ក្រសួងយុត្តិធម៌ស្នើឲ្យតុលាការអនុវត្តច្បាប់ម៉ឺងម៉ាត់លើករណីលោក កឹម​ សុខា

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌ស្នើឲ្យតុលាការអនុវត្តច្បាប់ និង តួនាទីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់លើករណីសំណុំរឿងព្រហ្មទណ្ឌរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ២៧ ខែ ឧសភា ស្ដីពីករណីសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា ក្នុងបទចោទប្រកាន់តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថាសំណុំរឿងចោទប្រកាន់លោក កឹម សុខា គឺជាបទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម គឺជាបទល្មើសជាក់ស្ដែងតាមមាត្រា ៨៦ នៃក្រមព្រហ្មទណ្ឌ ដោយលោក កឹម សុខា មិនចូលខ្លួននៅចំពោះមុខអយ្យការអមសាលាដំបូងតាមដីកាកោះ។

ក្រសួងយុត្តិធម៌ក៏បានលើកឡើងនូវទិដ្ឋភាពច្បាប់ស្ដីអំពី «បទបដិសេធក្នុងការចូលខ្លួន» ដែលមាត្រា ៥៣៨ ចែងថារាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទារទោសដាក់ពន្ធនាគាពី ១ ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ១លានរៀល។

តាមសេចក្ដីថ្លែងការណ៍ដដែលលើកឡើងពីអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តតាមមាត្រា ១២ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្រ្តចែងថា «ក្នុងករណីតំណាងរាស្រ្តណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជាក់ស្ដែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ហើយធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។»

គួរបញ្ជាក់ថាកាលពីថ្ងៃទី ២៦ ខែ ឧសភាតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពីបទ«បដិសេធក្នុងការចូលខ្លួន» និងសុំឲ្យនគរបាលយុត្តិធម៌ចាប់ខ្លួន លោក កឹម សុខាផងដែរ។ ទោះយ៉ាងណា រហូតដល់ព្រឹកថ្ងៃទី២៨ខែ ឧសភា សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនលោក កឹម សុខា នៅឡើយទេ។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីតុលាការលើចំណាត់ការនេះបាននៅឡើយទេ ដោយលោក លី សុផាន់ណា អ្នកនាំពាក្យឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមិនលើកទូរស័ព្ទ។

មេធាវីចំនួន៥រូបរបស់លោក កឹម សុខា បានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះ រាជអាជ្ញា ក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែឧសភាថាតុលាការគ្មានសិទ្ធិនាំខ្លួនលោក កឹម សុខា ទេ ដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ លិខិតនោះបញ្ជាក់ថា ដំណាក់កាលស៊ើបអង្កេតបឋមដូចសំណុំរឿងលោក កឹម សុខា ដែលតុលាការកំពុងដំណើរការនីតិវិធីនេះ ក្រុមមេធាវីអះអាងថាតំណាងអយ្យការមិនមានសិទ្ធិ អំណាចណាមួយ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំកូនក្តី ពួកគេ ឲ្យចូលបង្ហាញខ្លួនឬនាំខ្លួនបានទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ