មេធាវីថាចៅក្រម​ស៊ើប​សួរ​លោក នី ចរិយា បន្ថែម​ដើម្បី​ដាក់​បន្ទុក

លោក នី ចរិយា ក្រោយចេញពីការសាកសួរបន្ថែមនៅសាលាដំបូង កាលពីពេលកន្លងទៅ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនារសៀលនេះបានសួរលោក នី ចរិយា ជាអគ្គលេខាធិការរង គ.ជ.ប បន្ថែមក្នុងការដាក់បន្ទុកទាក់ទងនឹងបទចោទសមគំនិតសូកប៉ាន់សាក្សីដែលពាក់ព័ន្ធនឹងរឿងរ៉ាវអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

ក្រោយបញ្ចប់ការសាកសួរជាងពីរម៉ោង មេធាវីការពារក្តីលោក នី ចរិយា គឺលោក សំ សុគង់ មានប្រសាសន៍ថា ចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ បានសួរលោក នី ចរិយា ដើម្បីដាក់បន្ទុកបន្ថែម តែលោកមេធាវីបញ្ជាក់ថារាល់ចម្លើយដែលលោក នី ចរិយា ឆ្លើយសុទ្ធតែជាចម្លើយដោះបន្ទុក។

លោកមានប្រសាសន៍បន្ថែមថា៖ «សំណួរដែលចៅក្រមសួរថ្ងៃនេះផ្តោតលើសំណួរដាក់បន្ទុក ទាក់ទងទៅនឹងធាតុផ្សំមួយហៅថាជាអ្នកសមគំនិត ជាមេគំនិតក្នុងសំណុំរឿងសូកប៉ាន់សាក្សីហ្នឹង។ ចឹងសួរសំណួរដែលសំខាន់ដែលគេចាប់អារម្មណ៍គឺការទំនាក់ទំនងរវាងលោក នី ចរិយា ជាមួយមន្រ្តីអាដហុក លោក នី ចរិយា ជាមួយមេធាវីអ្នកនាង ខុម ចាន់ស្រីមុំ និងជាមួយមន្រ្តី UN»

លោក សំ សុគង់ បន្ថែមថាតាមចម្លើយរបស់លោក នី ចរិយា បង្ហាញថា លោកមិនពាក់ព័ន្ធនឹងបទចោទសូកប៉ាន់សាក្សីនោះទេ។

លោកបញ្ជាក់ថា៖ «អ្វីដែលកូនក្តីបានឆ្លើយថ្ងៃនេះក៏ដូចឆ្លើយថ្ងៃមុនហ្នឹងមិនមានការជាប់ពាក់ព័ន្ធគ្នាទេ ដោយសារមិនមានចំណុចណាមួយ មិនមានអង្គហេតុណាមួយដែលបង្ហាញថា លោក នី ចរិយា ហ្នឹងបានប្រើពាក្យថាសូកឬប្រើពាក្យថាបញ្ជាឬក៏មានឥទ្ធិពលឲ្យនរណាគេមួយហ្នឹងមិនធ្វើសាក្សីឬមិនឆ្លើយការពិតទេ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា មានប្រសាសន៍តាមប្រព័ន្ធសារអេឡិចត្រូនិចថា ក្រោយការបញ្ចប់ការសាកសួរនារសៀលនេះចៅក្រមស៊ើបនឹងបន្តកិច្ចស៊ើបសួរបន្តនៅពេលក្រោយ។

គួរបញ្ជាក់ថា លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី ហើយកាលពីថ្ងៃទី១៣ ខែមិថុនា លោក នី ចរិយា រួមនិងមន្ត្រីសមាគមអាដហុក៤រូបទៀតបានប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីសុំនៅក្រៅឃុំ ប៉ុន្តែប្រធានអង្គជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ច្រានចោលនូវការស្នើសុំ ដោយសំអាងហេតុផលថា រឿងនេះស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ