អាជ្ញាធរជាតិ​អប្សរា​អំពាវនាវ​ឲ្យ​បក្សប្រឆាំង​ដាក់​ពាក្យ​ស្នើសុំ​ប្រារព្ធ​ពិធី​សាសនា​នៅ​អង្គរវត្ត​

អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យគណបក្សប្រឆាំងត្រូវបំពេញនីតិវិធីកំណត់ដោយស្ថាប័ននេះ សម្រាប់ការរៀបចំពិធីបែបសាសនានៅថ្ងៃស្អែកនេះ ដែលស្ថាប័ននេះអះអាងថា ដើម្បីបញ្ចៀសបញ្ហាប៉ះពាល់ទៅលើបេតិកភណ្ឌជាតិ។

សេចក្ដីអំពាវនាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ គ្រោងប្រារព្ធពិធីបួងសួងបែបសាសនាមួយ នៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមិថុនា ចំពេលដែលស្ថានភាពនយោបាយឡើងកម្ដៅនាពេលថ្មីៗនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះកាលពីថ្ងៃទី១៧ ខែមិថុនា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នៅមិនទាន់ទទួលសំណើប្រារព្ធពិធីនោះពីគណបក្សប្រឆាំងនៅឡើយទេ ហើយបានបង្ហាញក្ដីបារម្ភពីបញ្ហាអសន្តិសុខ សណ្តាប់ធ្នាប់ និងផលប៉ះពាល់ទៅលើបេតិកភណ្ឌ ដែលកើតចេញពីការប្រារព្ធពិធីដោយគ្មានការអនុញាតពីអាជ្ញាធរ។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា បើគណបក្សប្រឆាំងរៀបចំពិធីបែបសាសនាមែន ត្រូវទៅបំពេញសុំបែបបទតាមនីតិវិធីរបស់អាជ្ញាធរជាតិអក្សរា ដើម្បីប្រារព្ធពិធី។ ប៉ុន្តែ អាជ្ញាធរព្រមានឲ្យបក្សប្រឆាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ទោះជាយ៉ាងណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការគណបក្សនៅព្រឹកថ្ងៃសៅរិ៍នេះថា គណបក្សនេះនឹងជួបជុំនៅមុខប្រាសាទអង្គរវត្ត ដើម្បីរៀបចំពិធីបែបព្រះពុទ្ធសាសនានៅថ្ងៃអាទិត្យស្អែកនេះទៅតាមការគ្រោងទុក ដោយលោកថា ការប្រារព្ធពិធីនេះ មិនចាំបាច់សុំការអនុញាតពីអាជ្ញាធរ ដូចធ្វើបាតុកម្មនោះទេ។

ទោះយ៉ាងណាក៏លោក ហូរ វ៉ាន់ មិនបានបញ្ជាក់ពីចំនួនអ្នកចូលរួមប៉ុន្មាននាក់នោះទេ។

ពិធីបួងសួងនៅប្រាសាទអង្គរវត្ត គឺជាពីធីបែបសាសនាលើកទីពីរដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនបានសម្រេច កាលពីចុងខែឧសភាកន្លងមក និងក្រោយពីមន្ត្រីសង្គមស៊ីវិល មន្ត្រីរៀបចំការបោះឆ្នោត តំណាងរាស្ត្រ សកម្មជននយោបាយ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ