លោកស្រី​ សៃ អ៊ឹងវេ ស្បថចូលកាន់​តំណែងប្រធានាធិបតី​របស់តៃវ៉ាន់​នៅថ្ងៃនេះ

លោកស្រី​ សៃ អ៊ឹងវេ ជាស្ត្រីដំបូងរបស់តៃវ៉ាន់​បានជាប់ឆ្នោត​ជាប្រធានាធិបតី (រូបភាពពី AFP)

លោកស្រី សៃ អ៊ឹងវេ ជាស្ត្រីដំបូងរបស់តៃវ៉ាន់បានជាប់ឆ្នោតជាប្រធានាធិបតី ហើយលោកស្រីបានស្បថចូលកាន់តំណែងនៅថ្ងៃសុក្រនេះបន្ទាប់ពីឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែមករាដើមឆ្នាំនេះ។

លោកស្រីចូលបំពេញការងារនៅវិមានប្រធានាធិបតីនេះគឺក្រោយពេលដែលលោកស្រីទទួលបានជោគជ័យពីការបោះឆ្នោតឈ្នះគណបក្សគូមីងតាងដែលដឹកនាំដោយលោក ម៉ា យីងចូវ។ គណបក្សគូមីងតាងដឹកនាំប្រទេសរយៈពេល៨ឆ្នាំមកនេះ ហើយមានទំនាក់ទំនងកាន់តែស្និទ្ធជាមួយទីក្រុងប៉េកាំង ទើបប្រជាពលរដ្ឋឈប់បោះឆ្នោត។ នេះបើតាមសារព័ត៌មាន Channel News Asia។

អ្នកបោះឆ្នោតហាក់មានអារម្មណ៍ថា លោក ម៉ា បានផ្តាស់ប្តូរគោលជំហរទៅស្និទ្ធជាមួយចិន ដែលគេយល់ថា គណបក្សនេះទុកខ្លួនឯងដូចជាផ្នែកមួយនៃទឹកដីរបស់ចិនដែលរង់ចាំតែការបង្រួបបង្រួមចូលមកដល់។

មនុស្សប្រមាណ២០ ០០០នាក់ ត្រូវគេអញ្ជើញជាភ្លៀវដើម្បីចូលរួមអបអរជាសាធារណៈក្នុងការទស្សនានៅខាងមុខការិយាល័យប្រធានាធិបតី។ លោកស្រី សៃ បានលើកដៃស្តាំរបស់នាង ខណៈនាងអានពាក្យសម្បថនៅខាងមុខទង់ជាតិរបស់តៃវ៉ាន់។ គាត់ទទួលបានត្រាដែលមានបញ្ជាក់ពីឈ្មោះផ្លូវការរបស់តៃវ៉ាន់និងត្រាឈ្មោះ ប្រធានាធិបតី។

ពលរដ្ឋម្នាក់ដែលឈរទស្សនានៅមុខវិមានប្រធានាធិបតីថ្លែងថាលោកស្រី សៃ អ៊ឺងវេ គឺជាស្ត្រីទី១ហើយដែលបានទទួលតំណែងជាប្រធានាធិបតីរបស់តៃវ៉ាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយគាត់ចង់ឃើញទិដ្ឋភាពដ៏ល្អបែបនេះ។ លោកបញ្ជាក់ថា លោកសង្ឃឹមលើលោកស្រី សៃ ក្នុងការនាំមកនូវស្ថិរភាពឲ្យតៃវ៉ាន់និងពង្រឹងសេដ្ឋកិច្ចឲ្យបានប្រសើរឡើង។

ប្រជាពលរដ្ឋដែលទៅចូលរួមទស្សនាពិធីស្បថចូលកាន់តំណែងប្រជាធាធិបតីថ្មីរបស់តៃវ៉ាន់នេះបង្ហាញក្តីសង្ឃឹមប្រហាក់ប្រហែលគ្នាលើលោកស្រី សៃ ដែលអ្នកខ្លះសង្ឃឹមថា លោកស្រីអាចជួយពង្រឹងសេដ្ឋកិច្ច អ្នកខ្លះថាលោកស្រីនឹងមានលទ្ធភាពក្នុងការចរចាជាមួយចិនជជែកពីដែនអធិបតេយ្យភាពទឹកដី។

តៃវ៉ាន់គឺជាដែនដីកោះមួយមានប្រជាជនជាង២០លាននាក់ដែលបានផ្តាច់ចេញពីចិនកាលពីឆ្នាំ១៩៤៩ នៅពេលដែលមានសង្គ្រាមស៊ីវិលកើតឡើង។ ទោះយ៉ាងណាចិននៅតែចិញ្ចឹមចិត្តថាតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយរង់ចាំតែថ្ងៃណាមួយអំណោយផលល្អនិងមានបង្រួបបង្រួមឲ្យទៅជាចិនតែមួយវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ