ចិន​ជំទាស់​នឹង​ការបញ្ចូល​ឥណ្ឌា​ក្នុង​ក្រុម​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​

ប្រមុខផ្នែកគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិន បានរក្សាជំហររបស់ខ្លួនប្រឆាំងនឹងប្រទេសឥណ្ឌា ដោយមិនឲ្យប្រទេសមួយនេះ ចូលក្នុងក្រុមប្រជាជាតិស្វែងរកការទប់ស្កាត់អាវុធនុយក្លេអ៊ែរ តាមរយៈការគ្រប់គ្រងលើបច្ចេកវិទ្យានោះឡើយ។

ក្រុមប្រទេសផ្គត់ផ្គង់នុយក្លេអ៊ែរ បានជួបប្រជុំគ្នានៅសប្ដាហ៍នេះ នៅទីក្រុងសេអ៊ូល ប៉ុន្តែ ចិននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យឥណ្ឌាក្លាយជាសមាជិកនោះឡើយ ដោយសារឥណ្ឌាពុំទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាហាមសាយភាយអាវុធនៅឡើយទេ។

ប្រមុខផ្នែកគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន លោក វ៉ាង គួន ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រដកស្រង់សម្ដី ដែលបានថ្លែងថា ប្រទេសស្នើចូលជាសមាជិក ត្រូវតែជាហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

លោក វ៉ាង បន្តថា វាគឺជាមូលដ្ឋាន មិនមែនជាអ្វីដែលចិនបង្កើតឡើងនោះឡើយ ហើយវាត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ដោយទូលំទូលាយ។

ចិនគឺជាអ្នកប្រឆាំងឈានមុខគេទៅនឹងការជំរុញពីសំណាក់សហរដ្ឋអាមេរិក ឲ្យនាំយកប្រទេសឥណ្ឌា ចូលក្នុងក្រុមប្រទេសផ្គត់ផ្គង់នុយក្លេអ៊ែរ ដែលមានបំណងទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ តាមរយៈការបញ្ឈប់ការលក់បច្ចេកវិទ្យានុយក្លេអ៊ែរ ដែលអាចឲ្យគេប្រើប្រាស់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ