ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រាប់​ម៉ឺន​នាក់​តវ៉ា​ទាមទារ​តម្លើង​ប្រាក់ឈ្នួល​អប្បបរមា​ក្នុង​​ទិវាពលកម្ម​អន្តរជាតិ

ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង​​រាប់ម៉ឺននាក់បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យនាឱកាស​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ (រូបភាពពី AFP)

ប្រជាពលរដ្ឋកូរ៉េខាងត្បូងរាប់ម៉ឺននាក់បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យនាឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ ដោយបានរិះគន់ការធ្វើកំណែទម្រង់ការងារដែលជំរុញដោយរដ្ឋាភិបាលនិងអំពាវនាវឱ្យមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន។

សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្នុងការតវ៉ានោះក្រុមសកម្មជនការងារបាននិយាយថា សេចក្ដីព្រាងច្បាប់លើកំណែទម្រង់ពលកម្មដែលបានស្នើឡើងប្រធានាធិបតីលោកស្រី Park Geun-Hye និងគណបក្សអភិរក្សនិយម Saenuri របស់លោកស្រី នឹងធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការបញ្ឈប់កម្មករ។

ក្រុមសកម្មជនការងារនិងកម្មករដែលជាមាជិករបស់សហជីពបាននាំគ្នាស្រែកព្រមៗគ្នានៅទីលានមុខសាលាក្រុងសេអ៊ូលថា ចូរយើងប្រយុទ្ធទាំងអស់គ្នាប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ដ៏អាក្រក់នេះ

សហព័ន្ធសហជីពកូរ៉េបានឲ្យដឹងថាបុគ្គលិកសហជីពប្រហែ៣០០០០នាក់ធ្វើការឲ្យក្រុមហ៊ុនក្នុងស្រុកបានចូលរួមក្នុងការតវ៉ានេះ។

ក្នុងការតវ៉ានៅមុខសាលាក្រុងនេះ មនុស្សជាច្រើនបានគ្រវីបដាដែលសរសេរថា ចុះចេញជាមួយនឹងការបញ្ឈប់ពីការងារដោយងាយស្រួល  ឬបដាខ្លះសរសេរថា ការពារសិទ្ធិរបស់យើងដើម្បីធ្វើការ ដោយពួកគេបានស្រែកពាក្យស្លោកផ្សេងៗ រួមទាំងពាក្យស្លោកដែលនិយាយថា ប្រយុទ្ធប្រឆាំងនឹងរដ្ឋបាលរបស់លោកស្រី Park ដែលគាបសង្កត់សិទ្ធិការងារ

អ្នកតវ៉ាជាច្រើនក៏បានបានគ្រវីទង់ធំៗដែលមានសរសេរថា ប្រាក់ឈ្នួលអប្បបរមា១០០០០វ៉ុន (៨,៧៣ដុល្លារអាមេរិក)។ ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នរបស់កូរ៉េខាងត្បូងគឺ៦០៣០វ៉ុន (៥,៦ដុល្លារ) ក្នុងមួយម៉ោង។

ទោះយ៉ាងណា រដ្ឋបាលរបស់លោកស្រី Park បានអះអាងថាផែនការកំណែទម្រង់ការងារនេះនឹងនាំមកនូវភាពបត់បែននៅក្នុងទីផ្សារការងារដ៏តឹងរឹង តាមរយៈការធ្វើឲ្យមានភាពកាន់តែងាយស្រួលសម្រាប់អាជីវកម្មក្នុងការជួលក៏ដូចជាបណ្ដេញបុគ្គលិកចេញ។

ការតវ៉ាមួយផ្សេងទៀតដែលមានកម្មកររាប់ពាន់នាក់ចូលរួមត្រូវបានប្រារព្ធឡើងនៅកណ្តាលទីក្រុងសេអ៊ូល ដោយពួកគេទាមទារលុបចោលការធ្វើកំណែទម្រង់ការងារនេះនិងទាមទារម៉ោងធ្វើការខ្លីជាងមុន។

ការប្រមូលផ្តុំទាំងពីរនេះត្រូវឃ្លាំមើលដោយនគរបាលរាប់ពាន់នាក់។ យ៉ាងណាក៏ដោយមិនមានការប៉ះទង្គិចគ្នាជាមួយប៉ូលីសត្រូវបានគេរាយការណ៍នោះទេ។

គួរបញ្ជាក់ថាក្នុងការបោះឆ្នោតកាលពីខែមុន គណបក្សរបស់លោកស្រី Park បានបាត់បង់សំឡេងភាគច្រើនក្នុងសភារបស់ខ្លួនជាលើកដំបូងនៅក្នុងរយៈពេល១៦ឆ្នាំ ខណៈពេលដែលអ្នកបោះឆ្នោតបានបង្ហាញការអាក់អន់ចិត្តរបស់ពួកគេជាមួយនឹងកំណត់ត្រាសេដ្ឋកិច្ចរបស់លោកស្រីប្រធានាធិបតីនិងការកើនឡើងអត្រាគ្មានការងារធ្វើរបស់យុវជន។

បរាជ័យនេះបានធ្វើឲ្យលោកស្រី Park ដែលជាប្រធានាធិបតីនឹងចាកចេញពីតំណែងក្នុងរយៈពេលតិចជាង២ឆ្នាំទៀតនោះនឹងកាន់តែខំជំរុញខ្លាំងឡើងនូវរបៀបវារៈសេដ្ឋកិច្ចអភិរក្សនិយមរបស់លោកស្រីដែលរួមទាំងកំណែទម្រង់ពលកម្មការងាររបស់លោកស្រីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ