សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយុវជនបង្ហោះវីដេអូតាមហ្វេសប៊ុក​រឿងលក់​អាងកំពីងពួយ

យុវជន​ដែល​បង្ហោះ​វីដេអូលើហ្វេសប៊ុក​អំពីអាងកំពីងពួយ

សមត្ថកិច្ចខេត្តបាត់ដំបងកំពុងស្រាវជ្រាវដើម្បីឈានទៅរកចាប់ខ្លួនយុវជនម្នាក់ដែលបានបង្ហោះវីដេអូលើប្រព័ន្ធសង្គមហ្វេសប៊ុក ដែលមន្ទីរធនធានទឹកនិងឧតុនិយមថាជាសារបែបបរិហាកេរ្តិ៍អំពីរឿងលក់អាងកំពីងពួយ៩៩ឆ្នាំ។

ស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង លោក ស ថេត ប្រាប់វីអូឌីថាលោកបាននឹងកំពុងចាត់ការរឿងលើរឿងនេះ តែលោកបានព្យាយាមបដិសេធមិនអត្ថាធិប្បាយលម្អិត។

យុវជនដែលត្រូវបានចោទប្រកាន់នោះបានបិទគណនីហ្វេសប៊ុករបស់ខ្លួនរហូតមកដល់ពេលនេះ។

ក្នុងលិខិតរបស់មន្ទីរធនធានទឹកខេត្តបាត់ដំបង ប្រធានមន្ទីរធនធានទឹកស្តីទី លោក ខៃ សុដា បានឲ្យដឹងអាងកំពីងពួយក្រោយទទួលរងការខូចខាតយ៉ាងដំណំដោយជំនន់ឆ្នាំ២០១៣ ក៏ត្រូវបានក្រសួងធនធានទឹកបានជួសជុលស្តារឡើងវិញនិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទឹកដល់ប្រជាពលរដ្ឋ។ ក្នុងលិខិតបញ្ជាក់ថា៖ “ប៉ុន្តែជាប្រកាសដែលគួរឲ្យសោកស្តាយដោយពេលថ្មីៗនេះម្ចាស់Account Tommy Angkor(Tommy Angkor II)Facebook បានធ្វើការបំភ្លៃបោកប្រាស់បន្លំមតិសាធារណៈ ដោយលើកឡើងថាអាងកំពីងពួយត្រូវបានលក់៩៩ឆ្នាំក្នុងលេសសម្បទានដែលការលើកឡើងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាល”។

ក្រសួងបានឲ្យដឹងទៀតថាកន្លងមករដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម មន្ទីរធនធានទឹកនិងឧតុនិយមខេត្ដដែលជាសេនាធិការ បានខិតខំប្រឹងប្រែងអស់កំលាំងកាយ ចិត្ដក្នុងការអនុវត្ដ និងស្ដារឡើងវិញនូវហរដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ដ្រយ៉ាងច្រើនក្នុងខេត្ដនិងទូទាំងប្រទេសក្នុងគោលបំណងដើម្បីលើកស្ទួយ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីក្រសួងធនធានទឹកចេញលិខិតឲ្យស្វែងរកចាប់ខ្លួន ម្ចាស់ហ្វេកប៊ុកTommy Angkorបានចេញមុខបកស្រាយថាអ្វីដែលលោកលើកឡើងជាព័ត៌មានដែលបានមកពីពលរដ្ឋដែលនៅទីនោះតែប៉ុណ្ណោះ និងស្នើឲ្យមានការយោគយល់ដល់រូបលោក។ ក្នុងលិខិតមួយចេញថ្ងៃទី២៦ ខែឧសភា ម្ចាស់ហ្វេសប៊ុក Tommy Angkor បានសរសេរថាវីដេអូដែលបានចេញផ្សាយក៏មិនបានបញ្ជាក់ពីឈ្មោះបុគ្គលឬស្ថាប័នណាមួយជាអ្នកលក់ គឺផ្សាយតាមតែសម្ដីរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះតែប៉ុណ្ណោះហើយថាលោកពុំមានចេតនាបរិហារកេរ្ដិ៍ដូចជាការចោទប្រកាន់របស់ប្រធានមន្ទីរឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ