ស្ថាបនិកវិទ្យុភាសាចាមថាការបិទវិទ្យុនេះមកពីទំនាស់ដីវិហារបឹងកក់

ស្ថាបនិកនៃវិទ្យុជាភាសាចាម (RADIO SAPCHAM) ថាការបិទកម្មវិធីផ្សាយជាភាសាចាមជាង២០ថ្ងៃមកនេះ ដោយសារមានការផ្សាយផ្ទាល់ពីភាពចម្រូងចម្រាស់នៃគម្រោងធ្វើផ្លូវកាត់វិហារបឹងកក់។

កាលពីដើមខែឧសភា មានភាពចម្រូងចម្រាស់មួយរវាងថ្នាក់ដឹកនាំខ្មែរអ៊ីស្លាមលោក អ៉ះម៉ាត់ យ៉ះយ៉ា និងលោកអូស្មាន ហាស្សាន់ ដោយមួយក្រុមបានគាំទ្រគម្រោងនៃការសាងសងផ្លូវរបស់សាលាក្រុងកាត់វិហារអាល់សារកាល់តំបន់បឹងកក់និងម្ខាងទៀតប្រឆាំងមិនឲ្យធ្វើផ្លូវកាត់វិហារនោះ។

ស្ថាបនិកវិទ្យុភាសាចាមលោក អ៉ះម៉ាត់ យ៉ះយ៉ា ដែលត្រូវបានបិទនៅពេលថ្មីៗនេះ បានប្រាប់វីអូឌីតាមទូរស័ព្ទថា ការបិទនេះគឺបណ្តាលមកពីការផ្សាយកម្មវិធីមួយដែលនិយាយអំពីផលប៉ះពាល់នៃគម្រោងធ្វើផ្លូវកាត់វិហារឥស្លាមបឹងកក់។ លោកបន្ថែមថាម៉ោងផ្សាយកម្មវិធីដោយឥតគិតថ្លៃតាមវិទ្យុ FM ១០៣ MHz គឺជាការផ្ដល់ដោយឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកថាការបិទកម្មវិធីនេះអាចជាការបញ្ជាពីនាយករដ្ឋមន្រ្តី។

លោកបន្ថែមថា៖ “ដោយសារតែគេអញ្ជើញខ្ញុំចូលស្ទូតយោ៣ថ្ងៃ ដូច្នេះហើយខ្ញុំនិយាយអំពីប្រវត្តិបឹងកក់វាយ៉ាងម៉េចៗ ក្រោយមកនិយាយអំពីការធ្វើផ្លូវ វាយ៉ាងម៉េចៗ ហើយយើងចង់បានមតិពីបងប្អូនយើង តើបងប្អូនយើងយល់យ៉ាងម៉េច? អាហ្នឹងជារបៀបប្រជាធិបតេយ្យដល់និយាយទៅ គេឃើញប្រជារាស្រ្តគាំទ្រមិនឲ្យធ្វើផ្លូវច្រើន ខាងនោះគេមិនសប្បាយចិត្តហើយក៏ឲ្យគេបិទទៅ”។

អ្នកគ្រប់គ្រងវិទ្យុជាភាសាចាមលោក ស្លេះ ណាស៊ី សម្ដែងការខកចិត្តចំពោះការបិទម៉ោងផ្សាយកម្មវិធីវិទ្យុជាភាសាចាមនេះ។ លោកបន្ថែមថាការបិទកម្មវិធីនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធទទួលបានព័ត៌មានរបស់ជនជនអ៊ីស្លាម ព្រោះកម្មវិធីនេះនិយាយអំពីការអប់រំផ្នែកធម៌ សាសនា សុខភាព និងបញ្ហាសង្គមមួយចំនួនទៀត។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានលើកឡើងថាក្រសួងមិនបានដឹងពីមូលហេតុនៃការបិទកម្មវិធីវិទ្យុផ្សាយជាភាពចាមនោះទេ ហើយក្រសួងក៏មិនបានបញ្ជាឲ្យបិទដែរ។

ស្ថាបនិកវិទ្យុភាសាចាមបញ្ជាក់ថាកម្មវិធីវិទ្យុជាភាសាចាមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ហើយចាប់ពីឆ្នាំ២០០៨មកលោកនាយករដ្ឋមន្ត្រីបានជួយអន្តរាគមន៍ឲ្យចាក់ផ្សាយដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃតាមរលកវិទ្យុ FM ១០៣ MHz ចាប់ពីម៉ោង៨ទៅម៉ោង៩យប់។ ប៉ុន្តែនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ស្ថានីយ FM ១០៣ MHz បានបញ្ឈប់ការចាក់ផ្សាយកម្មវិធីនេះ ដោយមិនបានប្រាប់មូលហេតុច្បាស់លាស់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ