វិភាគ៖ តើគួរមានដំណោះស្រាយបែបណានៅចំពោះមុខស្ថានការណ៍នយោបាយពេលនេះ?

សមត្ថកិច្ច​ចុះ​ឡោមព័ទ្ធទីស្នាក់ការគណបក្ស​សង្រ្គោះជាតិ​នៅចាក់អង្រែ​លើ(រួបថតដោយទូច សុខា)

មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាត្រូវបានអ្នកវិភាគមើលឃើញថាកំពុងតែរងសម្ពាធផ្នែកនយោបាយតាមរយៈគេប្រើប្រព័ន្ធតុលាការដោយសារតែនៅសប្តាហ៍នេះសមត្ថកិច្ចប្រដាប់ដោយអាវុធជ្រោងច្រាងបានឃាត់រថយន្ត លោក កឹម សុខា និងឡោមព័ទ្ធស្នាក់គណបក្សសង្រ្គោះជាតិ។

ពីដើមឡើយសំណុំរឿងអាស្រូវស្នេហានោះត្រូវបានគេមើលឃើញថាជារឿងឯកជនសុទ្ធសាធ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសថាករណីនេះជារឿងឯកជន ប៉ុន្តែលោកបានព្រមានថាបើនៅតែចោទថាគណបក្សប្រជាជនកម្ពុជាជាអ្នករៀបចំរឿងនេះ លោកថារដ្ឋាភិបាលនឹងលូកដៃចូលហើយកាន់តែធ្ងន់ធ្ងរ។

ក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្រ្តី អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដោយចោទប្រកាន់ទាក់ទងរឿងអាស្រូវស្នេហាដែលគេចោទថាពាក់ព័ន្ធលោក កឹម សុខា និងស្រីមុំ។

ប៉ុន្តែពេលនេះរឿងឯកជននោះបានក្លាយទៅជារឿងនយោបាយដែលត្រូវបានទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននានានិងសហគមន៍អន្តរជាតិទៀតផង។

ការដែលគេចាប់អាម្មណ៍នោះ គឺដោយសារតែ លោក កឹម សុខា មានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រដែលបានមកពីពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិជិត៣លាននាក់នោះត្រូវបានកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលព័ទ្ធចាប់ដោយមិនបានដកអភ័យឯកសិទ្ធិ។

សភាពអ៊ឺរ៉ុបដែលជាម្ចាស់ជំនួយធំមួយរបស់កម្ពុជាដោយមានភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប ព្រមទាំងទទួចឲ្យមានការបើកចំហរបរិយាកាសនយោបាយសម្រាប់គណបក្សប្រឆាំង។

បន្ថែមពីសហភាពអ៊ឺរ៉ុប ស្ថានទូតអាមេរិកដែលជាប្រទេសមហាអំណាចពិភពលោកបានជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដោយស្ថានទូតសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះស្ថានទូតអាមេរិកបានបញ្ជាក់ថា៖ “ការដាក់កម្លាំងយោធាប៉ារ៉ានៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងការប្រឈមដោយកម្លាំងជាមួយអ្នកគាំទ្របក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែឧសភា គឺមិនស្មើគ្នាហើយជាជំហានគ្រោះថ្នាក់”។

លោកបណ្ឌិត ចាន់ វិបុល អ្នកប្រឹក្សាយោបល់ឯករាជ្យវិភាគថា មានតែការចរចារវាងគណបក្សទាំងពីរ ការអន្តរាគមពីព្រះមហាក្សត្រ និងការអន្តរាគមពីសហគមន៍អន្តរជាតិ ពិសេសប្រទេសជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទេ ដែលជាដំណោះស្រាយចំពោះបញ្ហានយោបាយនៅកម្ពុជាពេលនេះ។ លោកមានប្រសាសន៍ថា៖ “ស្ថានការណ៍នេះឈានទៅរកកម្រិតអន្តរាគមពីប្រទេសហត្ថលេខី។ ទី២គឺព្រះរាជតួនាទីព្រះមហាក្សត្រ ដែលរក្សាការផ្សះផ្សារជាតិ ព្រោះនេះជាវិវាទរវាងគណបក្សនយោបាយ ទោះជាបីមានការបកស្រាយផ្សេងគ្នាក៏ដោយ។ ការអន្តរាគមពីសហគមន៍អន្តរជាតិដូចជាស្ថានទូតផ្សេងៗដែលលោកមានឆន្ទៈចង់ឃើញការបង្រួបបង្រួមជាតិកម្ពុជា

លោកបណ្ឌិត ចាន់ វិបុល លើកឡើងថាលក្ខខណ្ឌចាំបាច់ដែលត្រូវលើកដាក់លើតុចរចាគឺបញ្ឈប់ការរុកគួនគ្នាទៅវិញទៅមក។

លោកមានប្រសាសន៍ថា៖ “ផ្តល់ឱកាសសម្រាប់ការប្រកួតប្រជែងនៃការបោះឆ្នោតដែលខិតជិតមកដល់នៅឆ្នាំ២០១៧និង២០១៨ដោយសុចរិតនិងមានតម្លាភាព។ ទុកឱកាសពេញលេញដល់ម្ចាស់ឆ្នោតក្នុងការសម្រេចចិត្តជ្រើសមេដឹកនាំណាដែលគាត់គិតថាល្អសម្រាប់សង្គម”។

ប៉ុន្តែលក្ខខណ្ឌបែបនេះ ទំនងជាគណបក្សកាន់អំណាចមិនចង់បាននោះទេ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានថ្លែងនៅព្រឹកថ្ងៃទី២៧ឧសភានៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថា ជំនួបកំពូលរវាងCPPនិងCNRPអាចនឹងកើតមាន លុះណាតែ CNRP រៀបចំក្បាលម៉ាស៊ីនថ្នាក់ដឹកនាំឲ្យល្អសិន។

នៅពេល លោក ឈាង វុន លើកឡើងដូចនេះ គេនឹកឃើញដល់អ្នកវិភាគដែលកន្លងមកបាននិយាយថា គណបក្សប្រជាជនកម្ពុជាចង់ឲ្យគណបក្សសង្រ្គោះជាតិរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្សគឺលោក កឹម សុខា ធ្វើជាប្រធានបក្សតែម្តង ហើយលោក ប៉ុល ហំម ដែលជាមនុស្សស្និទ្ធនឹង លោក កឹម សុខា ចូលជំនួសតំណែងអនុប្រធានទី១នៃរដ្ឋសភា។ ប៉ុន្តែយុទ្ធសាស្ត្រនោះ ត្រូវបានអ្នកវិភាគយល់ថាជាការចង់បំបែក លោក សម រង្ស៊ី និងលោក កឹម សុខា ទើបគណបក្សសង្រ្គោះជាតិមិនយល់ព្រម ហើយក្រោយមកក៏មានបែកធ្លាយខ្សែរអាត់សំឡេងដែលគេចោទថា លោក កឹម សុខា មានទំនាក់ទំនងស្នេហាលួចលាក់។

ដោយឡែក គណបក្សសង្រ្គោះជាតិសម្រេចឲ្យថ្នាក់ដឹកនាំរបស់ខ្លួននៅតាមមូលដ្ឋានដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រសុំដោះលែងមន្រ្តីសិទ្ធិមនុស្សនិងសកម្មជននយោបាយ។

បន្ថែមពីនេះ គណបក្សសង្រ្គោះជាតិថានឹងធ្វើញត្តិជូនប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ប្រាប់ថាតំណាងរាស្រ្តសង្រ្គោះជាតិទាំងអស់មិនអាចបំពេញការងារនៅមន្ទីររដ្ឋសភាក្នុងកាលៈទេសៈដែលគណបក្សថាមានការរំលោភបំពានអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តជាបន្តបន្ទាប់។

ជាមួយគ្នានោះគណបក្សប្រឆាំងក៏ព្រមានថានឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សាក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា។ ប៉ុន្តែគណបក្សថានឹងបន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តាស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំ២០១៧និង២០១៨ខាងមុខនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សាស្ត្រាចារ្យផ្នែកនយោបាយ លោក សូ ចន្ថា វិភាគថានៅពេលអ្នកគាំទ្រគណបក្សសង្រ្គោះជាតិធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួន លោក កឹម សុខា នោះលោកថាពួកបាតដៃទី៣នឹងបញ្រ្ជៀតចូលបង្កហិង្សា ហើយអាជ្ញាធរយកលេសបង្រ្កាប។

លោកមានប្រសាសន៍ថា៖ “ព្រោះបញ្ហានេះយើងធ្លាប់ឃើញកន្លងមកហើយ គឺក្រុមបាតដៃទី៣ចូលមកបង្កើតហិង្សាក្នុងការទាមទារតវ៉ា។ បើសិនជាបែបនេះមែន ខ្ញុំគិតថាស្ថានភាពនយោបាយនៅកម្ពុជាធ្លាក់ទៅរកភាពដុនដាប ហើយកំពុងដើរខុសគន្លងប្រជាធិបតេយ្យ។ យើងបានប្រកាសហើយជិតដល់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ហើយស្ថានការណ៍ហាក់មិនមានអ្វីដែលស្ងប់ឲ្យដំណើរការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌”។

លោក សូ ចន្ថា លើកជាយោបល់ថា ដើម្បីបញ្ជៀសហិង្សា ភាគីទាំងពីរគួរតែរក្សាភាពស្ងៀមស្ងាត់។ លោកថា៖ “គួរប្រាប់អ្នកគាំទ្រជៀសវាងអំពើហិង្សា ដោយប្រកាន់អហិង្សាឲ្យបញ្ហានេះមិនឈានទៅហិង្សាធ្ងន់ធ្ងរប៉ះពាល់សណ្តាប់ធ្នាប់សង្គម”។

នៅចំពោះមុខស្ថានការណ៍នយោបាយពេលនេះ អ្នកវិភាគលើកឡើងថាគណបក្សទាំងពីរគួរវិលទៅរកតុចរចាដោយរក្សាស្ថានការណ៍ឲ្យស្ងប់ស្ងាត់ បញ្ជៀសការប៉ះទង្គិចដោយហិង្សា និងថាដល់ពេលមានព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។ បន្ថែមពីនេះទៀត អ្នកវិភាគយល់ថាខណៈនេះជាពេលមួយដែលសហគមន៍អន្តរជាតិនិងប្រទេសជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសចូលអន្តរាគមន៍ធ្វើយ៉ាងណាធានាបរិយាកាសនយោបាយនៅកម្ពុជាឲ្យមានការប្រកួតប្រជែងដោយសេរី និងស្មើភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ