ពលរដ្ឋ​ប្រមូលផ្តុំនៅមុខ​ស្នាក់ការគណបក្ស​ប្រឆាំង​ដើម្បីដង្ហែញត្តិថ្វាយព្រះមហាក្សត្រ​

ប្រជាពលរដ្ឋ​ប្រមូលផ្តុំនៅមុខស្នាក់ការគណបក្ស​សង្រ្គោះជាតិនៅព្រឹកថ្ងៃចន្ទនេះ​(រូបថតដោយ​SBN)

ប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំង នៅព្រឹកថ្ងៃចន្ទនេះ បានចាប់ផ្តើមប្រមូលផ្តុំនៅខាងមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីត្រៀមហែញត្តិទៅព្រះមរមរាជវាំងនៅរសៀលថ្ងៃនេះ ដោយស្នើសុំព្រះរាជអន្តរាគមន៍កុំឲ្យមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនិងដោះលែងមន្រ្តីគណបក្សផ្សេងទៀត។

តាមគម្រោង អ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតនឹងដង្ហែញត្តិទៅព្រះបរមរាជវាំងនៅម៉ោង២រសៀល។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ ប្រជាពលរដ្ឋជាង៦០០នាក់បានប្រមូលផ្តុំនៅមុខស្នាក់ការបក្សហើយចរាចរណ៍មានសភាពណែនតាន់តាប់។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ មិនទាន់មានសមត្ថកិច្ចនិងសន្តិសុខខណ្ឌយាមកាមនៅស្នាក់ការនោះទេ។

នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាទាំង៦៨រូបបានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។

អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថាគណបក្សសង្រ្គោះជាតិទើបតែដាក់លិខិតសុំដង្ហែញត្តិទៅសាលាក្រុងនៅព្រឹកថ្ងៃចន្ទនេះទេ ដែលលោកថានេះខុសពីនីតិវិធី ដែលតម្រូវឲ្យមានរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការសម្រាប់ការដាក់ពាក្យស្នើសុំ។ លោកបន្តថាអាជ្ញាធរកំពុងតែតាមដានការប្រមូលផ្តុំថាតើប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឬយ៉ាងណា។ លោកបញ្ជាក់ថាសាលារាជធានីនឹងហៅតំណាងគណបក្សប្រឆាំងមកពិភាក្សាពីការដង្ហែញត្តិនេះ។

គួរបញ្ជាក់ថាកន្លងទៅ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិធ្លាប់បានដាក់លិខិតថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍លើការចាប់ខ្លួនតំណាងរាស្រ្ត លោក អ៊ុំ សំអាន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបយ៉ាងណានោះទេ។

កាលពីសប្តាហ៍មុន តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

គណបក្សសង្រ្គោះជាតិបានព្រមានថានឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា។ គណបក្សថានឹងបន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំ២០១៧និង២០១៨ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។

គួរបញ្ជាក់ថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតុលាការនឹងឲ្យអាជ្ញាធរចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះទេ បើទោះជាមានការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕ រាយការណ៍បន្ថែមដោយ ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ