ង៉ែត្រ ​​​រដ្ឋា ​និង​​​​​​អ៊ុំ ចំរើន កាន់​​ពាន​ជើង​​ឯក​ក្នុងថ្ងៃ​តែមួយ

ង៉ែត្រ ​​​រដ្ឋា ​និង​​​​​​អ៊ុំ ចំរើន កាន់​​ពាន​ជើង​​ឯក​ក្នុងថ្ងៃ​តែមួយ

កាលពីល្ងាចថ្ងៃទី២៨ ឧសភា ទូររទស្សន៍អាស៊ីអាគ្នេយ៍ និងប៉ុស្ដិ៍លេខ៥បានប្រកួតបិទវគ្គជើងឯកព្រមគ្នាតែម្ដង ដោយកីឡាករ ង៉ែត្រ រដ្ឋា បានក្លាយជាជើងឯកប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងកីឡាករ អ៊ុំ ចំរើន បានក្លាយជាម្ចាស់ជើងប្រចាំប៉ុស្ដិ៍លេខ៥។ នេះការប្រកួតត្រូវចំថ្ងៃដោយកម្រ ដែលធ្វើជើងខ្លាំងទាំងពីរបានឡើងអង្គុយជើងឯកក្នុងថ្ងៃតែមួយ។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនអាស៊ីអាគ្នេយ៍ គឺជាការប្រកួតជើងឯកK-Cement ដោយមានកីឡាករ៤រូបប្រកួតគ្នានៅល្ងាចថ្ងៃបញ្ចប់នោះ។ កីឡាករវ៉េង សុភ័ក្រ្តមកពីក្លិបកងពលទ័ពឆត្រយោង៩១១ ប្រកួតគ្នាជាមួយកីឡាករម៉ន ព្រហ្មម៉ាញ មកពីក្លិបការិយាល័យកងទ័ពជើងគោកដណ្ដើមចំណាត់ថ្នាក់លេខ៣ និងកីឡាករង៉ែត្រ រដ្ឋាមកពីក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយអតីតម្ចាស់ជើងឯកកាលពីឆ្នាំ២០១៣គឺគង់ សំបូរមកពីក្លិបក្រសួងការពារជាតិ ដណ្ដើមចំណាត់ថ្នាក់លេខ១។ ការប្រកួតរបស់អ្នកទាំង៤ ត្រូវគេឃើញមានភាពស្វិតស្វាញហួសពីការស្មាន ទើបអ្នកស្នេហាប្រដាល់ដែលបានទៅទស្សនាដោយផ្ទាល់មិនស្ដាយកម្លាំងក្នុងការស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង។

កីឡាករម៉ន ព្រហ្មម៉ាញ  ជាអ្នកដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ខណៈមួយគូចុងក្រោយគឺកីឡាករង៉ែត្រ រដ្ឋា គឺជាអ្នកដណ្ដើមជ័យជម្នះ។ ប៉ុន្តែកីឡាករក៏ត្រូវគេឃើញប្រឹងអស់ពីសមត្ថភាពផងដែរ ជាពិសេសគឺគង់ សំបូរ ដែលធ្លាក់ត្រឹមចំណាត់ថ្នាក់ជើងឯករងនោះ។ គង់ សំបូរ បានបង្ហាញការតូចចិត្តរហូតចុះចេញពីលើរេញ ដោយមិនឈររេរាអោយក្រុមអ្នកកាសែតបានថតជុំគ្នានៅចុងកម្មវិធីនោះទេ បន្ទាប់ពីក្ដីសង្ឃឹមចង់គ្រងតំណែងជើងឯកលើកទី២មិនអាចធ្វើបាន។

កីឡាករង៉ែត្រ រដ្ឋា ម្ចាស់ជើងឯក ទទួលបានខ្សែក្រវាត់មួយ ពានជើងឯកមួយ និងទឹកប្រាក់១២លានរៀលស្មើនឹង៣ពាន់ដុល្លារ។ កីឡាករគង់ សំបូរ ចំណាត់ថ្នាក់លេខ២ ទទួលបានពានកិត្តិយសមួយ អមដោយទឹកប្រាក់៨លានរៀល។ សម្រាប់កីឡាករ២រូបទៀត ម៉ន ព្រហ្មម៉ាញ ចំណាត់ថ្នាក់លេខ៣ទទួលបានពានកិត្តិយសមួយ អមដោយទឹកប្រាក់៦លានរៀល និងកីឡាករវេង សុភ័ក្រ្ត ទទួលបានពានកិត្តិយសមួយ អមដោយទឹកប្រាក់៤លានរៀល។

នៅល្ងាចថ្ងៃទី២៨ ឧសភា ដដែល នៅលើសង្វៀនប៉ុស្ដិ៍លេខ៥ឯណោះវិញ ក៏មានការប្រកួតដណ្ដើមជើងឯកចុងក្រោយដូចគ្នាផងដែរ។ ប៉ុន្តែនោះជាការប្រកួត ដណ្ដើមជើងឯកអន្តរជាតិរវាងកីឡាករកម្ពុជា និងថៃ ដោយសារតែព្រឹត្តិការណ៍នោះមានការចូលរួមប្រកួតជម្រុះពីសំណាក់កីឡាករកម្ពុជា២រូប និងបរទេស២រូបតាំងពីដើមទី។ កីឡាករអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ បានក្លាយជាម្ចាស់ជើង បន្ទាប់ពីបានយកឈ្នះកីឡាករថៃឈ្មោះ Super Chhai ដោយពិន្ទុ។ ជ័យជម្នះរបស់គេត្រូវគេឃើញភាគីខាងថៃមិនពេញចិត្ត ប៉ុន្តែមិនមានប្រសិទ្ធភាពដោយសារតែគណកម្មការបានអះអាងថាអ៊ុំ ចំរើន ឈ្នះ៣ទឹកពេញ ហើយកីឡាករថៃវាយចូលល្អបានត្រឹមតែ២ទឹកចុងក្រោយ។ ការប្រកួតមួយគូទៀត កីឡាករធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡារបស់កម្ពុជា ជាអ្នកដណ្ដើមបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបានយកឈ្នះទាំងលំបាកពីកីឡាករថៃឈ្មោះ Taharn Ek ដូចគ្នា។

ប្រាក់រង្វាន់នៅក្នុងព្រឹត្តិការណ៍នេះ អ៊ុំ ចំរើន ជាម្ចាស់ជើងឯកទទួលបាន៤ពាន់ដុល្លារ និងពានជើងឯកមួយ។ ប៉ុន្តែសម្រាប់ចំណាត់ថ្នាក់បន្តបន្ទាប់ គេឃើញទទួលបានទឹកប្រាក់ខុសគ្នាដាច់ឆ្ងាយ បើធៀបនឹងប្រាក់រង្វាន់ក្នុងការប្រកួតជើងឯករបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលបានប្រគល់អោយនៅថ្ងៃនោះដូចគ្នា។ កីឡាករថៃ Super Chhai  ជើងឯករងបានតែ១៥០០ដុល្លារប៉ុណ្ណោះ ខណៈដែលលេខ៣ គឺធី តុងហ៊ី បាន៧០០ដុល្លារ និងលេខ៤គឺកីឡាករថៃឈ្មោះ Taharn Ek  បានត្រឹម៤០០ដុល្លារ។ ការប្រកួតនេះត្រូវបានធ្វើឡើងច្រើនខែមកហើយ ដោយក្នុងពេលបើកប្រកួតគឺមានកីឡាករកម្ពុជា៤ កីឡាករថៃ២រូប និងកីឡាករមកពីទ្វីបអឺរ៉ុបចំនួន២រូប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ