លោក សម​ រង្ស៊ី ប្តេជ្ញាចូលស្រុកឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់

លោក សម រង្ស៊ី កាលពីពេលកន្លង

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រាប់សារព័ត៌មានបរទេសថាលោកនឹងវិលត្រឡប់មកកម្ពុជាវិញឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាឆ្នាំ២០១៧។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានReutersនៅប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ សារព័ត៌មានបានដកស្រង់ពាក្យសម្តីលោក សម រង្ស៊ី ថាលោកជឿជាក់ថាលោក ហ៊ុន សែន នឹងអនុញ្ញាតឲ្យលោកត្រឡប់មកកម្ពុជាវិញដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ក៏ដូចជាតិការបោះឆ្នោតជាតិឆ្នាំ២០១៨ បើមិនដូច្នោះ សមាគមន៍អន្តរជាតិនឹងមិនយល់ថាការបោះឆ្នោតនោះស្របច្បាប់ទេ។VOD Hot News App

គណបក្សសង្រ្គោះជាតិបានលើកឡើងថាគណបក្សនឹងចរចាជាមួយគណបក្សកាន់អំណាច ដើម្បីបើកផ្លូវឲ្យលោក សម រង្ស៊ី អាចចូលស្រុកវិញបាន។ លោក ហ៊ុន សែន ធ្លាប់ប្រកាសកាត់ដៃរបស់លោកចោល ប្រសិនបើលោកលើកលែងទោសឲ្យ លោក សម រង្ស៊ី។

លោក សម រង្ស៊ី បាននិរទេសខ្លួននៅក្រៅប្រទេសតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការចេញដីកាចាប់ខ្លួនរូបលោក ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។

នៅថ្ងៃទី២៩និងទី៣០ ខែមិថុនា លោក សម រង្ស៊ី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនទៀត បានជួបប្រជុំគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីពិគ្រោះទៅលើបញ្ហាជាក់ស្តែងដែលគណបក្សបានជួបប្រទះនិងរកមធ្យោបាយដើម្បីដោះស្រាយ។ សេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ គណបក្សសង្គ្រោះជាតិបានឲ្យដឹងកិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើការវិភាគនិងវាយតម្លៃពីស្ថានភាពនយោបាយបច្ចុប្បន្ននិងផែនការយុទ្ធសាស្ត្រដែលត្រូវយកមកពិភាក្សាអនុម័តនៅក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សនៅថ្ងៃសុក្រស្អែកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ