ប្រេសិតកូរ៉េខាងជើងបដិសេធសំណើលោក ត្រាំ សុំជួបលោក គីម ជុងអ៊ុន​

(រូបភាពពី Reuters)

បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋបានស្នើសុំជួបលោក គីម ជុងអ៊ុន ដើម្បីជជែកពីបញ្ហាអាវុធនុយក្លេអ៊ែ ដែលជាផ្នែកមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។

កាលពីសប្តាហ៍មុនលោក ត្រាំ បានផ្តល់បទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅក្នុងញូយ៉កថា លោកចង់ជជែកដោយផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ដើម្បីព្យាយាមឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែជាការឆ្ពោះទៅរកគោលនយោបាយដែលអាមេរិកចង់បាន។

អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងសឺណែវដែលទើបត្រលប់ពីទីក្រុងព្យុងយ៉ាងចូលរួមសមាជបក្សខួប៣៦ឆ្នាំនោះគឺលោក សូ សេភីយ៉្យុង ថ្លែងថាការសម្រេចឲ្យជួបឬមិនឲ្យ គឺអាស្រ័យទៅលើមេដឹកនាំកំពូលរបស់ខ្លួន ប៉ុន្តែជាគំនិតផ្ទាល់ខ្លួនរបស់លោកគឺលោកថាជារឿងមិនត្រូវទេ។

លោកបញ្ជាក់ថាគ្រាន់តែជាកាយវិការមួយសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកតែប៉ុណ្ណោះ វាមិនមានប្រយោជន៍អីនិងមិនមានភាពស្មោះត្រង់ទេ។ លោកបន្តថាសកម្មភាពរបស់លោក ត្រាំ ពេលនេះដូចពេលដែល លោក អូបាម៉ា នៅជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ សន្យាជួបជាមួយមេដឹកនាំគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនកូរ៉េខាងជើងចឹងដែរ។

កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៤របស់ខ្លួនកាលពីខែមករានិងបាញ់អាវុធមីស៊ីលខ្នាតវែងនៅខែកុម្ភៈ ដែលបង្កឲ្យអន្តរជាតិភ័យខ្នាចនិងបានដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ