បក្សប្រឆាំង​ព្រមាន​ធ្វើ”មហាបាតុកម្ម​អហិង្សា”​ បើ​សិន​មាន​ការ​ចាប់ខ្លួន លោក កឹម សុខា​

ប្រជា​ពលរដ្ឋ​និងសកម្មជនគណបក្ស​សង្រ្គោះជាតិ​ប្រមូលផ្តុំគ្នា​នៅ​ខាងមុខទីស្នាក់ការគណបក្ស​នៅចាក់អង្រែលើ ដើម្បីតាមដាន​ថា​តើ​នឹង​មានការ​ចាប់ខ្លួន លោក កឹម សុខា ឬយ៉ាងណា​

គណបក្សសង្រ្គោះជាតិបានព្រមានថាខ្លួននឹងធ្វើ”មហាបាតុកម្មអហិង្សា” ប្រសិនបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។

ការសម្រេចនេះធ្វើឡើងក្រោយមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះ ក្រោមអធិបតីភាពរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្ស ដោយផ្ដោតលើ“ស្ថានភាពនយោបាយបច្ចុប្បន្ន”។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃសុក្រនេះ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថាក្រោយពីបានពិភាក្សាយ៉ាងល្អតល្អន់ គណៈកម្មាធិការអចិន្រ្តៃយ៍យល់ឃើញថាស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ននេះមានសភាពធ្ងន់ធ្ងរទៅៗ។ គណបក្សបន្តថាគណបក្សសម្រេចឲ្យថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋានគ្រប់រាជធានីភ្នំពេញខេត្ត ដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ។

បើតាមសេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការអចិន្រ្តៃយ៍គាំទ្រឲ្យតំណាងរាស្រ្តតាមរយៈក្រុមសមាជិកសភាធ្វើញត្តិជូនប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ប្រាប់ថាតំណាងរាស្រ្តសង្រ្គោះជាតិទាំងអស់មិនអាចបំពេញការងារនៅមន្ទីររដ្ឋសភាក្នុងកាលៈទេសៈដែលគណបក្សថាមានការរំលោភបំពានអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តជាបន្តបន្ទាប់។

គណបក្សប្រឆាំងក៏ព្រមានថានឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា។ គណបក្សថានឹងបន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំ២០១៧និង២០១៨ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាមិនដែលបិទទ្វារក្នុងការចរចានោះទេ ដោយលោកថាបើគណបក្សចង់ចរចា ឲ្យដាក់លិខិតទៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីឲ្យមានការសម្របសម្រួលជំនួប។ លោកបន្តថាការធ្វើបាតុកម្មអាចធ្វើបាន តែត្រូវធ្វើទៅតាមច្បាប់។

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតុលាការនឹងឲ្យអាជ្ញាធរចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះទេ បើទោះជាមានការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីស្តាប់ចម្លើយរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់លោក កឹម សុខា អយ្យការបានកោះហៅជនសង្ស័យ២រូបដែលជាតំណាងរាស្រ្តបក្សប្រឆាំង គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ មកឆ្លើយបំភ្លឺហើយ លោក កឹម សុខា ក៏ត្រូវបានកោះហៅ ក្នុងឋានៈជាសាក្សីផងដែរ។ អយ្យការបញ្ជាក់ថាក្នុងដំណាក់កាលស៊ើបអង្កេត លោក កឹម សុខា ជា”សាក្សីដែលមានសារៈសំខាន់បំផុត”សម្រាប់ឆ្លើយបំភ្លឺនូវរឿងរ៉ាវមួយចំនួនដែលបានកើតឡើង។ សេចក្តីថ្លែងការណ៍បន្តថាលោក កឹម សុខា មិនចូលបំភ្លឺដោយ”មិនមានមូលហេតុសមស្រប”ដោយគ្រាន់តែឲ្យមេធាវីបញ្ជូនលិខិតមកអយ្យការ។

បើតាមសេចក្តីថ្លែងការណ៍ អយ្យការពិនិត្យឃើញថា”ការមិនប្រព្រឹត្តរបស់ឯកឧត្តម កឹម សុខា ដែលមិនបានចូលខ្លួនមកឆ្លើយបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសតាមមាត្រា៥៣៨”។

សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថាតុលាការបានសុំឲ្យនគរបាលយុត្តិធម៌ចាប់ខ្លួន លោក កឹម សុខា ប៉ុន្តែមិនទាន់រកឃើញលោក កឹម សុខា។

មេធាវីចំនួន៥រូបរបស់លោក កឹម សុខា បានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែឧសភាថាតុលាការគ្មានសិទ្ធិនាំខ្លួនលោក កឹម សុខា ទេ ដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ លិខិតនោះបញ្ជាក់ថាដំណាក់កាលស៊ើបអង្កេតបឋមដូចសំណុំរឿងលោក កឹម សុខា ដែលតុលាការកំពុងដំណើការនីតិវិធីនេះ ក្រុមមេធាវីអះអាងថាតំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំកូនក្តីពួកគេឲ្យចូលបង្ហាញខ្លួនឬនាំខ្លួនបានទេ។

មេធាវីរបស់លោក កឹម សុខា គឺលោក សំ សុគង់ មានប្រសាសន៍ថាការចាប់ខ្លួនលោក កឹម សុខា ជាការប្រព្រឹត្តខុសច្បាប់និងរដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថាលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមក្រមព្រហ្មទណ្ឌ ហើយអភ័យឯកសិទ្ធិមិនអាចការពាររូបលោកបាននោះទេ។ លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសុក្រនេះថា៖ “ដោយឡែកពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភារបស់ឯកឧត្តម កឹម សុខា ពុំមែនជាឧបសគ្គក្នុងការរារាំងការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួននោះទេ សម្រាប់ទង្វើរដែលជាបទល្មើសជាក់ស្តែងបែបនេះ”។ លោកបន្ថែមថា៖ “មានតែសំឡេងគាំទ្រ៣ភាគ៤នៃចំនួនសមាជិកសភាទាំងមូល លើមតិឲ្យផ្អាកនីតិវិធីនេះតែប៉ុណ្ណោះ ទើបជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ផ្អាកនីតិវិធីបន្តរបស់តុលាការបាន។ ឯកឧត្តម កឹម សុខា គួរបង្ហាញជំហរគោរពអនុវត្តច្បាប់ ដែលជាកាតព្វកិច្ចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៤៩ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់”។

ក្នុងករណីប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីលោក កឹម សុខា ដូចគ្នាទៅនឹងករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន រឿងចោទប្រកាន់ការអត្ថាធិប្បាយប្រើប្រាស់ផែនទីក្លែងក្លាយ។ ករណីនេះ មិនត្រូវការដកអភ័យឯកសិទ្ធិដែលត្រូវការសំឡេងពីរភាគបីនៃសមាជិកសភាទាំង១២៣រូបនោះទេ គឺសភានឹងបោះឆ្នោតថាតើឲ្យតុលាការបន្តនីតិវិធីឬយ៉ាងណា ដោយត្រូវការសំឡេងបីភាគបួនក្នុងការបដិសេធថាមិនឲ្យតុលាការបន្តនីតិវិធី៕ រាយការណ៍បន្ថែមដោយ លោក ទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ