្សាភ្ជាប់ជំនួយរបស់ ខ្លួនទៅនឹងគោលការណ៍ប្រជាធិបតេយ្យដូចជាធនាគារពិភពលោកឬមូលនិធិរូបិយវត្ថុអន្តរជាតិ(International Monetary Fund)ជាដើម។ លើសពីនោះទៀត ប្រទេសមិន ប្រជាធិបតេយ្យទាំងនោះកំពុងតែផ្សព្វផ្សាយព័ត៌មានប្រជាភិថុតិដើម្បីបំបាក់មុខប្រទេសដែលធ្លាប់តែប្រជាធិបតេយ្យដូចជាអាមេរិកនិងអឺរុបដោយចង្អុលទៅលើចំណុចខ្សោយមួយចំនួនហើយព្យាយាមលើកទឹកចិត្តឲ្យប្រទេសទាំងឡាយគាំទ្រការដឹកនាំផ្តាច់ការរបស់ខ្លួន។ ការចាក់ខ្សាច់ចូលសមុទ្រពង្រីកទឹកដីក្នុងសមុទ្រចិននិងការភ្ជាប់ទឹកដីក្រឹមមានៅអ៊ុយក្រែន សុទ្ធតែជាការសាកល្បងសម្ថភាពប្រព័ន្ធគ្រប់គ្រងនៃស្ថាប័នអន្តរជាតិដែលកំពុងតែពុកផុយទាំងនោះ។ កត្តាទាំងនេះហើយបានធ្វើឲ្យប្រជាធិបតេយ្យហាក់ដូចជាមិនធ្វើដំណើរទៅមុខ។

តែទោះជាយ៉ាងណាអ្នកសង្គមវិទូនិងវិទ្យាសាស្រ្តនយោបាយសុទ្ធតែមានសុទិដ្ឋិនិយមចំពោះ លទ្ធិប្រជាធិបតេយ្យជានិច្ច។ ពួកគេសន្និដ្ឋានថាទាំងចិននិងរុស្ស៊ីសុទ្ធតែមិនអាចដឹកនាំពិភពលោកឲ្យគេចផុតពីប្រជាធិបតេយ្យឡើយពីព្រោះថាពួកគេគ្មានអំណាចទន់(Soft Power) ណាមួយក្នុងការទាក់ទាញប្រទេសទាំងឡាយមកនូវក្រោមបទបញ្ជារអន្តរជាតិរួមរបស់ខ្លួនឡើយ។ អ្នកប្រាជ្ញមួយចំនួនបានលើកឧទាហរណ៍ពីការបរាជ័យរបស់រដ្ឋទាំងនោះក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យកែទម្រង់សេដ្ឋកិច្ចតាមខ្លួនឬក៏ទប់មិនឲ្យភូមាមានការផ្លាស់ប្តូរពីរបបយោធាទៅប្រជាធិបតេយ្យ។ល។ និង ។ល។

មួយវិញទៀតអ្វីដែលពួកគេកំពុងធ្វើក៏ព្រោះតែព្យាយាមទប់របត់ប្រជាធិបតេយ្យផ្ទៃក្នុងប្រទេស គេដែរតែប៉ុណ្ណោះ។ ការយកគុណតម្លៃអាស៊ី សាសនា ភូមិសាស្រ្តនយោបាយ ឬអសន្តិសុខសង្គមមកធ្វើជាលេសពន្យារពេលក្នុងការអនុវត្តឲ្យមានប្រជាធិបតេយ្យពេញលេញសុទ្ធតែត្រូវបានបង្ហាញថាជាលេសមិនសមហេតុផលនិងមិនត្រឹមត្រូវតាមបែបវិទ្យាសាស្រ្តទាល់តែសោះ។ ប្រទេសភាគច្រើនអាចដឹកនាំតាមរបៀបផ្តាច់ការរបស់ខ្លួនបានយូរឬឆាប់អាស្រ័យលើធនធានមនុស្សនិងធនធានធម្មជាតិរបស់ប្រទេសនោះតែប៉ុណ្ណោះ។ មានការស្រាវជ្រាវនិងការដកពិសោធន៍របស់អ្នកវិទ្យាសាស្រ្តសង្គមនិងវិទ្យាសាស្រ្តនយោបាយជាច្រើនបានលើកយកមកបង្ហាញមានជាអាទិតាមរយៈសៀវភៅ“ហេតុអ្វីបានជាតិបរាជ័យ Why nations fail របស់ Daron Acemoğlu and James A. Robinson ” “កត្តាកំណត់ពីប្រជាធិបនីយកម្ម Determinants of Democratizationរបស់Jan Teorell” ហើយនិងការផ្សព្វផ្សាយប្រចាំខែតាម ទស្សនាវដ្តីវិទ្យាសាស្រ្តស្តីពីប្រជាធិបតេយ្យ (http://www.journalofdemocracy.org/) ជាដើម។

ប្រទេសកម្ពុជា បើទោះជាធ្លាប់បានបោះឆ្នោតក្រោមរដ្ឋធម្មនុញ្ញតាំងតែពីឆ្នាំ១៩៤៧មកក៏ដោយ ក៏គ្មានភាគីណាមួយទទួលលទ្ធផលដោយអស់ចិត្តនោះឡើយ។ គេតែងតែឃើញការតាមធ្វើទុក្ខ បុកម្នេញគ្នាទៅវិញទៅមកជាដរាប។ ប៉ុន្តែក៏គ្មានភាគីណាចំណេញបានយូរដែរ។ លទ្ធផល ជាក់ស្តែងដូចបានឃើញក្នុងប្រវត្តិសាស្រ្តស្រាប់។ នោះក៏មកពីគ្មាននរណាគិតគូរពីការធ្វើឲ្យ ស្ថាប័នប្រជាធិបតេយ្យរឹងមាំ។ ម្នាក់ៗគិតតែដាក់បក្សពួកខ្លួនទៅតាមស្ថាប័នដែលខ្លួនឈ្នះ ដោយមិនបានរៀបចំឲ្យស្ថាប័នឲ្យអាចដើរទៅមុខដោយខ្លួនឯងឡើយ។

ការយកឥទ្ធិពលនយោបាយទៅលាយឡំនឹងស្ថាប័នឯករាជ្យនានាដូចជានៅតាមស្ថាប័នរៀបចំ ការបោះឆ្នោត តុលាការ នគរបាលយោធា មន្ត្រីរាជការសាធារណៈ ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ។ល។ និង។ល។ សុទ្ធតែមិនបានធ្វើឲ្យស្ថាប័ននោះរឹងមាំឡើយហើយវាគង់នឹង រលាយទៅតាមជីវិតបក្សឬបុគ្គលនយោបាយនោះគ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះ!ស្របពេល ដែលគណបក្សនយោបាយមិនរឹងមាំដោយគ្រប់គ្រងតាមបែបបុគ្គលជាធំហើយគ្មានប្រភពហិរញ្ញវត្ថុពីស្ថាប័នជាតិរឹងមាំដែលងាយធ្វើឲ្យអ្នកមានធនធានងាយមានឥទ្ធិពលលើអ្នកនយោបាយបានបូករួមទាំងប្រព័ន្ធផ្សព្វផ្សាយរឹតត្បិតសុទ្ធតែជាមូលហេតុដែលធ្វើអោយស្ថាប័នប្រជាធិប តេយ្យចុះខ្សោយនិងពុកផុយរលួយជានិច្ច។ បក្សនយោបាយខ្លះបង្កើតឡើងតាមបរទេសលើកបន្តុប ខ្លះបង្កើតឡើងគ្រាន់តែកំដរឆាកប្រជាធិបតេយ្យ! បក្សខ្លះបង្កើតដោយកំហឹង! បក្សខ្លះបង្កើតតាមការរវើរវាយចំណែកឯបក្សខ្លះបង្កើតក្រោមស្លាកប្រជាធិបតេយ្យទាំងមិនយល់ពីអត្ថន័យនៃប្រជាធិបតេយ្យឲ្យបានច្បាស់។ តើពេលណាទើបកម្ពុជាមានប្រជាធិបតេយ្យមួយពេញលេញបាន?

យើងមិនគួររង់ចាំសហរដ្ឋអាមេរិកឬសហគមន៍អឺរ៉ុបឬក៏បក្សណាដែលមានប្រជាធិបតេយ្យ ផ្ទៃក្នុងពេញលេញមកនាំប្រជាធិបតេយ្យមកដល់ស្រុកខ្មែរទៀតនោះឡើយ។ ជាការពិត សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកគេបានជួយយើងអស់លទ្ធភាពដែលពួកគេមានរួចទៅហើយ។ គេក៏មានប្រទេសគេនិងប្រជាជនគេដែលទាមទារការយកចិត្តទុកដាក់ដែរ។ កុំរំពឹងគេពេក! វាល្មមដល់ពេលដែលប្រជារាស្រ្តទាំងអស់រួមជាមួយអ្នកនយោបាយដែលមាន ស្រាប់លើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងពង្រឹងស្ថាប័នដឹកនាំដូចដែលរៀបរាប់ខាងលើឲ្យរឹងមាំហើយរៀនរស់ទាំងអស់គ្នាទៅ។  អ្វីៗតែងតែមានចុងបញ្ចប់គ្រាន់តែថាវាបញ្ចប់ដោយរីករាយ ឬឈឺចាប់ គឺសុទ្ធតែខ្មែរខ្លួនឯងទេជាអ្នកកំណត់! ឈប់ស្រមើស្រមៃចង់បានអ្វីដែលល្អឥតខ្ចោះ ហើយចាប់ផ្តើមធ្វើអ្វីដែលមានស្រាប់ទៅតាមលទ្ធភាពដែលខ្លួនមាន។

អ្នកស្រឡាញ់ប្រជាធិបតេយ្យត្រូវចាប់ផ្តើមចេញពីការទទួលយកគំនិតអ្នកដទៃមកពិភាក្សា ជជែកវែកញែកតាមហេតុនិងផលដោយការគោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមក។ បើគ្រាន់តែអនុវត្តគុណតម្លៃប៉ុណ្ណឹងមិនបានកុំមកនិយាយថាខ្លួនចង់វបានប្រជាធិបតេយ្យឬសន្តិភាពឲ្យសោះ!មកដល់ពេលនេះមានតែរបបប្រជាធិបតេយ្យពេញលេញមួយប៉ុណ្ណោះដែលអាចរក្សាសេចក្តីសុខសន្តិភាពនិងអភិវឌ្ឍអោយសង្គមបានយូរអង្វែង។ តើរាស្រ្តខ្មែរត្រូវរង់ចាំនរណានាំប្រជាធិបតេយ្យមកក្រៅពីចាប់ផ្តើមចេញពីខ្លួនឯង?

ដោយ លោក ជុំ ច័ន្ទដារិន

សរសេរមកកាន់លោក ជុំ ច័ន្ទដារិន តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ