ខេម មិន​ទាន់​ឆ្លើយ​តប​លើ​​សំណង២៥០០០ដុល្លារ​​

(រូបថតពីហ្វេសប៊ុក​)

មកទល់ពេលនេះ មានការអះអាងថាការសម្រុះសម្រួលក្រៅប្រព័ន្ធរវាងគ្រួសារអ្នកស្លាប់និងតារាចម្រៀងខេមក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៨ ឧសភា  នៅមិនទាន់ត្រូវគ្នានៅឡើយទេ ដោយសារតែភាគីខាងអ្នកស្លាប់ទារសំណង២៥០០០ដុល្លារ ហើយភាគីខាងតារាចម្រៀងខេមមិនទាន់ឆ្លើយតប។ យ៉ាងណាមិញ គេនៅតែជឿជាក់ថាភាគីទាំងពីរពិតជាអាចបញ្ចប់រឿងរ៉ាវនៅក្រៅតុលាការ ដើម្បីកុំឲ្យប៉ះពាល់ដល់តារាចម្រៀងខេមដែលជាតារាចម្រៀងល្បីម្នាក់។

ប្រភពពីប៉ូលិសដែលចាត់ចែងលើករណីរបស់គ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀងខេម បានបង្ហើបប្រាប់VOD កាលពីល្ងាចថ្ងៃទី២២ឧសភា ដោយមិនបញ្ចេញឈ្មោះថាគ្រួសារជនរងគ្រោះបានកំណត់ទារសំណងលើករណីបាត់បង់ជីវិតរបស់ជនរងគ្រោះគឺលោក លី ការិន និងករណីខូចខាតរថយន្តចំនួន២៥០០០ដុល្លារ។ ប៉ុន្តែមកទល់ពេលនេះភាគីខាងតារាចម្រៀងខេម នៅតែមិនព្រមទទួលយក និងមិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ។ លោកនិយាយថា៖ “ពួកហ្នឹង(ភាគីតារាចម្រៀងខេមនិងគ្រួសារជនរងគ្រោះ)ចរចាគ្នាហើយតើ តែមើលទៅដូចជាអត់ត្រូវគ្នាសោះ ដោយសារតែខាងអ្នកស្លាប់គាត់សុំ២៥០០០(ដុល្លារ)ហើយខាងខេមគាត់ថាបើបង់ឲ្យលក្ខណៈយោគយល់គាត់ព្រម តែបើប៉ុណ្ណឹងគាត់អត់ទេ ព្រោះគាត់ថាអ្នកស្លាប់ក៏ខុសដែរគឺមិនមែនគាត់ជាអ្នកខុសទេ!”។ លោកបន្តថាភាគីខាងតារាចម្រៀងខេមបានប្រាប់ប៉ូលិសថាតម្លៃដែលជនរងគ្រោះទាមទារជាចំនួនដែលខ្លួនមិនអាចទទួលយកនិងបន្តសុំពេលយកទៅគិតដោយមិនទាន់ផ្ដល់ចម្លើយឲ្យជាក់លាក់ឡើយ។ លោកយល់ថាភាគីទាំងពីរពិបាកត្រូវគ្នា ដោយសារតែលទ្ធផលសម្រុះសម្រួលកន្លងមក ហើយមិនមានលទ្ធផល។ លោកនិយាយថា៖ “បើនៅតែប៉ុណ្ណឹង(២៥០០០ដុល្លារ) មើលទៅប្រហែលមិនត្រូវទេ ព្រោះខាងខេមគេថាគេអត់ខុស!”

(រូបថតពីហ្វេសប៊ុក)
(រូបថតពីហ្វេសប៊ុក)

មិនខុសពីការអះអាងថា លោក សឿន សារឿន អនុប្រធានការិយាល័យវាស់វែងប្រចាំនគរបាលចរាចរណ៍ជើងគោកបានអះអាងថាមកទល់នឹងល្ងាចម៉ោង៥ថ្ងៃទី២២ ឧសភា លោកនិងក្រុមអ្នកជំនាញនៅមិនទាន់បានតម្រុយថាតារាចម្រៀងខេមយល់ព្រមលើការទាមទារសំណងរបស់ជនរងគ្រោះនៅឡើយទេ។ លោកថាករណីសម្រុះសម្រួលលោកគ្រាន់តែជាអាជ្ញាកណ្ដាលប៉ុណ្ណោះ ចំណែកការចរចាគ្នាបន្ថែមទៀត គឺស្ថិតនៅលើភាគីទាំងពីរ។ ឆ្លើយតបនឹងសំណួរថាតើតារាចម្រៀងខេម យល់ព្រមផ្ដល់សំណងចំនួន២៥០០០ដុល្លារតាមសំណើរបស់គ្រួសារជនរងគ្រោះឬទេ លោកបានថ្លែងថា៖ “អត់ទាន់ទេ ព្រោះអីតំណាងផលិតកម្មថោនដែលគាត់មកសម្រុះសម្រួលហ្នឹង គេថាគេយកទៅពិភាក្សាគ្នា ហើយមិនទាន់ដឹងម៉េចទេ!”។ លោកមិនហ៊ានព្យាករថាភាគីទាំងពីរនឹងអាចត្រូវគ្នាក្នុងតម្លៃដែលបានបង្ហើបឬយ៉ាងណានោះទេ ប៉ុន្តែលោកថាមន្ត្រីជំនាញបានរៀបចំសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នោះសម្រាប់ឲ្យភាគីជនរងគ្រោះដាក់បន្តទៅតុលាការរួចហើយ ប្រសិនបើមានករណីមិនត្រូវគ្នា។ យ៉ាងណាមិញ លោកថាតារាចម្រៀងខេម អាចមិនប្រាកដថានឹងត្រូវជាប់គុក ឬពិន័យកម្រិតណានោះទេដោយសារតែឧបទ្ទវហេតុដែលបានកើតឡើងនោះ នៅមិនទាន់កាត់សេចក្ដីដោយតុលាការថាអ្នកណាខុសអ្នកត្រូវនៅឡើយ។

លោក សឿន សារឿន បានបដិសេធមិនអត្ថាធិប្បាយថាតើភាគីខាងណាបើកបរខុស ដោយលោកបញ្ជាក់ថារង់ចាំក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ប្តឹងករណីនេះទៅតុលាការឬយ៉ាងណា។

លោក មាស សុខរតនៈ អ្នកចាត់ការទូទៅប្រចាំផលិតកម្មថោន បានអះអាងថាលោកមិនមែនជាតំណាងឲ្យតារាចម្រៀងខេម ក្នុងករណីចរចានោះទេ។ លោកក៏អះអាងថាខ្លួនមិនដឹងពីលទ្ធផលក្នុងការចរចានោះដូចគ្នា ដោយសារតែខាងសាមីខ្លួនមិនបានប្រាប់។ លោកនិយាយយ៉ាងខ្លីថា៖ “រឿងហ្នឹង(ចរចា)បងមិចដឹងអូន បើបងមែនជាគ្រួសារគាត់ផង ទាល់តែគាត់បានអាចឆ្លើយបានថាសំណងប៉ុណ្ណឹងត្រូវគ្នាឬមិនត្រូវ!”

លោកខេម នៅតែមិនអាចសុំការបញ្ជាក់ដោយសារតែទូរស័ព្ទមិនមានការឆ្លើយតប មកទល់នឹងល្ងាចថ្ងៃទី២២ ឧសភា។ ប៉ុន្តែយោងតាមការបញ្ជាក់របស់លោក លី ម៉ាត់លី ជាបងប្រុសអ្នកស្លាប់ បើការផ្ដល់សំណងមិនត្រូវតាមការទាមទារ លោកនឹងបន្តបញ្ជូនសំណុំរឿងឡើងទៅតុលាការ ដោយលោកក៏ត្រៀមអ្នកច្បាប់លើករណីនេះផងដែរ៕

ផលិតកម្មថោនព្រួយបារម្ភរឿងខេមបើកឡានបុកគ្នា បណ្ដាលឲ្យម្នាក់ស្លាប់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ