បទ​​«រាំ​ញីកែង​ជើង​»​​​ថតMV ​ថ្មី​​នៅ​​​តាម​​ប្រាសាទ​បុរាណ

សកម្មភាព​ថត​របស់តារាចម្រៀង លោក ដេវីដនិងពេជ្រ សោភា នៅស្តាតអូឡាំពិក កាលពីថ្ងៃទី​២៩ខែឧសភា(រូបថតពីហ្វេសប៊ុក)

កាលពីថ្ងៃទី២៩ ឧសភា តារាចម្រៀងនាងពេជ្រ សោភានិងលោកដេវីដ បានបង្ហាញខ្លួនច្រៀងបទ«រាំញីកែងជើង»យ៉ាងអឹកអធិកជាមួយក្រុមរាំ ដែលអមដោយអ្នកទស្សនាបាល់ទាត់ជាច្រើនម៉ឺននាក់នៅស្ដាតអូឡាំពិក ក្នុងថ្ងៃដែលក្រុមកម្ពុជាប្រកួតឈ្នះក្រុមប្រទេសទីម័រខាងកើត២ទល់នឹង០។ សកម្មភាពរាំរែកនាថ្ងៃនោះក៏ត្រូវគេឃើញផលិតកម្មហង្សមាសរៀបក្រុមថតទុកធ្វើជាវីដេអូចម្រៀង(MV) ថ្មី ជំនួសឲ្យMVដែលបានចេញលក់ផងដែរ។ ប៉ុន្តែសកម្មភាពនេះគ្រាន់តែជាឈុតមួយក្នុងបទ«រាំញីកែងជើង»ថ្មីប៉ុណ្ណោះ ដោយគម្រោងជាក់ស្ដែងគឺត្រូវថតនៅតាមប្រាសាទនានាជាច្រើនទៀត។

លោក ងួន ចាន់ដេវីដ ម្ចាស់បទចម្រៀង«រាំញីកែងជើង»បានប្រាប់ក្រោយបញ្ចប់សកម្មភាពច្រៀងរាំបទ«រាំញីកែងជើង»នៅម៉ោងសម្រាកតង់ទី១ថាហេតុផលដែលលោកនិងពេជ្រ សោភា មកច្រៀងនិងប្រមូលក្រុមរាំប្រមាណជាង២០នាក់មករាំនៅលើទីលានបាល់ទាត់នេះ គឺដើម្បីផ្ដិតយកទិដ្ឋភាពដ៏កម្រនេះធ្វើជាវីដេអូថ្មីសម្រាប់បទ«រាំញីកែងជើង»ដើម្បីចេញលក់។  យ៉ាងណាមិញលោកថានេះគ្រាន់តែជាប្លង់មួយនៅក្នុងបទចម្រៀង«រាំញីកែងជើង»ប៉ុណ្ណោះ ដោយសារតែសកម្មភាពចុះរាំបែបនេះគឺត្រូវថតនៅតាមប្រាសាទសំខាន់ៗនៅខេត្តសៀមរាប និងអាចឈានដល់ប្រាសាទនៅខេត្តផ្សេងទៀត។ លោកដេវីដ និយាយថា៖ “ឥឡូវហ្នឹងពួកខ្ញុំសម្រេចចេញថតMV បទហ្នឹង(រាំញីកែងជើង)ថ្មីហើយ ហើយយើង(ដេវីដ និងពេជ្រ សោភា) មករាំនៅកណ្ដាលទីលានបាល់ទាត់ថ្ងៃក្រុមកម្ពុជាប្រកួតជាមួយប្រទេសទីម័រ គឺយើងថតចប់ហើយ  ប៉ុន្តែអត់ទាន់គ្រប់ទេ ព្រោះប្លង់ដែលយើងបានកំណត់នៅក្នុងសកម្មភាពហ្នឹងគឺត្រូវដឹកនាំក្រុមរាំទៅរាំនៅតាមប្រាសាទសំខាន់ៗ ដើម្បីថតយកមកធ្វើMV ទៀត”។ លោកមិនទាន់អាចបញ្ជាក់ថាពេលថាទើបសកម្មភាពថតបទ«រាំញីកែងជើង»ថ្មីត្រូវបានបញ្ចប់នោះទេ ដោយសារតែប្លង់ដែលត្រូវចុះថតនៅតាមប្រាសាទគឺនៅច្រើនប្លង់ទៀត។ លោកបានពន្យល់ពីហេតុផលនោះថាគឺដោយសារតែបទរាំញីកែងជើងបានក្លាយជាបទល្បី ហើយត្រូវតែថតថ្មីដោយភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្មែរ ដែលលោកសំដៅលើទីតាំងប្រាសាទបុរាណដូចជាប្រាសាទអង្គរវត្តជាដើម។

លោក ងួន ចាន់ដេវីដ បញ្ជាក់ថាMV បទ«រាំញីកែងជើង»ថ្មី នឹងត្រូវចេញលក់ក្នុងពេលខាងមុខ ហើយបើការថតបញ្ចប់នៅតាមសំណង់ប្រាសាទត្រូវបានបញ្ចប់នោះនឹងមានរសជាតិថ្មី ដែលនឹងជួយអោយបទនោះទទួលការចាប់អារម្មណ៍ខ្លាំងឡើង។ លោកនិយាយថា៖ “ឥឡូវហ្នឹងយើងទើបថតបានប្លង់ជាមួយអ្នកគាំទ្របាល់ទាត់ទេ ចឹងយើងនៅចុះថតតាមប្រាសាទទៀត ចឹងប្រហែលចំណាយពេលច្រើនដែរ ដោយសារតែគម្រោងចេញMV ហ្នឹងគឺយើងធ្វើឲ្យល្អ គឺឲ្យគេមើលបទហ្នឹងហើយស្គាល់ខ្មែរយើងម្មង!”។ លោកថាវីដេអូថ្មីរបស់បទ«រាំញីកែងជើង»នឹងមានទិដ្ឋភាពរស់រវើក និងមានលក្ខណៈជាខ្មែរ ដោយសារតែមានប្លង់រាំញីកែងជើងពីសំណាក់អ្នករាំច្រើនជាងមុន ហើយសកម្មភាពរាំក៏មានច្រើនប្លង់ ជាពិសេសនៅតាមប្រាសាទ។ លោកបន្តថាសកម្មភាពរាំនៅថ្ងៃប្រកួតបាល់ទាត់កាលពីថ្ងៃទី២៩ ឧសភានោះ ក៏បានផ្ដិតយកសំឡេងទះដៃ និងទិដ្ឋភាពអបអរសាទររបស់អ្នកគាំទ្រនាថ្ងៃនោះដែរសម្រាប់MV ថ្មី។

គួរបញ្ជាក់ផងដែរថា សកម្មភាពច្រៀងបទ«រាំញីកែងជើង»របស់លោក និងពេជ្រ សោភា ត្រូវគេឃើញទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកទៅទស្សនាបាល់ទាត់។ ប៉ុន្តែសម្រាប់ពេជ្រ សោភា នាងបានបង្ហាញខ្លួនតែក្នុងវគ្គច្រៀងរាំមុនពេលការប្រកួតរវាងកម្ពុជា និងទីម័រខាងកើតប៉ុណ្ណោះ លុះដល់ការប្រកួតចប់តង់ទី១ គឺ មានតែដេវីដ និងក្រុមរាំប៉ុណ្ណោះច្រៀងរាំ ដោយសារតែនាងត្រូវប្រញាប់ចូលកម្មវិធីបន្តផ្ទាល់ The Voice Cambodia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ