ព្រះរាជាណាចក្រអច្ឆរិយៈ

បើសិនជាគេដាក់ឈ្មោះប្រទេសមួយថាជា “ព្រះរាជាណាចក្រអច្ឆរិយៈ” នោះគេអាចនឹងស្រមើស្រមៃបានថាគឺជាប្រទេសដែលពោរពេញទៅដោយសុខសន្តិភាពបរិបូរណ៍ទាំងផ្លូវកាយនឹងផ្លូវចិត្ត សមភាពក្នុងប្រព័ន្ធយុត្តិធម៌ ប្រជាពលរដ្ឋទាំងមូលរស់នៅដោយភាពថ្លៃថ្នូរនឹងសមរម្យ សេដ្ឋកិច្ចជាតិមានការរីកចម្រើននឹងលូតលាស់ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិមានភាពរឹងមាំនិងខ្លាំងក្លាគួរអោយជឿទុកចិត្តបាន។

ប៉ុន្តែបើសិនជាគេក្រឡេកមើលបរិបទប្រទេសកម្ពុជាដែលមន្រ្តីរដ្ឋាភិបាលភាគច្រើនជាពិសេសក្រសួងទេសចរណ៍បានឃោសនានឹងផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីវិស័យទេសចរណ៍ថាជា “ព្រះរាជាណាចក្រអច្ឆរិយៈ” នោះ តើកម្ពុជាពិតជាសាកសមនឹងឈ្មោះនេះប្រាកដដែរឬទេ?

សូមស្តាប់ការវិភាគរបស់ខ្ញុំបាទដូចតទៅ៖ ជាប្រទេសដែលល្បីខ្លាំងសឹងតែបាតតារាងខាងអំពើពុករលួយពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ កម្ពុជាក៏មានឈ្មោះអាក្រក់ខាងរំលោភសិទ្ធិមនុស្សផងដែរ។ អង្គការជាតិនិងអន្តរជាតិជាច្រើនបានវាយតម្លៃនិងឲ្យពិន្ទុទាបបំផុតដល់កម្ពុជាលើការរំលោភសិទ្ធិមនុស្ស និទណ្ឌភាព និងអំពើអយុតិ្តធម៌សង្គមផ្សេងៗទៀតដែលមិនបានដោះស្រាយ។

ជារឿយៗនៅកម្ពុជាគេតែងឃើញអ្នកទទួលរងអំពើអយុត្តិធម៌និងអ្នកមានជម្លោះដីធ្លីជាមួយអ្នកមានអំណាចឬឧកញ៉ាតែងតែចេញមកតវ៉ាដើម្បីរកយុតិ្តធម៌សម្រាប់ខ្លួនពួកគាត់និងសហគមន៍ពួកគាត់ ដែលផ្ទុយពីការបានទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងការដោះស្រាយបញ្ហាជូន។ ក្នុងពេលនោះដែរសន្តិសុខស៊ីឈ្នួលឬកងកម្លាំងប៉ូលិសតែងតែបើកការបង្រ្កាបយ៉ាងចាស់ដៃទៅលើពួកគាត់ ដោយយកលេសផ្សេងៗដូចជាចោទពួកគាត់ថាបានរំខានចរាចរណ៏សាធារណៈឬធ្វើអោយខូចសណ្តាប់ធ្នាប់សាធារណៈជាដើម ដើម្បីបានការវាយបំបែកដោយស្របច្បាប់ដែលវាហាក់ផ្ទុយពីរដ្ឋធម្មនុញ្ញដែលធានាអំពីសិទ្ធិជួបប្រជុំ ប្រមូលផ្តុំ នឹងការធ្វើបាតុកម្មដោយសន្តិវិធី។

ប្រទេសកម្ពុជាបើក្រឡេកមើលអំពីវិស័យសេដ្ឋកិច្ចវិញឃើញថាមានការរីកចម្រើនគួរអោយកត់សម្គាល់ក៏ប៉ុន្តែគ្មានសមភាពឡើយចំពោះការវិវត្តទៅមុខ។ ភាគច្រើនអ្នកដែលទទួលបានផលច្រើនជាងគឺជាឈ្មួញធំៗនិងអ្នកមានអំណាចតែមួយក្តាប់តូចប៉ុណ្ណោះ។ ដោយឡែកកសិករនិងប្រជាពលរដ្ឋធម្មតានៅតែទទួលបានផលតិចតួចដដែល។ បញ្ហាតុលាការមិនឯករាជ្យក៏ជាក្តីបារម្ភដ៏សំខាន់មួយដែរ។ នៅកម្ពុជាភាគច្រើននៃចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីគឺជាសមាជិករបស់គណបក្សកាន់អំណាច ហើយជាញឹកញាប់គេតែងឃើញសាលដីកាឬក៏ចំណាត់ការផ្សេងៗមានស្តង់ដារពីរដែលមានលក្ខណៈនយោបាយ និងលំអៀងហួសហេតុ។ ជាក់ស្តែងករណីវាយតំណាងរាស្រ្តពីររូបរបស់គណបក្សសង្គ្រោះជាតិដោយកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី តុលាការចេញសាលដីកាផ្តន្ទាទោសជនល្មើសត្រឹមតែបីឆ្នាំ ហើយអនុវត្តទោសត្រឹមតែមួយឆ្នាំ ខណៈដែលពីរឆ្នាំទៀតត្រូវបានព្យួរ។ បើក្រឡេកមើលមន្រ្តីបក្សសង្គ្រោះជាតិវិញកាលពួកគាត់ធ្វើបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ តុលាការចេញសាលដីកាដាក់ទោសពី៧ទៅ២០ឆ្នាំក្នុងម្នាក់ៗ។

កម្ពុជាក៏ជាប្រទេសដែលមានជនអន្តោប្រវេសន៍រស់នៅច្រើនផងដែរជាពិសេសជនជាតិវៀតណាមដែលជាហានិភ័យដ៏ធំមួយមិនអាចប្រកែកបាន។ អ្នកវិភាគនិងអ្នកសិក្សាផ្នែកអភិវឌ្ឍន៏សង្គមភាគច្រើនតែងផ្តល់អនុសាសន៏ដល់រដ្ឋាភិបាលឲ្យបញ្ជូនជនជាតិវៀតណាមទាំងនោះត្រលប់ទៅស្រុកកំណើតវិញ ចៀសវាងនៅថ្ងៃក្រោយពួកគេទាំងនោះអាចនឹងដណ្តើមទីផ្សារការងាររបស់ពលរដ្ឋខ្មែរឬដែលកាន់តែអាក្រក់ជាងនេះទៀតនោះជនអន្តោប្រវេសន៍វៀតណាមអាចជាអ្នកកំណត់ជោគវាសនារបស់ប្រទេសជំនួសម្ចាស់ប្រទេសខ្លួនឯង ក្រោយពេលដែលពួកគេមានអត្តសញ្ញាណប័ណ្ណនិងមានសិទ្ធិក្នុងការបោះឆ្នោត។

តាមដំណើររៀបរាប់ត្រួសៗនិងដោយសង្ខេបខាងលើ យើងអាចនិយាយបានថាកម្ពុជាហាក់បីដូចជានៅឆ្ងាយពីឈ្មោះថា “ព្រះរាជាណាចក្រអច្ឆរិយៈ” ខ្លាំងណាស់។ ប៉ុន្តែបើសិនណាជាគេវិនិច្ឆ័យតែពីវិស័យទេសចរណ៍តែមួយមុខគត់នោះ ដែលមានប្រាង្គប្រាសាទអង្គរវត្តជាមហាអច្ឆរិយៈវត្ថុគ្មានពីរក្នុងលោកនិងមានឆ្នេរសមុទ្រសក្បុសជាតារារះនាទិសនិរតីកម្ពុជាពិតជាឋានសួគ៍នៃវិស័យទេសចរណ៍ប្រាកដមែន៕

ដោយ Kim Daegu

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ