លោក សម រង្ស៊ី ផ្ញើលិខិត​ទៅ​នាយករដ្ឋមន្រ្តី ក្រោយលោក ​ហ៊ុន សែន ចង់ឲ្យ​បក្ស​ប្រឆាំងប៉ះប៉ូវ

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានចេញលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានសម្តែង”ការសោកស្តាយយ៉ាងខ្លាំង”ចំពោះទង្វើរបស់ជនណាដែលលោកថាបានប្រើពាក្យពេចន៍មិនសមរម្យលើក្រុមគ្រួសាររបស់នាយករដ្ឋមន្រ្តី។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៤ ខែមិថុនា ពីទីក្រុងវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិក លោក សម រង្ស៊ី បានសរសេរថា៖ “ក្នុងនាមថ្នាក់ដឹកនាគណបក្សសង្រ្គោះជាតិនិងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ថ្លៃថ្នូរ ប្រមាថនិងចោទប្រកាន់មកលើកូនប្រុសរបស់សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលធ្វើឲ្យសម្តេចនិងក្រុមគ្រួសារទទួលនូវការឈឺចាប់”។ លិខិតបន្តថា៖ “ខ្ញុំសូមបញ្ជាក់ជាថ្មីទៀតជូនសម្តេចជ្រាបថាគោលនយោបាយគណបក្សសង្រ្គោះជាតិប្រឆាំងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡយាណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ។ យើងខ្ញុំសូមចូលរួមរំលែកនូវការឈឺចាប់ជាមួយសម្តេចហើយនិងថ្កោលទោសចំពោះទង្វើអសីលធម៌ទាំងឡាយណាដែលធ្វើឲ្យប៉ះបាំល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចនិងក្រុមគ្រួសារ”

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់វីអូឌីនៅល្ងាចថ្ងៃអង្គារនេះថាលិខិតរបស់លោក សម រង្ស៊ី គ្រាន់តែចង់បង្ហាញពីភាពគោលការណ៍ផ្នែកសីលធម៌របស់គណបក្ស ដោយលោកបានបដិសេធមិនអត្ថាធិប្បាយបន្ថែមលើខ្លឹមសារលិខិតនេះ។ លោកបញ្ជាក់ថា៖ “ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយលើសពីនេះនោះទេ។ កន្លងទៅសម្តេចបានផ្តោតទៅលើការចោទប្រកាន់ដែលមានឥទ្ធិពលលើគណបក្សសង្រ្គោះជាតិ ដូច្នេះឯកឧត្តមសម រង្ស៊ី ក្នុងនាមជាប្រធានគណបក្ស ក្នុងនាមថ្នាក់ដឹកនាគណបក្ស ចាំបាច់បញ្ជាក់ពីគោលការណ៍ផ្នែកសីលធម៌របស់បក្ស ដើម្បីឲ្យសម្តេចមានភាពកក់ក្តៅ”។

លោក សម រង្ស៊ី បានចេញលិខិតមួយច្បាប់នេះ មួយថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន កាលពីថ្ងៃចន្ទ បានថ្លែងថាលោកធ្លាប់បានត្រៀមខ្លួនចុះហត្ថលេខាដើម្បីជួយសម្រួលការសម្រាលទោសនិងការឲ្យនៅក្រៅឃុំរបស់មនុស្សមួយចំនួន ស្របពេលលោកប្រតិកម្មនឹងបក្សប្រឆាំង ករណីដែលលោកថាបក្សប្រឆាំងបានប្រមាថគ្រួសាររបស់លោកនិងរឿងរិះគន់ចំណាររបស់លោកលើព្រះរាជសារព្រះមហាក្សត្រ។ លោកបានថ្លែងដោយមិនបញ្ចេញឈ្មោះថាមេដឹកនាំសង្រ្គោះជាតិនិងសកម្មជនរបស់បក្សបានចោទភរិយារប់លោកជាប្រពន្ធរបស់មេដឹកនាំវៀតណាមម្នាក់និងមានកូនប្រុសម្នាក់ គឺលោក ហ៊ុន ម៉ាណែត។ លោកថានេះជាការប្រមាថដែលមិនអាចអត់ឱនឲ្យបាននោះទេ។

លោក ហ៊ុន សែន បានថ្លែងថា៖ “ពីមុនខ្ញុំបានត្រៀមខ្លួនដើម្បីចុះហត្ថលេខាមួយចំនួន សម្រួលឲ្យបរិយាកាសខ្លះ អាខ្លះវាជាប់គុកតិចតួច អាខ្លះវាអាចសុំនៅក្រៅឃុំ សំឡេងខ្ញុំអាចសម្រួលខ្លះ ស្នើសុំទៅកាន់តុលាការដើម្បីសុំឲ្យនៅក្រៅឃុំ។ យើងសុំគេ មិនមែនបញ្ជាគេទេ”

លោក ហ៊ុន សែន ថាករណីនេះត្រូវមានការប៉ះប៉ូវមួយសម្រាប់រូបលោកនិងគ្រួសាររបស់លោក។ លោកមានប្រសាសន៍ថា៖ “អ្នកឯងត្រូវប៉ះប៉ូវតម្លៃដ៏ធំមួយឲ្យខ្ញុំ បើគ្មានការតបស្នងណាមួយ… អ្នកឯងកុំសង្ឃឹម អាណាជាប់គុក៣០ឆ្នាំ គឺ៣០ឆ្នាំ គ្មានត្រូវការបានការយោគយល់អីទេ”

ទោះជាយ៉ាងណា លោក ហ៊ុន សែន បាននិយាយថាការចរចាជាមួយគណបក្សសង្រ្គោះជាតិនឹងមិនមាននោះទេ ប្រសិនបើរបៀបវារៈនៃការចរចានោះទាក់ទងនឹងចំណាត់ការរបស់តុលាការ ដោយលោកព្រមានមិនអត់ឱននោះទេ ប្រសិនបើមានបាតុកម្ម។

កាលពីថ្ងៃទី១២ ខែឧសភា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ច្រានចោលការចោទប្រកាន់មួយណាមួយដែលថាគណបក្សនេះបានប្រឌិតរឿងថាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីមិនមែនជាកូនបង្កើតរបស់លោក តែជាកូនរបស់មេដឹកនាំវៀតណាមម្នាក់ទៅវិញ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រមួយថាពួកប្រឆាំងបានប្រឌិតរឿងថាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹងនាំវៀតណាម។ លោកថ្លែងកាលនោះថា៖ “នេះជារឿងអាណោចអាធមប៉ុន្តែខ្ញុំអត់នឹកថាពួកប្រឆាំង អាចធ្វើអំពើថោកទាបបែបនេះ។ដូច្នេះខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយដូចខ្ញុំបាននិយាយហើយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកសុខ ដែរ។ ថ្នាក់ដល់កម្រិតថា កូនរបស់ខ្ញុំនេះ ប្រពន្ធខ្ញុំជាប្រពន្ធរបស់មេដឹកនាំ វៀតណាម ណាមួយនោះ។ រួចហើយបានកូន ហ៊ុន ម៉ាណែតនេះ យកទៅឲ្យ សុខ អាន ចិញ្ចឹម។ គេអាចមួលបង្កាច់បែបនេះទៅរួច”

គួរបញ្ជាក់ថាកន្លងមកនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការលើកឡើងថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មន្ត្រីយោធាជាន់ខ្ពស់របស់វៀតណាម គឺលោក ឡេដឹកថូ។ ដោយសារតែមានការលើកឡើងនេះ លោកនាយករដ្ឋមន្ត្រីថា កូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទាមទារឲ្យមានការពិនិត្យលើDNA ដើម្បីបញ្ជាក់ការពិតផងដែរ តែលោកថា លោកមិនឲ្យកូនប្រុសរវល់ជាមួយរឿងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ