នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានច្រានចោលការទាមទាររបស់សមាគមអ្នកកាសែតថៃដែលបានអំពាវនាវឲ្យលុបចោលការរឹតបន្តឹងលើសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយដែលរដ្ឋាភិបាលយោធាថៃបានធ្វើឡើងបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ស្របពេលប្រទេសថៃប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃអង្គារម្សិលមិញ។
លោក ប្រាយុទ្ធ និយាយថាសារព័ត៌មានប្រទេសថៃមានសេរីភាពគ្រប់គ្រាន់ហើយ ហើយលោកជំរុញប្រព័ន្ធផ្សព្វផ្សាយឲ្យជួយប្រទេសថៃធ្វើដំណើរឆ្ពោះទៅមុខ។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ របស់ថៃ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃកំពុងប្រឈមមុខនឹងទំនាក់ទំនងមិនល្អជាមួយរដ្ឋាភិបាលយោធាថៃ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែឧសភាឆ្នាំ២០១៤មក។ ការរឹតបន្តឹងលើសេរីភាពសារព័ត៌មានត្រូវបានរដ្ឋាភិបាលយោធាកម្រិតទៅលើការផ្សព្វផ្សាយព័ត៌មាន។
ការផ្សព្វផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍និងវិទ្យុត្រូវបានគេផ្អាកមួយរយៈក្រោយពីក្រុមយោធាឡើងកាន់អំណាច។ អ្នកកាសែតខ្លះដែលជាអ្នករិះគន់រដ្ឋាភិបាលបានរងការព្រមាន ខណៈអ្នកកាសែតខ្លះទៀតត្រូវបានគេឃាត់ខ្លួនមួយរយៈដើម្បីឲ្យកែប្រែឥរិយាបថ។
ទោះបីជាពួកយោធាពុំបានបិទឬផ្អាកប្រព័ន្ធផ្សព្វផ្សាយណាមួយក៏ដោយ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍មួយចំនួន និយាយថា បរិយាកាសនយោបាយបានកម្រិតពួកគេឲ្យនៅឆ្ងាយពីការប្រតិបត្តិតាមវិជ្ជាជីវៈ។
អ្នកកាសែតសរសេរព័ត៌មានស៊ើបអង្កេត លោក សន្តិវិថី ព្រហ្មផុត (Santiwithi Phrombut) និយាយថាប្រព័ន្ធផ្សព្វផ្សាយថៃនាពេលសព្វថ្ងៃភាគច្រើនបានផ្សព្វផ្សាយព័ត៌មានពីរដ្ឋាភិបាល។ អ្នកកាសែតជាច្រើនពុំអាចអនុវត្តតួនាទីរបស់ពួកគេក្នុងការស៊ើបអង្កេតបញ្ហាឬរឿងអាស្រូវណាមួយដូចពីមុននោះឡើយ។
ទោះបីជាបរិយាកាសនយោបាយមិនល្អក៏ដោយក៏ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជាសារព័ត៌មានអនឡាញ ប្រះឆាថៃ (Prachatai) នៅតែរក្សាបានឯករាជ្យភាពរបស់ពួកគេនិងផលិតព័ត៌មានក្ដៅៗ។ កាសែតនេះនៅតែបន្តសរសេរករណីរំលោភសិទ្ធិមនុស្សនិងបញ្ហានយោបាយដដែល។
ការីនិពន្ធកាសែតប្រះឆាថៃ លោក ចូវ៉ាត់ ឫកសិរីសុខ (Chuwat Rerksirisuk) បាននិយាយថាប្រព័ន្ធផ្សព្វផ្សាយថៃចាំបាច់ត្រូវតែធ្វើឲ្យប្រសើរឡើង ដើម្បីរក្សាស្ដង់ដារសិទ្ធិមនុស្សនៅក្នុងសំណេរព័ត៌មានរបស់ខ្លួនសម្រាប់រក្សាតម្លៃនិងឯករាជ្យភាពរបស់ពួកគេពីមនុស្សមានអំណាច៕