គណបក្សប្រឆាំងបង្ហាញបេក្ខភាពទៅចរចាជាមួយបក្សកាន់អំណាច

មន្ត្រីជាន់ខ្ពស់មួយរូប​និងជាតំណាងរាស្ត្រគណបក្សប្រឆាំង លោក​ ប៉ុល ហំម (ដោយ ញឹម សុខន)

នៅព្រឹកថ្ងៃពុធនេះ គណបក្សសង្គ្រោះជាតិបានបង្ហាញបេក្ខភាពសម្រាប់ទៅចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈមានការចាប់ខ្លួនតំណាងរាស្ត្រនិងមន្រ្តីសិទ្ធិមនុស្សដែលមជ្ឈដ្ឋានជាច្រើនដាក់ការព្រួយបារម្ភ ហើយជំរុញឲ្យភាគីទាំងពីរវិលចូលតុចរចា។

នៅចំពោះមុខអ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅខាងមុខស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ប្រធានគណៈកម្មការនាយកនៃគណបក្សនេះមានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរក្នុងការបន្តវប្បធម៌សន្ទនាជាមួយនឹងបក្សកាន់អំណាច។ លោកបន្ថែមថាខាងគណបក្សសង្គ្រោះជាតិបានបង្កើតក្រុមការងាររួចហើយដែលមានរូបលោកផ្ទាល់ជាអ្នកដឹកនាំក្នុងការចរចារជាមួយរដ្ឋលេខាធិការក្រសួងមហាផ្ទៃខាងគណបក្សកាន់អំណាច លោក ព្រំ សុខា។

លោកបន្ថែមថា យើងព្យាយាមយើង មិនមែនមិនព្យាយាមទេ ចង់ឲ្យមានការជួបគ្នា ប៉ុន្តែម្ដងថារវល់ទៅ ម្ដងថាយើងលឺព័ត៌មានក្រៅផ្លូវការថាយើងអត់ទាន់មានក្បាលសម្រាប់ចរចារ។ គណបក្សយើងមាន៥៥កៅអីមានអសនៈនៅក្នុងសភា ឯកឧត្តម កឹម សុខា លោកនៅហ្នឹង មិនទាន់ទៅណាហើយក្រៅពីឯកឧត្តម កឹម សុខា ក៏មានអ្នកផ្សេងដែរ

ទោះបីជាយ៉ាងណាគណបក្សសង្រ្គោះជាតិមិនទាន់បង្ហាញពីរបៀបវារៈនៃការចរចានោះទេ ដោយថាគណបក្សទាំងពីរអាចអង្គុយទល់មុខគ្នារកឬសគល់នៃបញ្ហាដែលធ្វើឲ្យឡើងកម្ដៅនយោបាយ ហើយអាចរកដំណោះស្រាយរួម។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង មានប្រសាសន៍ថាការស្នើចរចានយោបាយនេះក្នុងនាមជាក្រុមការងាររបស់គណបក្ស ហើយវាមិនស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់សភាទេ។ ប៉ុន្តែលោកបន្ថែមថាសភាបានទទួលសំណើផ្ទាល់មាត់ពីគណបក្សប្រឆាំងក្នុងការចរចាហើយលោកបានបញ្ជូនសំណើនេះទៅកាន់ភាគីដែលមានអាសនៈភាគច្រើននៅក្នុងសភាហើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាគណបក្សប្រជាជនមិនអាចឆ្លើយតបក្នុងការស្នើចរចានេះបាននៅឡើយទេ ដោយថាបេក្ខភាពលោក ប៉ុល ហំម មិនមែនក្នុងនាមតំណាងរាស្ត្រមតិភាគតិចនោះទេ។ លោកបន្ថែម គណបក្សប្រជាជនគ្មានអ្វីដែលត្រូវចរចាទេ បើគណបក្សប្រឆាំងមិនបង្ហាញពីរបៀបវារៈពិតប្រាកដ។ លោកបន្ថែមថា៖ ច្បាស់លាស់ឥឡូវជជែកគ្នាក្នុងក្របខណ្ឌអ្វី ក្នុងនាមតំណាងថ្នាក់ដឹកនាំតំណាងរាស្រ្តមតិភាគច្រើនឬថ្នាក់ដឹកនាំតំណាងរាស្រ្តមតិភាគច្រើនឬមួយជជែកគ្នារវាងគណបក្សនឹងគណបក្ស អានេះបានយើងឆ្លើយបាន។ ទីពីរចង់ដឹងថាខ្លឹមសារនៃប្រធានបទនៃការជជែកនឹងជជែករឿងអ្វី ព្រោះគណបក្សអត់មានរឿងអ្វីជាមួយគាត់ផងមានតែគ្នាគាត់ល្មើសច្បាប់អាហ្នឹងរឿងគាត់មានរឿងអ្វីជាមួយគណបក្សប្រជាជន

គួរបញ្ចាក់ថាក្រោយពីមានព្រឹត្តិការណ៍តាមចាប់ខ្លួន លោក កឹម សុខា មិនបានសម្រេច គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការមិនចូលប្រជុំសភាជាបណ្តោះអាសន្ននិងប្រកាសប្រើកម្លាំងមហាជនតទល់នឹងកម្តៅនយោបាយនេះ ដែលបក្សប្រឆាំងគិតថាជម្រើសនេះអាចធ្វើឲ្យស្ថានការនយោបាយវិលទៅរកស្ថានភាពដើម ធានាដល់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខប្រកបដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។

ជាមួយគ្នានោះ សហគមន៍អន្តរជាតិដែលជាប្រទេសម្ចាស់ជំនួយបានជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរវិលចូលតុចរចាជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ