ក្រសួង​អប់រំ​បំភ្លឺ​ករណីអ្នកគ្រូម្នាក់ឈប់បង្រៀន ព្រោះ​តែការ​គំរាមជីវិត

អ្នកគ្រូ​ ញាណ ប៊ុនសុជាតា ដែល​ត្រូវ​បានគេ​ហៅ​ថា «អ្នកគ្រូ​ចិត្ត​បុណ្យ» (រូបភាពពី គណនីហ្វេស​ប៊ុកឈ្មោះ​​ «កូនខ្មែរ​បាត់​ដំបង»)

ក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធព័ត៌មានមួយផ្សាយដែលថាអ្នកគ្រូ ញាណ ប៊ុនសុជាតា ដែលត្រូវបានគេហៅថា «អ្នកគ្រូចិត្តបុណ្យ» ឈប់បង្រៀនព្រោះតែមានការគំរាមដល់អាយុជីវិត។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចេញថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ បញ្ជាក់ថាបន្ទាប់ពីមានកាសែតភ្នំពេញប៉ុស្តិ៍ផ្សាយអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងអ្នកគ្រូឈ្មោះ ញាណ ប៊ុនសុជាតា បង្រៀននៅសាលាបឋមសិក្សាកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានចំណងជើងថា «អ្នកគ្រូចិត្តបុណ្យឈប់បង្រៀនព្រោះតែការគំរាមជីវិត» ក្រសួងអប់រំថាខ្លួនបានសហការជាមួយមន្ទីរខេត្តបាត់ដំបងដើម្បីស្រាវជ្រាវរកការពិត។ សេចក្តីប្រកាសព័ត៌មានបន្តថានៅថ្ងៃទី២៨ ខែឧសភា អ្នកគ្រូ ញាណ ប៊ុនសុជាតា បានមកបំភ្លឺករណីនេះនៅមន្ទីរអប់រំខេត្ត ដោយបញ្ជាក់ថាអ្នកគ្រូពិតជាអសកម្មការងារចាប់តាំងពីខែមេសា ឆ្នាំ២០១៦ ដោយសារមានបញ្ហាសុខភាពនិងមានមុខរបរទី២ដែលគាត់មិនអាចទៅបំពេញការងារឲ្យបានទៀងទាត់ ហើយអ្នកគ្រូសម្រេចដាក់ពាក្យសុំនៅទំនេរគ្មានបៀវត្សរយៈពេលមួយឆ្នាំដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០១៦។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ក្រសួងអប់រំ យុវជន និងកីឡា សូមបញ្ជាក់ថាការដាក់ពាក្យសុំនៅទំនេរគ្មានបៀវត្សរបស់អ្នកគ្រូ ញាណ ប៊ុនសុជាតា គឺដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួននិងការជាប់រវល់ប្រកបមុខរបរទី២គឺមិនមែនដោយសារការគំរាមជីវិតដូចការចុះផ្សាយនោះទេ»។

នៅព្រឹកថ្ងៃអង្គារនេះ VOD បានទាក់ទងអ្នកគ្រូ ញាណ ប៊ុនសុជាតា ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែអ្នកគ្រូបានបដិសេធដោយមានប្រសាសន៍យ៉ាងខ្លីថាសុំនៅក្នុងស្ថានភាពស្ងៀមស្ងាត់និងត្រលប់ទៅបង្រៀនវិញក្នុងរយៈពេលមួយឆ្នាំទៀត។ ប៉ុន្តែក្នុងវីដេអូឃ្លីបមួយ អ្នកគ្រូបាននិយាយថា ដោយសារអំពើល្អគាត់បែរជាត្រូវប្រឈមនឹងហានិភ័យរហូតត្រូវបង្ខំឲ្យព្យួរអាជីពការងាររបស់ខ្លួន។

មុននឹងក្រសួងអប់រំចេញសេចក្តីប្រកាសព័ត៌មាន អ្នកគ្រូ ញាណ ប៊ុនសុជាតា បានបង្ហោះវីដេអូឃ្លីបរយៈពេលជាង១២នាទីដោយរៀបរាប់ថា ក្រោយពេលដែលអ្នកគ្រូបានជួយក្មេងស្រីម្នាក់ឈ្មោះ ឡៃហៀក ឲ្យបានចូលរៀនក៏មានខាងសមត្ថកិច្ចចុះសួរនាំអ្នកគ្រូ ក្រោយមកទៀតក៏មានអ្នកមានឋានៈធំៗនិយាយបែបគំរាមពីរឿងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ អ្នកគ្រូបន្ថែមក្នុងវីដេអូឃ្លីបនោះថាក្រោយមានការសួរនាំបានប៉ុន្មានថ្ងៃក៏មានរថយន្តម៉ាកលុចស៊ីសមួយគ្រឿងកៀរអ្នកគ្រូបណ្តាលឲ្យរបួសកជើងនិងបានធ្លាក់ខ្លួនឈឺ ព្រមទាំងទទួលរងនូវការគំរាមកំហែងដល់ជីវិតជាបន្តបន្ទាប់។

អ្នកគ្រូបន្ថែមថា៖ «ខ្ញុំអត់មាននៅខាងបក្សនយោបាយណាមួយទេ ហើយខ្ញុំក៏ហួសចិត្តនូវអ្វីដែលខ្ញុំទទួលបានដោយសារខ្ញុំគ្រាន់តែជួយក្មេងម្នាក់សោះ ប៉ុន្តែខ្ញុំបែរជាត្រូវទទួលបានរឿងមួយដែលថាជួយគេបានទោសដាក់ខ្លួនរហូតដល់ខ្ញុំទ្រាំអត់បាន ខ្ញុំត្រូវដាក់ពាក្យព្យួរឈ្មោះការងាររបស់ខ្ញុំចោលហើយនៅផ្ទះ»។

កាលពីដើមឆ្នាំ២០១៦ គណនីហ្វេសប៊ុកឈ្មោះ «កូនខ្មែរបាត់ដំបង» ដែលមានអ្នកគ្រូ ញាណ ប៊ុនសុជាតា ជាម្ចាស់គណនី បានបង្ហោះរូបក្មេងស្រីឈ្មោះ ហ៊ួច ឡៃហៀក វ័យ៨ឆ្នាំក្នុងសភាពលំបាកហើយត្រូវបានអ្នកគ្រូទិញសម្លៀកសំពាក់ថ្មីៗ សម្ភារសិក្សាកាបូប ប៊ិច សៀវភៅឲ្យនាងបានចូលសាលារៀន។ ក្រោយមកក៏មានសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសនាំគ្នាបរិច្ចាគថវិកាជួយកុមារី ហ៊ួច ឡែហៀក ឲ្យចូលរៀនរហូតដល់អ្នកគ្រូ ញាណ ប៊ុនសុជាតា ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមប្រសិទ្ធនាមថា «អ្នកគ្រូចិត្តបុណ្យ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ