ប្រធានបេសកកម្មជប៉ុននៃកិច្ចពិភាក្សា ៦ភាគី សម្រាប់រំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បាននិយាយនៅក្រោយជំនួបជាមួយភាគីអាមេរិក និងកូរ៉េខាងត្បូង នាថ្ងៃពុធនេះថា មហិច្ឆិតាអនុវត្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង មិនត្រូវបានគេអនុគ្រោះនោះឡើយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មន្ត្រីកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានប៉ុនប៉ងបាញ់គ្រាប់មីស៊ីមួយគ្រាប់កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ចេញពីឆ្នេរភាគខាងកើតប្រទេស ប៉ុន្តែ ការបាញ់នោះហាក់ទទួលបរាជ័យ ដែលនេះគឺជាការសាកល្បងគ្រាប់មីស៊ីលមិនទទួលបានភាពជោគជ័យជាថ្មីម្ដងទៀតរបស់ប្រទេសឯកោមួយនេះ។
លោក Kamihiro Ishikane ប្រធានការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្ររបស់ក្រសួងការបរទេសជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសទាំងបីបានឯកភាពថា មិនអធ្យាស្រ័យដល់កូរ៉េខាងជើង ដែលប្រកាន់ជំហរបន្តកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួន។
លោកបន្ថែមថា ប្រទេសទាំងបីឯកភាពបង្កើនសម្ពាធទៅលើកូរ៉េខាងជើង ដើម្បីឲ្យដោះស្រាយបញ្ហានេះ៕