លោក​​ ប៉ុល​​ ហំម៖ រដ្ឋាភិបាលបើកសមរភូមិប្រយុទ្ធជាមួយបក្សប្រឆាំង សង្គមស៊ីវិល និង​​​ គ.ជ.ប

មន្ត្រីជាន់ខ្ពស់មួយរូប​និងជាតំណាងរាស្ត្រគណបក្សប្រឆាំង លោក​ ប៉ុល ហំម (ដោយ ញឹម សុខន)

មន្ត្រីជាន់ខ្ពស់មួយរូបនិងជាតំណាងរាស្ត្រគណបក្សប្រឆាំង លោក ប៉ុល ហំម បានរិះគន់ថាគណបក្សគ្រប់គ្រងអំណាច កំពុងបើកសមរភូមិប្រយុទ្ធជាមួយគណបក្សជំទាស់ អង្គការសង្គមស៊ីវិល និង គ.ជ.ប ខណៈស្ថានការណ៍នយោបាយនៅតែបន្តឡើងកម្តៅនោះ។

នៅប៉ុន្មានថ្ងៃនេះប្រធានស្តីទីគណបក្សសង្ក្រោះជាតិលោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចរាប់សឹបនាក់បំពាក់ដោយអាវុធស្វ័យប្រវត្តិតាមចាប់ខ្លួនតែមិនបានសម្រេច ធ្វើឲ្យលោកសម្ងំលាក់ខ្លួននៅស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ។ ចំណែកសមាជិក គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានតុលាការបន្តសំណុំរឿងចាស់ ខណៈលោក នី ចរិយា អគ្គលេខាធិការរងត្រូវបានចាប់ឃុំខ្លួន។ រីឯមន្រ្តីសមាគមអាដហុក៤នាក់ក៏ត្រូវរដ្ឋាភិបាលចាប់ខ្លួនក្នុងសំណុំរឿងដែលគេចោទថាទាក់ទង លោក កឹម សុខា មានស្នេហាលួចលាក់។

ថ្លែងទៅកាន់អ្នកគាំទ្រនៅមុខស្នាក់ការគណបក្សនាថ្ងៃទី២ខែមិថុនានេះ លោក ប៉ុល  ហំម បានរិះគន់ថា បើទោះបីពេលនេះមានវប្បធម៌សន្ទនាសម្រាប់ឲ្យក្រុមសំឡេងភាគតិច(គណបក្សសង្គ្រោះជាតិ)និងក្រុមសំឡេងភាគច្រើន(គណបក្សប្រជាជនកម្ពុជា) សម្រាប់ជជែកគ្នាស្វែងរកដំណោះស្រាយនយោបាយក៏ដោយ ប៉ុន្តែលោកថាដៃគូប្រកួត តែងយកលេសថាវប្បធម៌សន្ទនាមិនអាចរំលោភស្ថាប័នតុលាការឈានទៅដោះលែងមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ឃុំបានទេ។

លោក ប៉ុល ហំម រិះគន់ថាការអះអាងបែបនេះគ្រាន់តែជាការបង្វែរស្ថានការណ៍ ដើម្បីគេចចេញពីការទទួលខុសត្រូវតែប៉ុណ្ណោះ។

លោក ប៉ុល ហំម បាននិយាយបែបចំអកថាការព្យាយាមបិទបាំងការពិតបែបនេះ ធ្វើឲ្យរដ្ឋាភិបាលបង្កើតសមរភូមិប្រយុទ្ធមួយ ទប់ទល់ទៅនឹងគោលដៅប្រយុទ្ធច្រើនគោលដៅ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការិះគន់នេះ ដោយលោកអះអាងថាអ្វីៗដែលរដ្ឋាភិបាលធ្វើលោកថាជាវិធានការច្បាប់។ លោកថា ចំណែកការទាមទារឲ្យបក្សកាន់អំណាចវិលទៅរកតុចរចាតាមរយៈវប្បធម៌សន្ទនាដោយមានលក្ខខណ្ឌចង់ឲ្យដោះលែងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំនោះ លោកថាកាចរចានឹងមិនអាចទៅរួចទេ។

អ្នកវិភាគព្រឹត្តិការណ៍សង្គមគិតថា គណបក្សប្រជាជនកម្ពុជាបច្ចប្បន្នដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីមានអំណាចគ្រប់ដណ្តប់ទៅលើស្ថាបប័នកំពូលធំៗដូចជារដ្ឋសភា កម្លាំងប្រដាប់អាវុធ និងតុលាការជាដើម ពួកគេប្រើប្រាស់វប្បធម៌សន្ទនាដែលបង្កើតឡើងដោយគណបក្សទាំង២ក្រោយការបោះឆ្នោតអាចដំណើការទៅបានលុះណាតែគណបក្សកាន់អំណាចទទួលបានអត្ថប្រយោជន៍ច្រើនលើសលប់។

ប៉ុន្តែក្រោយពីសកម្មជនគណបក្សប្រឆាំងជិត២០នាក់ជាប់ពន្ធនាគារ ប្រធានគណបក្សលោក សម រង្ស៊ី នីរទេសខ្លួននៅក្រៅប្រទេសគេចចេញពីការតាមចាប់ខ្លួនរបស់តុលាការ ហើយពេលនេះអនុប្រធាន លោក កឹម សុខា កំពុងប្រឈមនឹងការចាប់ខ្លួនដែរនោះ បក្សប្រឆាំងមួយនេះប្រកាសយកជម្រើស៣គឺប្រមូលស្នាមមេដៃពីអ្នកគាំទ្រដាក់ជូនព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ រកសម្ពាធពីសហគន៍អន្តរជាតិ និងប្រើកម្លាំងអ្នកគាំទ្រធ្វើមហាបាតុកម្មអហិង្សា ដែលគណបក្សនោះគិតថាអាចជំរុញឲ្យស្ថានការណ៍វិលទៅរកស្ថានភាពដើមវិញធានាដល់ការបោះឆ្នោតមួយត្រឹមត្រូវយុត្តិធម៌នៅឆ្នាំ២០១៧និង២០១៨ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ