អ្វីជាបុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រីអង្គការសហប្រជាជាតិ?

ទង់អង្គការសហប្រជាជាតិ (រូបពីវេបសាយUN)

នៅពេលថ្មីៗនេះ មន្ត្រីសិទ្ធិមនុស្សមួយរូបរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺ លោក ស៊ឺន សាលី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងករណីពុករលួយក្នុងករណីនារីឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវគេអះអាងថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។

ទោះយ៉ាងណា លោក ស៊ឺន សាលី មិនបានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់អង្គភាពប្រឆាំអំពើពុករលួយនោះទេ ដោយលោកជាមន្ត្រីរបស់អង្គការសហប្រជាជាតិ ហើយត្រូវទទួលបានអភ័យឯកសិទ្ធិ។

មកដល់ពេលនេះ លោក ស៊ឺន សាលី ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។

តើអង្គការសហប្រជាជាតិ និងមន្ត្រីរបស់ខ្លួនមានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិអ្វីខ្លះ?

អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិត្រូវបានអនុម័តនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៤៩។

ចំណុចទី១៨ ក្នុងមាត្រាទី៥ស្ដីពីមន្ត្រីរបស់UN នៃអនុសញ្ញានេះបានចែងថា “មន្ត្រីរបស់អង្គការសហប្រជាជាតិត្រូវទទួលបានអភ័យឯកសិទ្ធិរួចផុតពីចំណាត់ការផ្លូវច្បាប់ ចំពោះពាក្យសម្ដីនិយាយផ្ទាល់មាត់ ឬជាលាយល័ក្ខណ៍អក្សរ និងគ្រប់សកម្មភាពដែលមន្ត្រីនោះបានធ្វើក្នុងសមត្ថភាពផ្លូវការរបស់ខ្លួន”

បើយោងតាមចំណុចទី១៧ នៅក្នុងមាត្រា៥ដដែលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិជាអ្នកកំណត់ប្រភេទមន្ត្រីរបស់អង្គការសហប្រជាជាតិដែលអាចទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដែលបានផ្ដល់ឲ្យនៅក្នុងមាត្រា៥នៃអនុសញ្ញានេះ និងមាត្រា៧ដែលចែងពីមន្ត្រីជំនាញដែលបំពេញបេសកកម្មឲ្យអង្គការសហប្រជាជាតិ។ អគ្គលេខាធិការUNត្រូវបញ្ជូនប្រភេទមន្ត្រីទាំងអស់នោះទៅមហាសន្និបាតរបស់UN ហើយក្រោយមក ប្រភេទមន្ត្រីទាំងនោះគួរតែត្រូវបានជូនដំណឹងទៅប្រទេសជាសមាជិករបស់UN។ ចំណុចទី១៧នៃអនុសញ្ញានេះក៏បានបញ្ជាក់ផងដែរថា ឈ្មោះរបស់មន្ត្រីដែលត្រូវបានបញ្ចូលទៅក្នុងប្រភេទទាំងនោះ ត្រូវផ្ដល់ឲ្យប្រទេសជាសមាជិកបានដឹង។

ចំណុច២០នៃមាត្រា៥ ក្នុងអនុសញ្ញានេះបានចែងថា បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិត្រូវបានផ្តល់ទៅឱ្យមន្រ្តីសម្រាប់ជាផលប្រយោជន៍របស់អង្គការសហប្រជាជាតិ និងមិនមែនដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលខ្លួនឯងទេ។ អគ្គលេខាធិការមានសិទ្ធិ និងកាតព្វកិច្ចក្នុងការដកអភ័យឯកសិទ្ធិមន្ត្រីណាម្នាក់ក្នុងករណីដែលគិតថា អភ័យឯកសិទ្ធិនេះនឹងរាំងស្ទះដល់ដំណើរការយុត្តិធម៌។ ចំណុចទី២០ដដែលនេះបន្តថា បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិអាចដកបាន ដោយពុំមានប៉ះពាល់ទៅលើផលប្រយោជន៍របស់អង្គការសហប្រជាជាតិ។

ចំណែកចំណុចទី២១នៃមាត្រាទី៥ដដែលនេះបានចែងថា អង្គការសហប្រជាជាតិគួរសហការគ្រប់ពេលវេលាជាមួយអាជ្ញាធរសមស្របរបស់ប្រទេសជាសមាជិក ដើម្បីជួយសម្រួលដល់ការចាត់ចែងត្រឹមត្រូវរបស់តុលាការ ធានាការគោរពបទបញ្ជានគរបាល និងបង្ការការកើតឡើងនៃការរំលោភបំពានណាមួយដែលមានជាប់ពាក់ព័ន្ធបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ និងអ្វីដែលបានរៀបរាប់ក្នុងមាត្រា៥នេះ៕

មន្រ្តីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ឺន សាលី(រូបថតដោយCCHR)
មន្រ្តីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ឺន សាលី(រូបថតដោយCCHR)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ