​គ.ជ.ប មិនមានចំណាត់ការ​សុំ​ឲ្យ​​លោក នី ចរិយា នៅក្រៅឃុំ​ តាមការស្នើសុំ​

អគ្គលេខាធិការ​រងគជប និង​ជា​អតីត​មន្រ្តីសមាគមអាដហុក លោក នី ចរិយា

មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឲ្យដឹងថាគ.ជ.ប មិនមានចំណាត់ការណាមួយទៅតុលាការដើម្បីជួយអន្តរាគមន៍ លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប នៅក្រៅឃុំនោះទេ។

កាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំគ.ជ.ប បានចុះសួរសុខទុក្ខមន្រ្តីគ.ជ.ប លោក នី ចរិយា។ លោក នី ចរិយា បានស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នគ.ជ.ប ជួយឲ្យលោកបាននៅក្រៅឃុំដើម្បីបន្តការងាររបស់លោក។

អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា គ.ជ. ប មិនមានចំណាត់ការណាមួយចំពោះករណីលោក នី ចរិយា ទេ ដោយលើកឡើងថាសកម្មភាពដែលលោក នី ចរិយា ធ្វើ និងករណីដែលតុលាការចោទប្រកាន់នោះ មិនបានស្ថិតនៅក្នុងការចាត់តាំងឬបញ្ជាដោយស្ថាប័ន គ.ជ.ប ។ លោកមានប្រសាសន៍ថា៖ “អញ្ចឹងអ្វីដែលជាសកម្មភាពចុងក្រោយនេះ គឺជាឯកជនរបស់គាត់ទេ ហើយបើគិតពីច្បាប់ប្រសិនជា គ.ជ.ប បង្គាប់ ឬក៏ចាប់ឲ្យគាត់ទៅធ្វើរឿងអីមួយនោះ  គ.ជ.បមានតួនាទីក្នុងការការពារទទួលខុសត្រូវ ទៅលើការចាត់ការរបស់ខ្លួន។ ប៉ុនអញ្ចឹងគ.ជ.បបញ្ជាក់ជំហរថាសកម្មភាពដែលតុលាការចោទប្រកាន់នេះ គឺមិនមែនជាការបម្រើការងារបោះឆ្នោតទេគឺជាកិច្ចការផ្ទាល់ខ្លួនរបស់គាត់”

កាលពីថ្ងៃទី២ ខែមិនថុនា សាលាដំបូងរាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតឲ្យលោក នី ចរិយា នៅក្រៅឃុំ ក្រោមមូលហេតុថាបារម្ភខ្លាចពីសុវត្ថិភាពនិងសន្តិសុខរបស់លោក នី ចរិយា និងបារម្ភថាលោកមិនបង្ហាញខ្លួននៅតុលាការ។

មេធាវីលោក នី ចរិយា គឺលោក សំ សុគង់ មានប្រសាសន៍ថាលោកបានប្តឹងឧទ្ធរណ៍ហើយសាលាឧទ្ធរណ៍បានកំណត់ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង៨ព្រឹក បើកសវនាការសុំនៅក្រៅឃុំរបស់លោក នី ចរិយា។ លោកបញ្ជាក់ថាលោកសង្ឃឹមថាកូនក្តីរបស់លោកបាននៅក្រៅឃុំ ដោយសារតែលោកមានតួនាទីច្បាស់លាស់នៅស្ថាប័នឯករាជ្យ ជាអតីតមន្រ្តីសង្គមស៊ីវិលដែលមេធាវីថាមិនដែលមានសត្រូវនោះទេ។ លោកមេធាវីបន្តថាលោក នី ចរិយា មានក្រុមគ្រួសារនិងអាស័យដ្ឋានច្បាស់លាស់ដែលលោកថាមិនអាចគេចខ្លួននោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោក នី ចរិយា មន្រ្តីអាហុក៤រូប ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ